30 C
Phnom Penh

លោក ហ៊ុន សែន ព្រមានប្រពន្ធ និងកូនរបស់មន្ត្រីរដ្ឋាភិបាលមួយចំនួនថា កុំយកតួនាទី​ទៅប្រើធ្វើឱ្យ​ប៉ះពាល់សេចក្តីសុខពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បានយកតួនាទីប្តី ឬ ឪពុក ទៅប្រើប្រាស់ និងរកស៊ីផ្ទាល់ខ្លួនដូចជាដីធ្លី ជាដើម ដែលធ្វើឱ្យលំបាកក្នុងការអនុវត្តច្បាប់ ព្រមទាំងប៉ះពាល់សេចក្តីសុខរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រឱ្យនិស្សិតនៅសាលាភូមិន្ទរដ្ឋបាល កាលពីព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈនេះ លោក ហ៊ុន សែន ព្រមានថា លោកនឹងបន្តវះកាត់មន្ត្រីទាំងឡាយណាដែលពើងទ្រូងតាំងខ្លួនជាចៅហ្វាយនាយរបស់ពលរដ្ឋបន្ថែមទៀត។

បន្ថែមពីនេះ លោកធុញទ្រាន់នឹងមន្ត្រីដែលមានសមាជិកក្រុមគ្រួសារលូកដៃចូលពាក់ព័ន្ធនៅក្នុងការគ្រប់គ្រង និងដឹកនាំនៅក្នុងស្ថាប័នរដ្ឋ ដោយថា បញ្ហានេះជាផ្នែកមួយបង្កឱ្យពលរដ្ឋស្អប់ថ្នាក់ដឹកនាំ។

លោក ហ៊ុន សែន ប្រាប់ទៅមន្ត្រីរបស់ខ្លួនទាំងអស់ថា ពលរដ្ឋខ្មែរស្អប់បំផុតប្តីសក្តិ៣ ប្រពន្ធសក្តិ៤ ហើយកូនសក្តិ៥ និងបានព្រមានជាប្រយោលថា លោកធុញទ្រាន់នឹងមន្ត្រីដែលបើកដៃឱ្យប្រពន្ធធ្វើជាឈ្មួញដីបង្កឱ្យមានជម្លោះដីធ្លីកើតឡើងនៅតំបន់មួយចំនួនក្នុងប្រទេស ហើយពួកគេទាំងនោះក៏បានធ្វើរឿងមិនគប្បីផ្សេងៗទៀត ដែលធ្វើឱ្យពលរដ្ឋ ស្អប់ដល់រូបលោកផងដែរ។

កាលពីពេលកន្លងមក ប្រពន្ធរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន បានធ្វើឱ្យពលរដ្ឋរងទឹកភ្នែក ដោយសារបានរំលោភដីធ្លីរបស់ពួកគាត់។ ប្រពន្ធមន្ត្រីជាន់ខ្ពស់ទាំងនោះ រួមមានប្រព័ន្ធរបស់សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា លោក ឡៅ ម៉េងឃីន ដែលមានឈ្មោះ ជឹង សុភាព ហៅយាយភូ ក៏បានរៀបចំអភិវឌ្ឍន៍តំបន់បឹងកក់ ដោយរំលោភដីធ្លី និងផ្ទះពលរដ្ឋរាប់រយគ្រួសារ ហើយវិបត្តិដីធ្លីនេះបន្តអូសបន្លាយជាង១០ឆ្នាំ។

ប្រពន្ធរបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល គឺអ្នកស្រី ជា ខេង ក៏បានបង្កើតវិបត្តិដីធ្លី តាមរយៈក្រុមហ៊ុនរបស់អ្នកស្រីឈ្មោះ ក្រុមហ៊ុន KDC នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយធ្វើឱ្យពលរដ្ឋជិត៥០គ្រួសាររងផលប៉ះពាល់ លើទំហំដីជាង ១០០ហិកតា។

ជម្លោះដីធ្លីមួយនេះ បានអូសបន្លាយជាង ១០ឆ្នាំមកហើយ ដែលធ្វើឱ្យតំណាងអ្នកតវ៉ាជិត ១០នាក់ជាប់ពន្ធនាគារ ហើយមានពលរដ្ឋជាច្រើនទៀតធ្លាប់រងរបួសតាមរយៈការធ្វើទុក្ខបុកម្នេញទៅលើពលរដ្ឋពេលមានការតវ៉ា។ លើសពីនេះ មានពលរដ្ឋជាច្រើននាក់ផ្សេងទៀតជាប់              បណ្តឹងនៅតុលាការដោយសារបណ្តឹងរបស់អ្នកស្រី ជា ខេង។

ជាងនេះទៀត ក៏មានប្រពន្ធ និង កូន របស់មន្ត្រីរដ្ឋាភិបាលជាច្រើននាក់ផ្សេងទៀត ក៏បានបង្កភាពស្មុគ្រស្មាញក្នុងការអនុវត្តច្បាប់ ព្រមទាំងធ្វើឱ្យពលរដ្ឋទឹកភ្នែកជារឿយៗ ដោយសារយកតួនាទីឪពុកឬ ប្តីទៅប្រើប្រាស់ក្នុងជំនួញរបស់ពួកគេទាំងបំពានច្បាប់ បណ្តាលឱ្យប៉ះពាល់សេចក្តីសុខរបស់ពលរដ្ឋទន់ខ្សោយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស