37 C
Phnom Penh

លោក ហ៊ុន សែន អះអាងថានឹងមិនបណ្តោយឱ្យបរទេសជ្រែតជ្រែកកិច្ចការផ្ទៃក្នុងឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីទៀតថាលោក នឹងមិនលើកលែងឲ្យជនទាំងឡាយណា ដែលធ្វើសកម្មភាពបំបែកបំបាក់ជាតិនោះឡើយ ហើយលោក ក៏មិនផ្ដល់ឱកាសឲ្យបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះដែរ។

ថ្លែងពីខេត្តបន្ទាយមានជ័យក្នុងឱកាសសម្ពោធផ្លូវជាតិលេខ៥៨ ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង នៅថ្ងៃពុធនេះ បុរសខ្លាំងនៅកម្ពុជា អះអាងថា លោកនឹងមិនអត់ឱនឲ្យទង្វើណានាំទៅរកការបែកបាក់ជាតិ ហើយលោកនឹងមិនបណ្តោយឲ្យបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលនាំទៅដល់ចលាចល និងបាត់បង់សន្ដិភាពនោះដែរ។

កន្លងមកកម្ពុជា តែងចោទទៅសហគមន៍លោកសេរី រួមមានសហភាពអឺរ៉ុប សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិជាដើមថាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា នៅពេលពួកគេចេញសេចក្តីថ្លែងការណ៍ជំរុញឱ្យកម្ពុជាដើរលើផ្លូវគន្លងប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សផងនោះ។

កម្ពុជាតែងចោទសេចក្តីថ្លែងការណ៍ពួកគេទាំងនោះថាធ្វើឡើងមានចរិកនយោបាយ និងកំពុងលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជាទៀតផង។

លោកហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី៣ ដែលត្រូវបានរដ្ឋាភិបាលវៀតណាមលើកបន្តប់នៅឆ្នាំ១៩៨៥ ក្នុងសម័យកម្ពុជាក្រោមការគ្រប់គ្រងរបស់វៀតណាម ក្រោយពេលនាយករដ្ឋមន្ត្រីទី១ លោក ប៉ែន សុវណ្ណ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួនក្នុងគុកងងឹតនៅប្រទេសវៀតណាម និងបន្ទាប់ពីនាយករដ្ឋមន្ត្រីទី ២ នាសម័យវៀតណាមគ្រប់គ្រងកម្ពុជានោះឈ្មោះ ចាន់ ស៊ី ត្រូវបានស្លាប់យ៉ាងអាថ៌កំបាំង។

ដោយសារតែបុរសខ្លាំងរូបនេះ បានឡើងកាន់អំណាចព្រោះវៀតណាមជួយជ្រោមជ្រែងនោះ នាំឲ្យអ្នកវិភាគនយោបាយមួយចំនួនលើកឡើងថា កម្ពុជាពិបាកនឹងកាត់ផ្តាច់នូវឥទ្ធិពលវៀតណាម ពោលគឺបញ្ហាផ្ទៃក្នុងកម្ពុជានៅតែត្រូវបានវៀតណាមជ្រៀតជ្រែកផងដែរនោះ។

ជាក់ស្តែងរាល់ការសម្រេចចិត្តធំៗ ពិសេសបញ្ហាព្រំដែនជាមួយវៀតណាម ត្រូវបានគេមើលឃើញថាកម្ពុជាចាញ់ប្រៀបវៀតណាមរហូតមក ហើយរដ្ឋាភិបាលលោកហ៊ុន សែន តែងការពារវៀតណាមនិងបង្ក្រាបសំឡេងប្រឆាំងដែលហ៊ានរិះគន់បញ្ហាព្រំដែនទៀតផង។

លើសពីនេះ អន្តោប្រវេសន៍វៀតណាមរស់នៅខុសច្បាប់នៅកម្ពុជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកុម្មុយនីស្តវៀតណាមតែងផ្តាំផ្ញើរឱ្យមើលថែទាំងពលរដ្ឋរបស់គេ ព្រមទាំងទទួលដល់ថ្នាក់ដឹកនាំខ្មែរឱ្យផ្តល់សញ្ញាតិឬ ភាពស្របច្បាប់ដល់ជនអន្តោប្រវេសន៍វៀតណាមទាំងនោះម្តងហើយម្តងទៀត ខណៈរដ្ឋាភិបាលលោកហ៊ុន សែន មិនដែលស្នើសុំឱ្យវៀតណាមមើលថែពលរដ្ឋខ្មែរកម្ពុជាក្រោម និងបញ្ឈប់ការធ្វើទុក្ខបុកប្នេញលើពួកគេម្តងណាឡើយ។

ជាងនេះទៀត ក្រោយការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីចុងឆ្នាំ២០១៨ អំពីលទ្ធភាពនៃការកកើតនូវមូលដ្ឋានយោធាចិននៅលើទឹកដីខ្មែរនាទឹកដីខេត្តកោះកុង មន្ត្រីជាន់ខ្ពស់វៀតណាមបានកោះអញ្ជើញមន្ត្រីជាន់ខ្ពស់ខ្មែរ រាប់ចាប់តាំងពីឋានៈរដ្ឋមន្ត្រី ឧបនាយកមន្ត្រី នាយករដ្ឋមន្ត្រី ព្រះមហាក្សត្រ និងសម្តេចសង្ឃ ទៅកាន់ទឹកដីវៀតណាមជាបន្តបន្ទាប់។

ភាគច្រើននៃដំណើរទស្សនៈកិច្ចការទូតពេលនោះ កម្ពុជាបានបកស្រាយអំពីបញ្ហាមូលដ្ឋានយោធាចិននេះ ប្រាប់មេដឹកនាំចិនម្តងហើយម្តងទៀត ដោយទំនងវៀតណាមហៅមេដឹកនាំកម្ពុជា ទៅដើម្បីបញ្ជាក់ជំហឱ្យច្បាស់អំពីបញ្ហានេះ។

ក្រៅពីឥទ្ធិពលវៀតណាម បច្ចុប្បន្នកម្ពុជា ក៏ត្រូវបានអ្នកឃ្លាំមើលនយោបាយលើកឡើងថាកម្ពុជាក៏ចាប់ផ្តើមមានទំនោផ្អៀងខ្លាំងទៅរកចិន ដោយទំនេរនេះក៏អាចនឹងធ្វើឱ្យកម្ពុជាអាចឈានទៅបាត់បង់ភាពម្ចាស់ការថែមទៀតផង៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស