28 C
Phnom Penh

ក្រសួងព័ត៌មាន យល់ព្រមឱ្យវិទ្យុសំបុកឃ្មុំផ្សាយបន្តពីវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA និង ពង្រីកការផ្សាយវិទ្យុទៅតាមបណ្តាខេត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានយល់ព្រមឱ្យ អគ្គនាយកវិទ្យុសំបុកឃ្មុំអាចទទួលផ្សាយបន្តវិទ្យុសំឡេងសហរដ្ឋអាមេរិក និងយល់ព្រមឱ្យវិទ្យុមួយនេះ អាចបើកស្ថានីយវិទ្យុផ្សាយបន្តទៅតាម  បណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ។

ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជាហៅកាត់ថា AKP បានឱ្យដឹងថាការសម្រេចយល់ព្រមនេះធ្វើឡើង ក្នុងជំនួបរវាងសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងជាប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សុណង់ដូ ជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីថ្ងៃម្សិលមិញ។  

ប្រភពដដែលបញ្ជាក់ទៀតថា នីតិវិធីបន្តប្រធានវិទ្យុសំបុកឃ្មុំ ត្រូវរៀបចំឯកសារច្បាប់ ទាំងការជួលម៉ោងផ្សាយបន្តឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA) និងការបើកស្ថានីយវិទ្យុផ្សាយបន្ត នៅតាមបណ្តាខេត្ត មួយចំនួនទៀត ដើម្បីផ្ញើមកក្រសួងព័ត៌មានក្នុងការពិនិត្យឱ្យបានត្រឹមត្រូវ។

AKP ឱ្យដឹងថាការយល់ព្រមរបស់លោក ខៀវ កាញារីទ្ធនេះ បន្ទាប់ពីប្រធានគណបក្ស សំបុកឃ្មុំ និងជាអគ្គនាយក វិទ្យុសំបុកលោក  ម៉ម សូណង់ដូ បានស្នើសុំក្រសួងព័ត៌មាន ពង្រីកការផ្សាយវិទ្យុ សំបុកឃ្មុំទៅតាមបណ្តាខេត្តមួយចំនួនទៀត ព្រមទាំងការស្នើសុំឱ្យមានការផ្សាយបន្តពីវិទ្យុ សំឡេងសហរដ្ឋអាមេរិក(VOA) នៅក្នុងកម្មវិធីផ្សាយរបស់ខ្លួន ដូចកាលពីមុនចុងឆ្នាំ២០១៧។

លោក ម៉ម សូណង់ដូ បញ្ជាក់ថា ការពង្រីកការផ្សាយរបស់វិទ្យុសំបុកឃ្មុំនៅតាមបណ្ដាខេត្ដផ្សេងទៀតនេះ គឺដើម្បីផ្ដល់ឱកាសឱ្យដល់ប្រជាពលរដ្ឋអាចបើកស្ដាប់បានកាន់តែទូលំទូលាយបន្ថែមទៀត។

ការពីចុងឆ្នាំ២០១៧ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានសម្រេចបិទស្ថានីយផ្សាយបន្តនូវព័ត៌មានវិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិកVOD វិទ្យុសំឡេងប្រជាធិបតេយ្យVOD និងវិទ្យុដែលផ្សាយបន្តកម្មវិធីគណបក្សសង្រ្គោះជាតិជាង៣០ ស្ថានីយក្រោមហេតុផលថាស្ថានីយវិទ្យុបំពានច្បាប់។

ការសម្រេចបិទនោះ លើកលែងតែវិទ្យុសំបុកឃ្មុំ និងវិទ្យុស្ត្រី១០២ ពេលនោះប៉ុណ្ណោះដែលអាចដំណើរការផ្សាយបាន ប៉ុន្តែវិទ្យុទាំងនេះក៏មិនអនុញ្ញាតឱ្យផ្សាយបន្តព័ត៌មានវិទ្យុឯករាជ្យទៀតនោះឡើយ។

កាលពីចុងឆ្នាំមុន ជំនួបមួយរវាងលោក ខៀវ កាញារីទ្ធ និងអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy គឺភាគីទាំងពីរបានជជែកអំពីការស្នើឱ្យកម្ពុជាអនុញ្ញាតឱ្យវិទ្យុគាំទ្រដោយអាមេរិកទាំងពីរនេះ អាចបើកការិយាល័យនៅកម្ពុជាឡើងវិញ និងអនុញ្ញាឱ្យវិទ្យុក្នុងស្រុកមួយចំនួនជួលម៉ោងផ្សាយបន្តព័ត៌មានវិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ(VOA)។

ក្រោយមក តំណាងវិទ្យុទាំងពីរក៏បានជួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មានជាបន្តបន្ទាប់ ដោយស្នើសុំលើបញ្ហានេះ ហើយលោកខៀវ កាញារីទ្ធ យល់ព្រម ប៉ុន្តែស្នើឱ្យពួកគេសុំច្បាប់សុំអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន ហើយសម្រាប់វិទ្យុអាស៊ីសេរីត្រូវលុបចោលនូវការប្រើប្រាស់ពាក្យ «របបក្រុងភ្នំពេញ» ឬពាក្យ «របបលោក ហ៊ុន សែន» ចេញពីសេចក្ដីរាយការណ៍របស់ជាមុនសិន ទើបអាចជជែកគ្នាបន្តទៀតបាន។

បច្ចុប្បន្នក្រសួងព័ត៌មាន បានផ្តល់អាជ្ញាប័ណ្ណ និងភាពស្របច្បាប់ដល់ វិទ្យុវីអូអេ ក្នុងដំណើរការផលិតព័ត៌មានប្រចាំថ្ងៃក្នុងប្រទេសកម្ពុជា ដោយឡែកវិទ្យុអាស៊ីសេរីនៅមិនទាន់ទទួលបានភ្លើងខៀវណាមួយនៅឡើយទេ ស្របពេលវិទ្យុនេះនៅតែបន្តប្រើពាក្យរបបក្រុងភ្នំពេញ ឬ របបលោក ហ៊ុន សែន ឥតឈប់ឈរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស