27 C
Phnom Penh

លោកហ៊ុន សែន កាន់តែបារម្ភពីបញ្ហាកង្វះវត្ថុធាតុដើម ដែលធ្វើឱ្យរោងចក្រកាត់ដេរបិទទ្វា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃនេះ បានបង្ហាញក្តីបារម្ភកាន់តែខ្លាំងបន្ថែមទៀត អំពីដំណើរការឈានទៅបិទទ្វាររោងចក្រកាត់ដេរមួយចំនួននៅកម្ពុជា ដោយសារតែបញ្ហាកង្វះវត្ថុធាតុដើម បើទោះបី ជាលោកថារដ្ឋាភិបាលខ្លួនបានត្រៀមវិធានការគ្រប់គ្រាន់ដើម្បីជួយអ្នកវិនិយោគ និងកម្មករក្តី។

ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ផ្លូវមួយខ្សែនៅខេត្តបន្ទាយមានជ័យ នាថ្ងៃពុធនេះ លោក ហ៊ុន សែន បានអំពាវនាវទៅមហាមិត្តចិន តាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន (Wang Wentian) ឱ្យជួយវិស័យកាត់ដេរនៅកម្ពុជាជាបន្ទាន់ ដោយស្នើឱ្យចិនពន្លឿនការផ្តត់ផ្គង់វត្ថុធាតុដើមដល់កម្ពុជាតាមដែលអាចធ្វើទៅបាន។

លោកសង្ឃឹមថា ចិននឹងចូលរួមចំណែកជួយដល់កម្ពុជា ដោយបញ្ជូនវត្ថុធាតុដើម តាមនាវាក្តីឬ យន្តហោះក្តី  ឱ្យបានលឿន ដើម្បីសង្គ្រោះកុំឱ្យរោងចក្រមួយចំនួននៅកម្ពុជាត្រូវបិទទ្វា

សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅ GMAC បានជូនដំណឹងរួចហើយថា រោងចក្រមួយចំនួននឹងត្រូវព្យួរការងារ ខ្លះទៀតនឹងត្រូវបិទទ្វារ ចាប់ពីចុងខែកុម្ភៈនេះ និងចាប់ពីដើមខែមីនាទៅ ដោយសារកង្វះវត្ថុធាតុដើមប្រមាណជា៦០ភាគរយផ្គត់ផ្គង់ពីប្រទេសចិន បន្ទាប់ពីប្រទេសកុម្មុយនីស្តមួយនេះ កំពុងកើតមានវិបត្តិជំងឺកូរ៉ូណា បណ្តាលឱ្យរោងចក្រផលិតវត្ថុធាតុដើមជាច្រើនបានបិទទ្វា។

ក្រៅពីវិបត្តិកូរ៉ូណា ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យកាត់ដេរនៅកម្ពុជា បញ្ហាអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ កាលពីថ្ងៃទី ១២ កុម្ភៈ ត្រូវបានលោក ហ៊ុន សែន ទទួលស្គាល់ថា នឹងប៉ះពាល់ដល់រោងចក្រមួយចំនួនផងដែរ។ យ៉ាងនេះក្តី លោក ហ៊ុន សែន បញ្ជាក់ជំហថា ទោះបីជាកម្ពុជាត្រូវរងផលប៉ះពាល់ពីការព្យួរពន្ធ ២០ភាគរយនេះក៏ដោយ ប៉ុន្តែលោកគ្មានហេតុផលណាត្រូវចរចារ ឬ សុំការយោគយល់ពីអឺរ៉ុបដើម្បីភាពអនុគ្រោះនេះមកវិញឡើយ។

កាលពីថ្ងៃច័ន្ទ លោក ហ៊ុន សែន ក៏បានប្រកាសប្រាប់កម្មករកុំឱ្យមានក្តីបារម្ភចំពោះបញ្ហាទាំងនេះ ដោយរដ្ឋាភិបាលធានាសុវត្ថិភាពកម្មករ ព្រោះរដ្ឋាភិបាលលោកមានសមត្ថភាពគ្រប់គ្រាន់។

លោកបានដាក់ចេញនូវវិធានការមួយចំនួនចំពោះរោងចក្រសហគ្រាស ដែលរងផលប៉ះពាល់ទាំងនោះរួមមានការលើកលែងការយកពន្ធលើពី៦ខែ ទៅ១ឆ្នាំ អាស្រ័យលើផលប៉ះពាល់តិចឬច្រើន។ បន្ថែមពីនេះ រោងចក្រសហគ្រាសដែលប៉ះពាល់នឹងរួចផុតពីកាត្វកិច្ចបង់វិភាគទានហានិភ័យការងារឬ បណ្ណធានារ៉ាប់រងសុខភាពជូនកម្មករនយោជិត ឬ ហៅថា ប.ស.ស ហើយការងារទាំងនេះ លោកបញ្ជាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើការងារលើដោះស្រាយលើបញ្ហានេះ។

ជាមួយគ្នានេះ លោកថាចំពោះបញ្ហារោងចក្រដែលព្យួរការងាររយៈពេលខ្លីដោយសារខ្វះវត្ថុធាតុដើម នយោជកត្រូវបង់ប្រាក់ជូនកម្មករ៤០ភាគរយនៃចំនួនប្រកាសខែគោល ១៩០ដុល្លារ ហើយរដ្ឋាភិបាលនឹងចូលរួម២០ភាគរយ ពោលគឺកម្មករនឹងទទួលបានប្រាក់ខែ៦០%ក្នុងអំឡុងព្យួរការងាររបស់ខ្លួន រួមនឹងវិធានការមួយចំនួនទៀត។

កាលពីថ្ងៃ១២កុម្ភៈ សហភាពអឺរ៉ុបបានសម្រេចយកពន្ធលើការនាំចេញកម្ពុជាលើទំហំទំនិញនាំចេញក្នុងតម្លៃទឹកប្រាក់ ជាង១ពាន់លានដុល្លារសហរដ្ឋអាមេរិកឬ ស្មើប្រមាណ២០ភាគរយ ក្នុងចំណោមទំនិញដែលនាំចេញពីកម្ពុជាទៅកាន់អឺរ៉ុបមានទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុង១ឆ្នាំ។

សហភាពអឺរ៉ុបអះអាងថា ការសម្រេចនេះ នឹងប៉ះពាល់ដល់វិស័យនាំចេញមួយចំនួន ហើយទំនិញក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ក៏រងផលប៉ះពាល់ផងដែរ។

អឺរ៉ុបបញ្ជាក់ថា ការឈានដល់ការសម្រេចនេះ ព្រោះកម្ពុជាមិនបានធ្វើឱ្យប្រសើរនូវស្ថានភាពសិទ្ធិមនុស្ស សិទ្ធិការងារ លទ្ធិប្រជាធិបតេយ្យឡើយ ហើយអឺរ៉ុបក៏មិនអាចឈរមើលចំពោះស្ថានភាពអាក្រក់ទាំងនោះដែរ ។

យ៉ាងនេះក្តី អឺរ៉ុបលើកឡើងថា កម្ពុជានៅមានឱកាសទទួលបានភាពអនុគ្រោះពន្ធ២០ភាគរយនេះឡើងវិញ ប្រសិនបើរដ្ឋាភិបាលលោកហ៊ុន សែន ឆ្លើយតបជាវិជ្ជមានចំពោះការស្នើសុំរបស់ពួកគេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស