38 C
Phnom Penh

រាជាណាចក្រថៃចាប់ផ្ដើមធ្លាក់ចូលក្នុងបរិបទនយោបាយថ្មីដោយការទាមទារអោយលោកបា្រយុទ្ធចុះចេញពីតំណែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កំហឹងនឹងការរំលាយបក្សប្រឆាំងដ៏មានប្រជាប្រិយភាពដែលជាបក្សប្រឆាំងធំទីពីរនៅក្នុងរដ្ឋសភានៃរាជាណាចក្រថៃ បានទាញអោយ ក្រុមនិស្សិត គាំទ្រគណបក្សអនាគតថ្មីនេះចាប់ផ្ដើម ប្រមូលផ្ដុំគ្នា កាល ពីល្ងាចថ្ងៃអង្គារទី២៥កុម្ភៈ។ ក្រុមបាតុករបានស្រែកទាមទារឱ្យលោកប្រាយុទ្ធចាន់អូចាចុះចេញពីតំណែងនោះ គឺចាប់ផ្ដើមចេញពីហ្វូងនិស្សិតតែម្ដង។

នេះជាលើកទី២ ហើយដែលយុវជនថៃ ធ្វើបាតុកម្ម ទាមទារអោយមានការគោរពសិទ្ធិម្ចាស់ឆ្នោត បន្ទាប់ពីតុលាការធម្មនុញ្ញរបស់ថៃបានរំលាយបក្សប្រឆាំងដ៏ធំមួយ ដែលទើបបង្កើតឡើង ហើយបានដណ្ដើមអាសនៈនៅក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី២៣មីនា ដែលបក្ស អនាគតថ្មីនេះ បានកាន់កាប់ចំនួន ៨០អាសនៈ។

ប៉ុន្តែទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា ឆ្លៀតឱកាសនោះ ក្រុមបាតុកររាប់រយនាក់ដែលជានិស្សិត បានទាមទារមួយទៀត ដ៏កម្រ គឺសុំអោយអតីតមេរដ្ឋប្រហារ ឆ្នាំ២០១៤ Prayuth Chan-ocha ដែលបច្ចុប្បន្ន ជានាយករដ្ឋមន្ត្រីតំណាងរដ្ឋាភិបាលចម្រុះ ១៩គណបក្ស ចុះចេញពីតំណែង។ នេះជាលើកដំបូងហើយ ក្នុងការសាកល្បងកំដៅនយោបាយនៅប្រទេសថៃ ដើម្បីឆ្លុះបញ្ចាំងនៃការប្រើប្រាស់សិទ្ធិសេរីភាពរបស់ពលរដ្ឋថៃ ស្របតាមរដ្ឋធម្មនុញ្ញ ចែងពីការធានា របបប្រជាធិបតេយ្យសេរីពហុបក្ស ។

កំហឹងរបស់បាតុករ គាំទ្រ បក្សអនាគតថ្មីនេះ បានសម្ដែងការខកចិត្តខ្លាំងណាស់ដែលគណបក្សរបស់ពួកគេ ត្រូវបានរំលាយ ក្រោមរូបភាពថ្មីមួយទៀតនៃការគាបសង្កត់ទំពាំងស្នងឬស្សីដែលទើបលាស់ខ្ចីនេះ។

និស្សិតម្នាក់ មកពីសាកលវិទ្យាល័យ Chulalongkorn បានកាន់បដាកម្រងផ្កា ដោយសរសេរថា“RIP Democracy”  មានន័យថា ប្រជាធិបតេយ្យស្លាប់បាត់ទៅហើយ។ ស្របពេលជាមួយគ្នានេះ និស្សិតរាប់រយនាក់ទៀតស្រែកថ្កោលទោស សេចក្ដីសម្រេចរបស់តុលាការថែមទៀតផង។

នៅពេលជាមួយគ្នានេះ ក្រុមនិស្សិតដែលមកពីសាកលវិទ្យាល័យ Kasetsart បានស្រែកថា ចុះចេញទៅ ប្រាយុទ្ធ។ ពួកគេថា លោកប្រាយុទ្ធនេះហើយ ជាមេរដ្ឋប្រហារ ឆ្នាំ២០១៤ ដែលមិនគួរមកកាន់តំណែងនាយករដ្ឋមន្ត្រីនៅពេលនេះទៀតនោះទេ។

ពួកគេរួមគ្នាកាន់ផ្តាំងបដា និងអំពូលភ្លើង ស្រែកប្រឆាំងនឹងការរំលាយគណបក្សអនាគតថ្មីថៃ។

អ្នករៀបចំបាតុកម្មគឺ Bunkeueanun Paothong ដែលសិក្សាអំពីជំនាញទំនាក់ទំនងអន្ដរជាតិ និយាយថា ពួកគេមានការភ្ញាក់ផ្អើលដែលបាតុកម្មមានសភាពធំបែបនេះក្នុងការបង្ហាញនូវការឈឺចាប់របស់ពួកគេដោយសារតែរដ្ឋាភិបាល និងតុលាការធម្មនុញ្ញថៃធ្វើបែបនេះ។

ការរីកសុះសាយនូវកំហឹងយ៉ាងជាក់ស្ដែងដល់ទីសាធារណៈនេះកើតឡើងក្រោយពេលបណ្ដាញយុវជននៃបក្សអនាគតថ្មីថៃបានធ្វើយុទ្ធនាការទ្រង់ទ្រាយធំតាមអនឡាយប្រឆាំងនឹងការហាមធ្វើនយោបាយនិងរំលាយចោលបក្សប្រឆាំងធំទី២នៅក្នុងសភាមួយនេះកាលពីថ្ងៃទី២១កុម្ភៈ។ យុទ្ធាការលើបណ្ដាញសង្គមនោះ សរសេរថា លោកប្រាយុទ្ធចុះចេញទៅ ។

តុលាការធម្មនុញ្ញថៃកាលពីថ្ងៃទី២១ ខែកុម្ភៈ បានសម្រេចរំលាយគណបក្សប្រឆាំងធំទី២ នៃរដ្ឋសភា ដែលដឹកនាំដោយ សេដ្ឋីវ័យក្មេងឈ្មោះ ថាណាថន ចាំងរុងរឿងគិត ដោយសារតែបក្សនេះត្រូវបានរកឃើញថាមានកំហុស ពាក់ព័ន្ធនឹងប្រើប្រាស់ មូលនីធិដោយខុសច្បាប់ រំលោភច្បាប់បោះឆ្នោត និងច្បាប់គណបក្សនយោបាយ ឆ្នាំ២០១៧។

ការប្រើប្រាស់មូលនិធីនេះ គឺជាប្រាក់កម្ចី ដែលលោក Thanathorn បានបញ្ចេញប្រាក់របស់លោក ក្នុងយុទ្ធនានការបោះឆ្នោត នៅក្នុងការបោះឆ្នោតសភា ឆ្នាំ២០១៩ ដែលបំពានច្បាប់ ដោយបានដាក់កំហិតអោយបក្សនយោបាយនិមួយៗ មានឱកាសប្រើប្រាស់ដើម្បីឃោសនា បោះឆ្នោត នូវមូលនីធិត្រឹមតែ១០លានបាតប៉ុណ្ណោះ ប៉ុន្តែបក្ស អនាគត ថ្មី-FFPបានប្រើប្រាស់មូលនិធីកម្ចីរបស់លោក Thanathorn ដល់ទៅ ១៩១លានបាត ឬស្មើនឹង៦លានដុល្លារអាមេរិក ដែលអ្នកច្បាប់ថៃ ឯករាជ្យ ព្រមានថា ជាការប្រព្រឹត្តខុសធ្ងន់ធ្ងរបើមានបទល្មើសបែបនេះ ។

ទាក់ទិននឹងការរំលាយបក្សអនាគតថ្មីនេះ សាលដីកានៃតុលាការ ធម្មនុញ្ញបានហាមគណៈកម្មាការនាយក១៦រូបហាមធ្វើនយោបាយរយៈពេល១០ឆ្នាំ។ ប៉ុន្តែមិនបានរឹបអូសអាសនៈបក្សនេះនៅក្នុងសភា ដែលមាន៨០អាសនៈនោះទេ។

នៅខណៈស្ថានភាព តានតឹងនៅខាងក្រៅរដ្ឋសភា រីឯក្នុងរដ្ឋសភាឯនោះវិញ ទីភ្នាក់ងារReuters បានចុះផ្សាយថា រដ្ឋសភាក៏ចាប់ផ្ដើមមានភាពតានតឹងដែរ ស្របពេលដែលសមាជិក សភា នៃក្រុមសម្ព័ន្ធរណសិរ្យប្រជាធិបតេយ្យ បានឡើងដេញដោលនិងចោទធ្ងន់ៗ ទៅលើ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធថា កំពុងបំពានអំណាច ហើយ ជាមេដឹកនាំ ដែលបំផ្លាញ គោលការណ៍ប្រជាធិបតេយ្យ និងជាមេដឹកនាំអសមត្ថភាព ក្នុងការបំបាត់អំពើពុករលួយ ។

អ្នកតំណាងរាស្ត្រ មកពីបក្សភឿថៃ ដែលជាបក្សប្រឆាំងធំជាងគេ នៃក្រុមរណសិរ្យប្រជាធិបតេយ្យ Sompong Amornvivat,  បានចោទលោកប្រាយុទ្ធធ្ងន់ៗទៀតថា ជាមេដឹកនាំចូលចិត្តប្រើអំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្សពួក ដែលនេះជាការបំពានអំណាចធ្ងន់ធ្ងរ។ 

ជាងនេះទៅទៀតក្រុមនិស្សិតបាតុករ ហៅ លោក ប្រាយុទ្ធថាជាអ្នកនយោបាយ មុខក្រាស មិនចេះខ្មាសអៀន និងល្មោភអំណាច ។  រីឯលោកប្រាយុទ្ធបានវាយបកចំអកវិញថា អស់លោកគ្មានសិទ្ធិបង្កបទចោទមកលើរូបលោកទេ គឺមានតែតុលាការប៉ុណ្ណោះ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស