សវនាការជំនុំជម្រះក្តីប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នឹងត្រូវខកខាននៅសប្តាហ៍ក្រោយ ដោយតុលាការមិនបានបញ្ជាក់ហេតុផលនោះឡើយ។
សង្គមស៊ីវិលមើលឃើញថា ដំណើរការសវនាការក្តីរបស់មេដឹកនាំបក្សប្រឆាំងបែបនេះ នឹងធ្វើឱ្យការជំនុំជម្រះក្តីនោះ មិនអាចបញ្ចប់តាមការគ្រោងទុកបានឡើយ ហើយស្ថានភាពនយោបាយ សិទ្ធិមនុស្ស នៅតែត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃក្នុងស្ថានភាពអាក្រក់ដដែល។
សវនាការជំនុំជម្រះក្តីរបស់លោក កឹម សុខា នៅថ្ងៃព្រហស្បតិ៍នេះ ប្រព្រឹត្តទៅតែ១ព្រឹកប៉ុណ្ណោះ ដោយមិនបានជជែកគ្នាអ្វីច្រើននោះឡើយ ព្រោះក្រុមមេធាវីការពារក្តីឱ្យលោក កឹម សុខា និងតំណាងអយ្យការ បានលើកឡើងផ្សេងគ្នា លើខ្លឹមសារមួយចំនួននៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលចែងពាក់ព័ន្ធការដាក់បន្ថែមទៀតនូវភស្តុតាងដាក់បន្ទុកលើលោក កឹម សុខា។
ក្នុងដំណើរការជំនុំជម្រះក្តីនោះ តំណាងអយ្យការបានដាក់ភស្តុតាងថ្មីចំនួន៧បន្ថែមទៀត រួមមានវីដេអូខ្លី និងឯកសារជាលាយលក្ខណ៍អក្សរដែលដកស្រង់ចេញពីវីដេអូដើម្បីឱ្យក្រុមប្រឹក្សាជំនុំជម្រះពិចារណា។
តំណាងអយ្យការ លោក ផ្លង់ សុផល អះអាងថាការដាក់ភស្តុតាងថ្មីបន្ថែមទៀតនេះ ជាការឆ្លើយតបទៅនឹងភស្តុតាងដែលដាក់កន្លងមកដោយជនជាប់ចោទនិងមេធាវី ។
យ៉ាងនេះក្តី ក្នុងសវនាការនោះក្រុមមេធាវីការពារក្តីលោក កឹម សុខា បានច្រានចោលចំពោះការដាក់ភស្តុតាងថ្មីបន្ថែមទៀតនេះ ព្រោះជាដំណាក់ការជំនុំជម្រះក្តីមិនគួរធ្វើឡើងឡើយ។ ការច្រានចោលនេះ ដោយពួកគេសំអាងទៅលើក្រមនីតិវិធីព្រហ្មទណ្ឌ មាត្រា៣២១ និងមាត្រា២៤៦ និង២៤៧។
មេធាវីការពារក្តីប្រធានគណបក្សប្រឆាំង អះអាងថា តំណាងអយ្យការបានចេញដីកាសន្និដ្ឋានស្ថាពររួចហើយ ព្រមទាំងចៅក្រមស៊ើបបានចេញដីកាដំណោះស្រាយដើម្បីបញ្ជូនកូនក្តីរបស់ខ្លួនមកជំនុំជម្រះផងដែរ។
ដូច្នេះ សំណុំរឿងនេះបានបញ្ចប់ការស៊ើបអង្កេត និងមានលក្ខណៈពេញលេញរួចទៅហើយ។ ពួកគេថា ប្រសិនបើតុលាការទទួលយកភស្តុតាងដែលដាក់ដោយតំណាងអយ្យការនេះ វានឹងប៉ះពាល់ដល់សិទ្ធិទទួលបានការជម្រះក្តីប្រកបដោយយុត្តិធម៌របស់ជនជាប់ចោទតែម្តង។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ លើកឡើងថា នៅថ្ងៃទី ១១ ខែមីនា នឹងអនុញ្ញាតឱ្យភាគីទាំងអស់បន្តពិភាក្សាលើបញ្ហាដាក់ភស្តុតាងបន្ថែមថ្មីនេះបន្តទៀត មុននឹងលោកសម្រេចថា ត្រូវទទួលយក ឬ ជំទាស់ចំពោះភស្តុតាងថ្មីនោះ។
កាលពីខែមករា មន្ត្រីជាន់ខ្ពស់តុលាការក្រុងភ្នំពេញ ឱ្យដឹងថាដំណើរការសវនាការជំនុំជម្រះក្តីលោក កឹម សុខា នឹងត្រូវធ្វើឡើងរយៈពេល៣ ខែ ព្រោះជាសំណុំរឿងធំ។ កាលពីសប្តាហ៍មុន តុលាការសម្រេចផ្អាកសវនាការម្តងរួចមកហើយ ដោយឡែកនៅសប្តាហ៍ក្រោយតុលាការប្រកាសផ្អាកជាថ្មីទៀត ដោយមិនបានបង្ហាញហេតុផលណាមួយនោះទេ។
ក្រុមមេធាវីការពារក្តីលោក
កឹម សុខា ក្នុងសវនាការកាលពីថ្ងៃម្សិលមិញ
បានស្នើសុំទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យបើកសវនាការរៀងរាល់សប្តាហ៍តែម្តង
ដោយមួយសប្តាហ៍ធ្វឡើង ៥ថ្ងៃ ដើម្បីពន្លឿនរឿងក្តីឱ្យបានឆាប់ចប់សព្វគ្រប់។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលបានឃ្លាំមើលសំណុំរឿងនេះ យល់ឃើញថាប្រសិនបើនីតិវិធីជំនុំជម្រះក្តី ប្រព្រឹត្តិទៅដូចពេលបច្ចុប្បន្ននឹងមិនអាចបញ្ចប់ដំណើរការជំនុំជម្រះតាមការគ្រោងទុកបានឡើយ។
លោកបារម្ភថា ដំណើរការក្តីនឹងអូសបន្លាយគ្មានពេលកំណត់ ធ្វើឱ្យសហគមន៍ជាតិ អន្តរជាតិ មើលឃើញថាបញ្ហាសិទ្ធិពលរដ្ឋ និងនយោបាយ នៅតែមានរូបភាពអាក្រក់នៅកម្ពុជាដដែល៕