អតីតប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា អះអាងថា ប្រសិនបើលោកមានសិទ្ធិធ្វើនយោបាយវិញនោះ លោក នឹងមិនធ្វើការជាមួយបុគ្គលណាដែលមានបំណងធ្វើបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាល ដើម្បីបានអំណាចនោះឡើយ។
តាមរយៈមេធាវីការពាររបស់លោកកឹម សុខា មួយរូបគឺ អ្នកស្រី ម៉េង សុភារី បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃម្សិលមិញថា ប្រធានគណបក្សសង្រ្គោះជាតិរូបនេះនៅតែប្រកាន់គោលការណ៍អហិង្សា មិនធ្វើបដិវត្តន៍ ហើយការផ្លាស់ប្តូរដែលលោកចង់បានគឺតាមរយៈការបោះឆ្នោត ដោយត្រឹមត្រូវ និងយុត្តិធម៌។
ប្រភពដដែលបន្តថា កូនក្តីរបស់អ្នកស្រីលើកឡើងថា ការផ្លាស់ប្តូរ ខុសពីការផ្តួលរំលំ ហើយនរណាដែលមានបំណងផ្តួលរំលំរដ្ឋាភិបាលតាមរយៈការប្រើហិង្សា ឬបដិវត្តន៍ពណ៌ត្រូវចេញឲ្យឆ្ងាយពីលោក ហើយលោកក៏មិនសេពគប់ឡើយ។
អ្នកស្រីម៉េង សុភារី អះអាងថា ការលើកឡើងរបស់កូនក្តីខ្លួនទាំងនេះ ជាការឆ្លើយតបរបស់លោក កឹម សុខា ទៅនឹងសំនួររបស់មេធាវីដើមបណ្តឹងក្នុងសវនាការ កាលពីរសៀលថ្ងៃពុធម្សិលមិញ។
លោកកឹម សុខា បានឱ្យដឹងតាមរយៈមេធាវីដដែលថា ប្រសិនបើលោកមានសិទ្ធិធ្វើនយោបាយ លោកនឹងមិនធ្វើការងារជាមួយបុគ្គលណាដែលដើរលើផ្លូវហិង្សាឬ ធ្វើបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាលនោះដែរ។
ក្រោយការបោះឆ្នោតឆ្នាំ២០១៣ អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី និង លោក កឹម សុខា បានដឹកនាំកម្លាំងអ្នកគាំទ្ររបស់ខ្លួនរាប់ម៉ឺននាក់ដើម្បីតវ៉ាប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោតពេលនោះ ដោយថាមានភាពមិនប្រក្រតី និងអយុត្តិធម៌ជាច្រើន។
ក្រុមអ្នកតវ៉ាពេលនោះ ទាមទារឱ្យគ.ជ.ប រាប់សន្លឹកឆ្នោតឡើងវិញ ឬទាមទារឱ្យបោះឆ្នោតឡើងវិញ រហូតដល់ទាមទារឱ្យលោក ហ៊ុន សែន ចុះចេញពីតំណែងទៀតផងប្រសិនបើដោះស្រាយមិនបានតាមការទាមទាររបស់ពួកគេ។ ប៉ុន្តែការតវ៉ានោះ ត្រូវបានរដ្ឋាភិបាលចាត់ទុកថាជាចលនាឈានទៅធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល។
ព្រឹត្តិការណ៍វិលចូលស្រុករបស់លោក
សម រង្ស៊ី និងថ្នាក់ដឹកនាំអតីតបក្សសង្រ្គោះជាតិនៅក្រៅប្រទេស កាលពីថ្ងៃទី ៩
វិច្ឆិកា ឆ្នាំមុន ក៏ត្រូវបានរដ្ឋាភិបាលចាត់ទុកជាចលនាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។
ការចាត់ទុកនេះ បន្ទាប់ពីអតីតប្រធានបក្សប្រឆាំងរូបនេះអំពាវនាវម្តងហើយម្តងទៀត ឱ្យពលរដ្ឋ ពិសេសកម្លាំងប្រដាប់អាវុធផងហ៊ានក្រោកឡើងឈរនៅខាងពលរដ្ឋ ហើយបែចុងកាណុងប្រឆាំងក្រុមលោកហ៊ុន សែន ដើម្បីនាំនូវការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា។ ព្រឹត្តិការណ៍វិលចូលស្រុករបស់លោក សម រង្ស៊ី បានបរាជ័យ ក្រោយពេលរដ្ឋាភិបាលបញ្ចេញកងកម្លាំងស្ទើរទូទាំងនគរដាក់ពង្រាយតាមព្រំដែនទប់ទល់ការវិលចូលស្រុករបស់អតីតមេបក្សប្រឆាំង និងបានចាប់ឃុំខ្លួន ចោទប្រកាន់អតីតមន្ត្រី និងសកម្មជនបក្សសង្គ្រោះជាតិជាង១០០នាក់ ពីបទរួមគំនិតក្បត់ចង់ផ្តួលរំលំរដ្ឋាភិបាល។
អ្នកវិភាគនយោបាយនៅក្រៅប្រទេស លោក គឹម សុខ ធ្លាប់លើកឡើងថាតាំងពីដើមរៀងមក រហូតមកទល់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត គ្មានឡើយបដិវត្តន៍ពណ៌នៅកម្ពុជា។
លោកមើលឃើញថាទៅថ្ងៃមុខ នឹងអាចកើតឡើងនូវចលនាក្រោកតវ៉ាប្រឆាំងរដ្ឋាភិបាលដោយពលរដ្ឋជាទ្រង់ទ្រាយធំ នៅពេលរដ្ឋាភិបាលលោកហ៊ុន សែន ធ្វើរឿងអាក្រក់កាន់តែច្រើនឡើង បំបិទសិទ្ធិសេរីភាពធ្ងន់ធ្ងរលើពលរដ្ឋ ពិសេសនៅតែបន្តបំផ្លាញជាតិ និងពុករលួយបន្ថែមទៀតនោះ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចលោកហ៊ុន សែន ចាប់ទាំងយប់កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ហើយបញ្ជូនទៅឃុំខ្លួននៅគុកត្រពាំងផ្លុង ខេត្តត្បូងឃ្មុំជាប់ព្រំដែនវៀតណាម។ ជាង១ឆ្នាំក្រោយមក លោកកឹម សុខា ត្រូវបានផ្លាស់ប្តូរមកឃុំខ្លួនក្នុងផ្ទះរបស់លោកនារាជធានីភ្នំពេញ ប្រមាណ១ឆ្នាំទៀត មុនពេលតុលាការសម្រេចឱ្យលោកអាចនោះក្រៅឃុំបណ្តោះអាសន្នកាលពីខែវិច្ឆិកា ឆ្នាំមុន ប៉ុន្តែសិទ្ធិធ្វើនយោបាយ និងសិទ្ធិចេញទៅក្រៅប្រទេសត្រូវបានហាមឃាត់ដដែល។
កាលពីដើមឆ្នាំមុន សហរដ្ឋអាមេរិកហៅការចាប់ឃុំខ្លួន និងចោទប្រកាន់លោក កឹម សុខា ជារឿងអយុត្តិធម៌ ព្រមទាំងគ្មានភស្តុតាងអ្វីទាំងអស់៕