29 C
Phnom Penh

លោកមហាធាបាត់បង់ការគាំទ្រ បន្តធ្វើជានាយករដ្ឋមន្ត្រី ខណៈព្រះមហាក្សត្រ ទាត់ចោលសំណើយ៉ាងទៅប្រជុំសភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅទីបំផុតអ្នកនយោបាយជើងចាស់ម្នាក់នៃប្រទេសម៉ាឡេស៊ី ដែលបានធ្វើរដ្ឋប្រហារទំលាក់អំណាចខ្លួនឯងពីនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះ បានបាត់បង់ការគាំទ្រ ពីគណបក្សរបស់ខ្លួនក្នុងការតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជ្រើសរើសចេញពីសមាជិកសភា ។

នៅក្នុងស្ថានភាពដែលនយោបាយ កំពុងជាប់គាំង រយៈពេលច្រើនថៃ្ងមកនេះ  លោកមហាធា បានទៅចូលគាល់ព្រះមហាក្សត្រ ដើម្បីស្នើយាងព្រះអង្គទៅ ចូលរួមប្រជុំសភា ដែលលោកមហាធាអះអាងថា  ព្រះមហាក្សត្រ នឹងយាងទៅតាមសំណើរបស់លោក ហើយការប្រជុំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃច័ន្ទ ទី២ ខែមីនា ដែលតាមពិតព្រះមហាក្សត្រពុំមានហឬទ័យដូចនេះទេ។ នេះបើតាមការចុះផ្សាយអោយដឹងដោយ សារព័ត៌មាន Business Times នៃប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃសុក្រទី២៨កុម្ភៈ។

តាមប្រភពដដែលនេះ ព្រះមហាក្សត្របានទាត់ចោលសំណើរបស់លោកមហាធាទៅហើយ ដោយព្រះអង្គមានបន្ទូលថា គេត្រូវការពេលវេលាបន្ថែមទៀត។

ក្រោយពីកិច្ចប្រជុំកំពូលជាមួយក្រុមប្រឹក្សារាជបាល្ល័ង្គ ដែលសុទ្ធតែស្ដេចមកពីតំបន់ ចំនួន ៩អង្គ នៃរដ្ឋទាំង១៣នៃប្រទេសម៉ាឡេស៊ី នៅថ្ងៃនេះ ព្រះមហាក្សត្រ Agong មានបន្ទូលថា ប្រធានរដ្ឋសភា មិនបានកោះប្រជុំសភាដូចលោកមហាធាចង់បាននោះទេ ព្រោះបក្សនយោបាយ ទាំងអស់នៅមិនទាន់រកឃើញបេក្ខជននាយករដ្ឋមន្ត្រីណាមួយ អាចរកសំឡេងបានគ្រប់គ្រាន់មកសុំការអនុម័តដើម្បី បោះឆ្នោតជ្រើសតាំងពីសមាជិកសភានោះទេ។

ព្រះអង្គថា បើដូច្នេះមែន ព្រះអង្គយល់ស្រប តាមប្រធានរដ្ឋសភាគឺមិនអាចកំណត់ថាថ្ងៃច័ន្ទទី២ ខែមីនា ជាថ្ងៃប្រជុំសភា ដើម្បីជ្រើសតាំង នាយករដ្ឋមន្ត្រីថ្មីនោះទេ។

លោកមាហាធាបាននិយាយថា លោកនឹងវិលមកកាន់អំណាចរបស់លោកវិញ អោយតែសមាជិក ភាគច្រើនគាំទ្ររូបលោក ។ លោកថា រដ្ឋាភិបាលថ្មីនេះ ជារដ្ឋាភិបាលអព្យាក្រិត្យ ហើយគ្មានបក្សនយោបាយណាមួយ យកជារបស់ខ្លួនផ្ដាច់មុខបានទេ។

តែសំណើរនេះ មិនត្រូវបានអតីតបក្សចម្រុះរបស់លោក Pakatan Harapan ដែលលោកអាន់វ៉ាអ៊ីប្រាហ៊ីម ជាមេដឹកនាំម្នាក់ដែរនោះ បានបដិសេធ ហើយមិនតែប៉ុណ្ណោះសមាជិកសភា ក្រុមបក្សប្រឆាំងនៃរណសិរ្យជាតិបារិសាន់ ក៏មិនបានគាំទ្រ លោកមហាធាដែរ។

ករណីនេះ នាំអោយលោកមហាធា ដែលចង់ផ្ដួលលោកអាន់វ៉ា នៅក្នុងរដ្ឋសភា កំពុងអស់ក្រឡាដើរ ព្រោះបក្សរបស់លោក PPBM នៅថ្ងៃនេះ ក៏មិនបានគាំទ្រលោក ជាបេក្ខជននាយករដ្ឋមន្ត្រីនោះដែរ។ នៅពេលនេះ ភាពជាប់គាំនៃការជ្រើសតាំងបេក្ខជនម្នាក់ដែលត្រូវទទួលបានការគាំទ្រ ច្រើនជាងគេពីសមាជិកសភា នៅមិនទាន់លិចធ្លោឡើយ។

ព្រះមហាក្សត្រ Agong ត្រូវបានរាយការណ៏មកថា ព្រះអង្គចាប់ផ្ដើម ជួប មេដឹកនាំបក្សនយោបាយ ម្ដងមួយៗ ដើម្បី រកការគាំទ្រ ពីមេបក្សទាំងនោះទៅលើបេក្ខជនណាមួយជាក់លាក់ ដោយអោយស្បថធ្វើជានាយករដ្ឋមន្ត្រី ទើបព្រះអង្គចាត់តាំងបេក្ខជននោះ ចូលទៅសុំការ បោះឆ្នោតទុកចិត្តពីសមាជិកសភា។

ទីប្រឹក្សាព្រះមហាក្សត្រលោក Ahmad Fadil Sham-sud-din និយាយថា ព្រះមហាក្សត្រ នៅតែមិនទាន់រកឃើញ សមាជិកសភាណាមួយ មានការគាំទ្រ ច្រើនពីបក្សនយោបាយដែលមានអាសនៈក្នុងសភានោះនៅឡើយទេដើម្បីបង្កើតរដ្ឋាភិបាលថ្មីនោះ។

ទីប្រឹក្សានេះថាខាងព្រះបរមរាជវាំង កំពុងទាក់ទង មេដឹកនាំនយោបាយទាំងអស់ អោយផ្ដល់ការគាំទ្រ អ្នកយោបាយណាមួយ ដែលព្រះអង្គលើកឈ្មោះ។

សម្រាប់ក្រុមប្រឹក្សា នៃក្រុមចម្រុះ Pakatan Harapan ដែលនៅសល់បីបក្ស បានបង្ហាញការសាទរ នូវសេចក្ដីសម្រេចរបស់ព្រះមហាក្សត្រ ដោយជឿជាក់ថា បេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន គឺលោកអាន់វ៉ាអ៊ីប្រាហ៊ីម នឹងទទួលបានការគាំទ្រ ច្រើនពីសមាជិកសភាមកពីបក្សផ្សេងៗគ្នា រួមទាំងបក្សប្រឆាំងនៃរណសិរ្យជាតិបារិសាន់ផងដែរ។

ក្រុមនេះ ថា លោកអាន់វ៉ា នឹងចូលគាល់ព្រះមហាក្សត្រម្ដងទៀតដើម្បី បង្ហាញជំនឿចិត្តថ្វាយព្រះអង្គថា រូបលោក អាចបង្កើតបាននូវ                            រដ្ឋាភិបាលសំលេងភាគច្រើន ។

ព័ត៌មានចុងក្រោយឲ្យដឹងថា ក្រោយពីប្រធានរដ្ឋសភា ចាត់ទុកសំណើររបស់លោកមហាធា ហាក់រំលោភរដ្ឋធម្មនុញ្ញ ព្រោះលោកបានថា អះអាងថារដ្ឋសភានឹងកោះប្រជុំនៅថ្ងៃច័ន្ទសប្ដាហ៍ដោយគ្មានសម្លេងគ្រប់គ្រាន់ និងដោយគ្មានរាជក្រិត្យព្រះមហាក្សត្រទៀតផងនោះ បាននាំអោយបុរសដែលធ្វើរដ្ឋប្រហារទម្លាក់អំណាចខ្លួនឯងនេះ ហាក់បាក់មុខមិនតិចទេ ដែលទីបំផុត គណបក្ស Bersatu ឬគណបក្សបង្រួបបង្រួមជនជាតិ Malaysia តែមួយរបស់លោកបានសម្រេចតែងតាំងលោក Muhyiddin Yassin ជាបេក្ខជននាយករដ្ឋមន្ត្រី ជំនួសរូបលោកទៅហើយខណៈ លោកមហាធាជានាយករដ្ឋមន្ត្រីស្ដីទី មានអាយុ១០ថ្ងៃប៉ុណ្ណោះ។ នេះបើតាមរដ្ឋធម្មនុញ្ញនៃប្រទេសម៉ាឡេស៊ី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស