កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រឈ្មោះ សឺពីយ៉ា (SEPIA) ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានតវ៉ាមិនចូលធ្វើការងារ រយៈពេល៣ថ្ងៃជាប់ៗគ្នាមក ក្រោមហេតុផលថា ដោយសារថៅកែបើកប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភជូនពួកគាត់មានភាពយឺតយ៉ាវ។
ក្រុមកម្មករ អះអាងថា រយៈពេលជិត១ឆ្នាំមកហើយ ដែលថៅកែរោងចក្រនេះតែងបើកប្រាក់ឱ្យកម្មករមានភាពយឺតយ៉ាវ ហើយនៅខែកុម្ភៈ ក៏មានភាពយឺតយ៉ាវជាថ្មីទៀត។ ពួកគេទាមទារឱ្យថៅកែរោងចក្រ ត្រូវបើកប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភផ្សេងទៀត ជូនកម្មករឱ្យបានទៀងទាត់ ជៀសវាងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់។
សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD បានដកស្រង់សម្តី អ្នកគ្រប់គ្រងទូទៅនៅរោងចក្រ សឺពីយ៉ា លោក ណៃ ឌឿន ចុះផ្សាយនៅថ្ងៃនេះថា មូលហេតុដែលថៅកែបើកប្រាក់ឈ្នួលយឺតយ៉ាវដោយសារក្រុមហ៊ុនមានបញ្ហាហិរញ្ញវត្ថុ ព្រោះបញ្ហាជំងឺកូរ៉ូណាវីរុសថ្មី ប៉ុន្តែ យ៉ាងណា លោកអះអាងថា ខាងរោងចក្រនឹងបើកប្រាក់ឈ្នួលឱ្យកម្មករនៅថ្ងៃស្អែកនេះ។
រោងចក្រ សឺពីយ៉ា (SEPIA) ជារោងចក្រកាត់ដេរសម្លៀកបំពាក់ បន្តពីក្រុមហ៊ុនផ្សេង ដែលមានថៅកែជាជនជាតិចិន និងមានកម្មករជាង៦រយ នាក់កំពុងបម្រើការងារក្នុងរោងចក្រមួយនេះ។
កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសកុំឱ្យកម្មករមានក្តីបារម្ភចំពោះបញ្ហាផ្អាកការងារ ឬ បិទទ្វាររោងចក្រដោយសារវិបត្តិជំងឺកូរ៉ូណា ឬការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA %ឡើយ ដោយថារដ្ឋាភិបាលលោកមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហានេះ។
ទោះបីជាលោក ទទួលស្គាល់ថា នឹងមានរោងចក្រនៅកម្ពុជាមួយចំនួននឹងប៉ះពាល់ដោយសារការសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបក៏ដោយ ប៉ុន្តែលោកមិនប្រកាសមិនសុំការយោគយល់ ឬដោះដូរអធិបតេយ្យភាព ជាថ្នូរនឹងភាពអនុគ្រោះពន្ធនោះឡើយ។ លើសពីនេះ លោកថា កម្ពុជាក៏គ្មានការចរចានយោបាយណាមួយជាមួយអឺរ៉ុប ក្នុងការ ដោះលែង ឬលើកលែងទោសអ្នកនយោបាយកំពុងកាត់ក្តីនោះដែរ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ អះអាងថាអំឡុងខែមីនានេះ រោងចក្រសហគ្រាស នៅកម្ពុជាប្រមាណ២០០ ដែលនឹងមានកម្មករប្រមាណ១៦ម៉ឺននាក់ នឹងរងផលប៉ះពាល់ ដោយសារកង្វះវត្ថុធាតុដើម បន្ទាប់ពីការរីករាលដាលនៃជំងឺកូរ៉ូណា ព្រមទាំផលប៉ះពាល់នៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធEBA ២០ភាគរយ បណ្តាលឱ្យរោងចក្រសហគ្រាសជាច្រើនផ្អាកដំណើរការ។
លោកថា គិតត្រឹមថ្ងៃម្សិលមិញ មានរោងចក្រចំនួន១០ ហើយបានស្នើមកក្រសួងសុំផ្អាកការងារដោយផ្នែក ប៉ុន្តែលោកថាមិនមែនបិទទ្វាររោងចក្រទាំងស្រុងទេ៕