38 C
Phnom Penh

មនុស្សស្លាប់ និងរបួសជិត ១ពាន់នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល១ ខែដើមឆ្នាំ២០២០

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុងរយៈពេលត្រឹមតែ១ខែ ក្នុងខែមករា ដើមឆ្នាំ២០២០នេះ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានមនុស្សស្លាប់ជាង២រយនាក់(២០៦)  និងរបួស ជាង៥រយនាក់ ដោយគិតជាចំនួនគ្រោះថ្នាក់កើតឡើងជាង៣រយលើក (៣៥៨)។

ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់ខែមករា កាលពីម្សិលមិញ អគ្គលខាធិការនៃគណៈ កម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកអ្នកស្រី មឹន មាណវី បញ្ជាក់ថាតួលេខគ្រោះថ្នាក់នេះ បានកើនឡើង២៧លើក ស្មើនឹង៨% បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៩។ លើសពីនេះ តួលេខនេះ បណ្តាលឱ្យចំនួនអ្នកស្លាប់កើនឡើង៥៨នាក់ និងរបួសកើនឡើង៤១នាក់ផងដែរ។

ប្រភពដដែល បញ្ជាក់ថា មូលហេតុគ្រោះថ្នាក់ច្រើនបែបនេះ                     បណ្តាលមកពីការបើកបរលើសល្បឿនកំណត់ ៤១% មិនគោរពសិទ្ធិបើកបរ ២២ភាគរយ មិនប្រកាន់ស្តាំ ១០% វ៉ាឬ ជែង ១១% បត់គ្មានការប្រុងប្រយ័ត្ន ៧% ស្រវឹង ៦% និងកត្តាយានយន្ត ៣%។

រដ្ឋមន្ត្រីក្រសួងសាធារណៈការ កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ស៊ុន ចាន់ថុល បានអះអាងថាគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យខាតបង់ថវិកាជាតិក្នុងមួយឆ្នាំ ជាង៣រយលានដុល្លារសហរដ្ឋអាមេរិក។

កាលពីថ្ងៃពុធ សប្តាហ៍នេះ ថ្លែងពីខេត្តបាត់ដំបង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រកាសថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានឈានដល់ចំណុចប្រកាសអាសន្នហើយ ដែលត្រូវការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយ។

លោកបារម្ភពីភាពអវិជ្ជមាននៃគ្រោះថ្នាក់ចរាចរណ៍នេះ បានបញ្ជាឱ្យមន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ចាត់វិធានការទប់ស្កាត់ និងបង្ការកុំឱ្យគ្រោះថ្នាក់ចរាចរណ៍កើនឡើង កាន់តែធ្ងន់ធ្ងរថែមទៀត។

លោកក៏បានប្រកាសដាក់ទិសដៅ ឆ្នាំ២០២០ នេះជាឆ្នាំរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឹងមាត់ ដើម្បីដោះស្រាយឬ កាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស