32.9 C
Phnom Penh

ស្ត្រីដែលជាប់ពន្ធនាគាររឿងថ្នាំញៀនតម្លៃ១ ម៉ឺនរៀល ត្រូវបានដោះលែង ក្រោយកូនរបស់ខ្លួនស្លាប់ក្នុងពន្ធនាគា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការក្រុងភ្នំពេញ បានសម្រេចដោះលែងស្ត្រីម្នាក់ដែលជាប់ពន្ធនាគារ ក្នុងសំណុំរឿងគ្រឿងញៀនតម្លៃត្រឹមតែ១ម៉ឺនរៀល។ ការសម្រេចផ្តល់សេរីភាពដល់ស្ត្រីរូបនេះ ក្រោយពេលកូនស្រីរបស់គាត់អាយុ៥ខែ ដែលជាប់ពន្ធនាគារជាមួយនោះ បានស្លាប់បាត់បង់ជីវិតកាលពីចុងខែមករា។

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលនៅថ្ងៃនេះ ឱ្យដឹងថាគណៈកម្មាធិការនេះបាន ផ្តល់មេធាវីដោយឥតគិតថ្លៃជួយការពារក្តីឱ្យស្ត្រីរូបនោះ។ ក្រោយពីសវនាការលើសំណុំរឿងនេះ តុលាការបានប្រកាសសាលក្រមជាសាធារណៈនៅថ្ងៃទី២៥ ខែកុម្ភៈ ពីបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

សំណុំរឿងគ្រឿងញៀនដែលមានតម្លៃត្រឹមតែ១ម៉ឺនរៀលមួយនេះ តុលាការក្រុងភ្នំពេញបានសម្រេចផ្តន្ទាទោសស្រ្តីរូបនោះ ដាក់ពន្ធនាគារ២ឆ្នាំ ដោយអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ៨ខែ ១០ថ្ងៃ ហើយទោសនៅសល់ប៉ុន្មានត្រូវព្យួរ។

ស្ត្រីរូបនោះ ត្រូវបានសមត្ថកិច្ចចាប់ និងឃុំខ្លួននៅពន្ធនាគារ ព្រៃសរ                នៅពេលដែលគាត់កំពុងមានផ្ទៃពោះ ៨ ខែទៅហើយនោះ។

ការរួតរះសវនាការរហូតដល់មានការសម្រេចដោះលែងនេះ  ក្រោយពេលកូនរបស់ស្ត្រីរូបនោះអាយុ៥ខែ ដែលជាប់ឃុំនៅជាមួយម្តាយមាន ក្នុងមណ្ឌលអប់រំកែប្រែទី២ ឬគុកព្រៃសរ  បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ និងខ្វះអាហារូបត្ថម្ភ។

របាយការណ៍អង្គការការពារសិទ្ធិមនុស្ស លីកាដូ ចេញផ្សាយកាលពីពេលថ្មីនេះ បានឱ្យដឹងថាទារិកានោះ មុនពេលស្លាប់ដោយសារជំងឺរលាកសួត និងកង្វះអាហារូបត្ថម្ភ អង្គការនេះរកឃើញថានាងបាក់ឆ្អឹងភ្លៅ ប៉ុន្តែអាជ្ញាធរមិនបានបញ្ជាក់ច្បាស់លាស់អំពីមូលហេតុនេះទេ។

អង្គការលីកាដូ នៅតែទទូចឱ្យសមត្ថកិច្ចរដ្ឋាភិបាលស៊ើបអង្កេតករណីនេះឱ្យបានច្បាស់លាស់ ជៀសវាងករណីនេះកើតឡើងបន្ថែមទៀត។

ជាងនេះទៀត អង្គការសិទ្ធិមនុស្សមួយនេះ បានស្នើឱ្យស្ថាប័នពាក់ព័ន្ធជំរុញការដោះស្រាយសំណុំរឿងស្ត្រីដែលមានកូនតូច នៅជាមួយម្តាយឱ្យបានឆាប់រហ័ស។

យ៉ាងណាក៏ដោយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាអះអាងថា ខ្លួននៅតែបន្តតាមដាន និងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើករណី  ផ្សេងៗទៀតពាក់ព័ន្ធនឹងស្ត្រីជាប់ឃុំ ដែលមានកូននៅជាមួយក្នុងពន្ធនាគារ ដើម្បីធានាថា សិទ្ធិរបស់ពួកគេ រួមទាំងកុមារដែលនៅជាមួយត្រូវបានធានា និងការពារ ស្របតាមបទដ្ឋានសិទ្ធិមនុស្សជាតិ និងអន្តរជាតិ និងគោលការណ៍មនុស្សធម៌។

លីកាដូថា បច្ចុប្បន្ននេះ មានកុមារចំនួន១០៣នាក់ និងស្រ្តីមានផ្ទៃពោះចំនួន៤៣នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារចំនួន១៨ ដែលអង្គការនេះបានឃ្លាំមើល។ តួលេខនេះកើនឡើងស្ទើរតែ២ដង គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧មក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស