32 C
Phnom Penh

អ្នកអភិរក្សព្រៃឈើរកឃើញថា បទល្មើសព្រៃឈើសព្វថ្ងៃជាការរកស៊ីស្រង់ដើមរបស់ក្រុមឈ្មួញដែលធ្លាប់ផ្អាកសកម្មភាពកន្លងមក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរខ្លះពោលបែបអស់សង្ឃឹមថា៖ កូនចៅខ្មែររាល់ថ្ងៃរវល់ឈ្លោះ ប្រកែក វ៉ៃប្រហារ ប្រវាយប្រតប់គ្នាក្នុងផ្ទះ អត់ដឹងថា ចោរកំពុងលួចទ្រព្យសម្បត្តិដ៏មានតម្លៃជាកេរ្តិ៍ដូនតា ឪពុកម្តាយរបស់ខ្លួនជិតអស់។ នេះជាការនិយាយប្រៀបធៀបរឿង វិនាសកម្មព្រៃឈើប្រណីតខ្មែរ ដែលជាភោគទ្រព្យជាតិសាសន៍ខ្មែររាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែ អ្នកមានអំណាចកាន់កាប់ស្រុកទេសថែរក្សាទុកមិនបាន។ ការបាត់បង់ធនធានធម្មជាតិខ្មែរ មិនបានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរជាម្ចាស់នគរទេ តែបានផ្តល់ផលដល់ឈ្មួញ​មួយក្តាប់តូចជិតស្នីទ្ធនឹងមេដឹកនាំប្រទេស និង ក្រុមហ៊ុនយួនជាច្រើនសិបលានដុល្លារក្នុងមួយឆ្នាំៗ។

លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើ ធ្លាប់ប្រាប់សារព័ត៌មាន The Cambodia Daily នាដើមខែកុម្ភៈនេះ ដោយហៅសកម្មភាពកាប់ឈើខ្មែរ ជាការ ស្រង់ដើម ពីថៅកែក្រុមហ៊ុនរកស៊ីឈើ ដែលខាតបង់ពីពេលមុន មិនមែនជាការថយចុះនៃការកាប់​ឈើនោះឡើយ។ គួរកត់សម្គាល់ថា៖ រដ្ឋាភិបាលលោក ហ៊ុន សែន បានសន្យាធ្វើកំណែទម្រង់តាមមុខសញ្ញា មុខក្រសួងមួយចំនួន ដូចជាបំបាត់អំពើពុករលួយ បំបាត់ការកាប់ព្រៃឈើខុសច្បាប់ ជាដើម។ល។ ក្រសួង មុខងារសាធារណៈ ទើបនឹងរកឃើញថា រដ្ឋបើកប្រាក់ខែឲ្យខ្មោចមានឈ្មោះក្នុងបញ្ជីតាមក្រសួងចំនួន១៤ ដែលមានទឹកស្មើនឹងជិត២លានដុល្លារ ហើយមិនដឹងជាបើកតាំងពីឆ្នាំណាមកនោះឡើយ។ នេះការបន្លំលួចលុយរដ្ឋ ដែលគួរស៊ើបអង្កេត និង ផ្តន្ទាទោសជនល្មើសឃុបឃិត។​ដោយឡែកពីនេះ ឈ្មួញ និង ថៅកែក្រុមហ៊ុនរកស៊ីទុច្ចរិត បានសមគំនិតជាមួយអាជ្ញាធរមូលដ្ឋាន និង ពលរដ្ឋសាមញ្ញ កាប់ឈើប្រណីតៗ ច្រៀកជាដុំ ជាកំណាត់ ជាបន្ទះ ឬឈើមូល ជាឈើហ៊ុប ដឹកយ៉ាងគគ្រឹកគគ្រេងតាមគ្រួសក្រហម ពីខេត្តព្រះវិហារ ខេត្តក្រចេះ ក្នុងតំបន់ព្រៃឡង់ កាត់ខេត្តស្ទឹងត្រែង រតនគិរី ឬ មណ្ឌលគិរី ឆ្លងចូលទៅប្រទេសយៀកណាមតាមខេត្តត្បួងឃ្មុំ។ រាជរដ្ឋាភិបាល ដឹកនាំដោយលោក ហ៊ុន សែន បានបង្កើតគណៈកម្មការពិសេសដើម្បីបង្រ្កាបការកាប់ឈើខុសច្បាប់ ដែលមានលោកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថជាតិ ជាអ្នកដឹកនាំ នៅខែមករា ឆ្នាំ២០១៦។ ប៉ុន្តែ ក្នុងឆ្នាំដដែលនោះ សកម្មភាពកាប់ឈើ ដឹកឈើ លក់ចេញទៅយៀកណាមនៅតែបន្តរហូតខែកញ្ញា ឆ្នាំដដែល គឺមានទឹកប្រាក់ចុះបញ្ជីខាងរដ្ឋការយៀកណាមចំនួន ១១៥លានដុល្លារ។ ៣ឆ្នាំមុន ឧកញ៉ា ទ្រី ភាព ដែលជាអតីតទីប្រឹក្សាលោក ហ៊ុន សែន រកលុយបានពីការកាប់ឈើលក់លួចលាក់​មិនបង់ពន្ធចំនួន ២២០លានដុល្លារ។ គណៈកម្មការបង្រ្កាបបទល្មើសព្រៃឈើ ដឹកនាំដោយឧត្តមសេនីយ៍ សៅ សុខា សន្យានឹងស៊ើបអង្កេតឧកញ៉ា គិត ម៉េង លឹម ប៊ុណ្ណា ហៅខ្នា និង ឧកញ៉ា សឺង សំអុល។ ភាគីខ្មែរជាអ្នកលក់ប្រឹងលាក់តួលេខទឹកលុយ ភាគីយួន ជាអ្នកបញ្ចេញបញ្ជីតួលេខទឹកលុយទិញឈើប្រ ណីតពីខ្មែរទៅវិញ។ នេះមកពីមន្រ្តី និង អាជីវករ ឬ ឈ្មួញរកស៊ីបំផ្លាញធនធានធម្មជាតិ មិនព្រមស្តាប់ព្រះពុទ្ធឱវាទ ថាវត្ថុ៣យ៉ាងលើលោកដែលលាក់បំបាំងយូរមិនបាននោះ គឺ ព្រះអាទិត្យ ព្រះចន្ទ និង សច្ចៈ ឬ ការពិត។ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ សកម្មភាពកាប់ឈើ ដឹកឈើច្រៀកបន្ទះឬដុំៗ មានគ្រញូង និង ធ្នង់ លក់ចេញទៅប្រទេសយៀកណាម ធ្វើតាមច្រកព្រំដែនចំនួន ១១ច្រក ហើយត្រូវបង់ឲ្យទាហានយាមច្រកព្រំដែននៃអង្គ ភាពលេខ២០៤ ក្រោមការទទួលខុសត្រូវនៃវរសេនីយ៍ មាស សុភាព និង ឧត្តមសេនីយ៍ត្រី ណៃ ទឿងលឿង នៅស្រុកស្នួល ខេត្តក្រចេះ។ពលរដ្ឋខ្មែរម្ចាស់ប្រទេសដែលមិនបានទទួលផលប្រយោជន៍ពីលុយលក់ឈើប្រណីតខ្មែរ ឧស្សាហ៍លើកជាសំណួរថា៖ តើលោក ហ៊ុន សែន អាចបង្រ្កាបការកាប់ឈើលក់គគ្រឹកគគ្រេងតាមតំបន់ខ្លះស្ទើរតែក្លាយ

ជាវាលគ្មានព្រៃនោះបានឬទេ បើលោកមានអំណាចពេញដៃក្នុងស្រុកជារបស់គាត់ទៅហើយនោះ? ចម្លើយពីអ្នកខ្លះថា មិនអាចឡើយ ទោះជាលោកចង់ក៏ដោយ ព្រោះថា អ្នករកស៊ីកាប់ឈើលក់សុទ្ធតែជាមនុស្សជិតស្នីទ្ធនឹងលោក ឬ គ្រួសារលោក ហើយចែកប្រយោជន៍ដល់លោកទៀត។ ពីឆ្នាំ២០១៣ កាសែតក្នុងស្រុកមួយសរសេរថា៖កូនស្រីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឈ្មោះ ហ៊ុន ម៉ាណា និង ម្នាក់ទៀត ឧកញ៉ា រ័ត្ន សុខន ជាអ្នកពូកែអូសទាញសេដ្ឋី យួនឲ្យមករកស៊ីនៅស្រុកខ្មែរ ​មានទឹកប្រាក់រាប់សិបលានដុល្លារ។ អ្នកស្រី ហ៊ុន ម៉ាណា រក ស៊ីហ៊ុននឹងអ្នកស្រី ឡាវ សុខហ៊ុយ សាច់ញាតិអ្នកស្រី ជឹង សុភាព ហៅយាយភូ ភរិយារបស់ឧកញ៉ាសមា ជិក ព្រឹទ្ធសភា ឡាវ ម៉េងឃិន ក្នុងក្រុមហ៊ុន Alumina តាំងពីឆ្នាំ ២០០៩ ដែលមានអ្នកជំនួញយួនឈ្មោះ Tran Xuan Hoa ជាប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន, Nguyen Thanh Tung,  Nguyen Ngoc Lan, Tran Thanh Van ជាអភិបាលក្រុម ហ៊ុន។ យាយ ភូ មានសិទ្ធិកាន់កាប់លើដីសម្បទានជាច្រើនម៉ឺនហិកតារ ដែលទីតាំងខ្លះមាន ឈើប្រណីតៗដុះរាប់រយឆ្នាំមកហើយ។

ឧកញ៉ា រ័ត្ន សុខន ដែលមានភាគហ៊ុន ២០០ហ៊ុន ក្នុងក្រុមហ៊ុន General Energy Group រកស៊ីជាមួយអ្នកជំ នួញយួនNguyen Thanh Hoang (កាន់កាប់ភាគហ៊ុនចំនួន ៤០០ហ៊ុន) ជាប្រធាន ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន និង Pham Dinh Nguyen (កាន់កាប់ភាគហ៊ុនចំនួន ២០០ហ៊ុន), Phan Van Phong (កាន់កាប់ភាគហ៊ុនចំនួន ២០០ ហ៊ុន) ជា អភិបាល ក្រុមហ៊ុន។

ក្រៅពីនេះ យាយភូ ពង្រឹងបណ្តាញរកស៊ីយ៉ាងប្រទាក់ក្រឡាក្នុងនាមជាអនុប្រធាន កាកបាទក្រហមកម្ពុជា ក្រោមអធិប តីភាពជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ដោយដាក់សាច់ញាតិ មានអ្នកស្រី ជឹង សុគន្ធាវី រកស៊ីជា មួយកូនលោក សុខ អាន ឈ្មោះ សុខ ពុទ្ធាវុធ ប្តី ហ៊ុន ម៉ាលី កូនស្រីលោក ហ៊ុន សែន រួមនឹងអ្នកស្រី ម៉ក់ ប៉ូប៉ុនរិទ្ធិ ភរិយាលោក ពេជ្រ សោភ័ណ ឪពុកក្មេក ហ៊ុន ម៉ាណែត ដែលរៀបការនឹងកូនស្រីឈ្មោះ ពេជ្រ ចន្ទមុនី ដោយមានរាប់បញ្ចូលទាំងប្អូនប្រុស យាយភូ ឈ្មោះ ជឹង ធានសេង និង ជឹង ធានគាត ផងដែរ។ 

ក្នុងអាជីវកម្មជាបក្សពួកនេះ ឧកញ៉ា លី យ៉ុងផាត់ ក៏មានហ៊ុនជាមួយដែរ។ បណ្តាញរកស៊ីចាក់ស្រេះនេះ បានតម្រូវឲ្យលោក ហ៊ុន សែន អនុញ្ញាតឲ្យ យាយ ភូ បោះទីតាំងអាជីវកម្មលើដីរបស់មន្ទីរពេទ្យបង្អែក ចំ ការមន ទំហំ៣០០០ម៉ែត្រការ៉េ ដែលមានតម្លៃក្នុងទីផ្សារប្រមាណ ១២លានដុល្លារ នៅឆ្នាំ២០១៣។ តើ ពល រដ្ឋខ្មែរ ហៅរបៀបរកស៊ីនេះ ជារបៀបក្តោបក្តាប់សេដ្ឋកិច្ចខ្មែរ ឲ្យខ្មែរដកដង្ហើមរស់ ឬឲ្យស្លាប់តាមគេ ឬទេ? សូមខ្មែរគ្រប់រូបគិតពិចារណាខ្លួនឯងចុះ! ភាគទី២ នឹងជូនជ្រាបនៅសបា្តហ៍ក្រោយ។ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស