28 C
Phnom Penh

តុលាការសម្រេចចោទប្រកាន់ អតីតអភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី និងបក្ខពួកមួយចំនួន ពាក់ព័ន្ធការលួចលក់ដីនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតអភិបាលខេត្តឧត្តរមានជ័យ និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ លោក ស ថាវី ព្រមទាំងបក្ខពួក៨នាក់ទៀត ត្រូវបានតុលាការចោទប្រកាន់ ពាក់ព័ន្ធនឹងការលួចលក់ដីមិនមែនជារបស់ខ្លួន នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សារព័ត៌មានដែលស្និតនឹងរដ្ឋាភិបាលឈ្មោះ Fresh News បានចុះផ្សាយថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សាយ ណូរ៉ា នៅថ្ងៃច័ន្ទ នេះ បានសម្រេចចោទប្រកាន់អតីតអភិបាលខេត្តឧត្តរមានជ័យពីបទ ផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន។ ដោយឡែក បក្ខពួកផ្សេងទៀតដែលក្នុងនោះមាន៧នាក់ ត្រូវបានចោទប្រកាន់ពីបទលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន ក្នុងទំហំទឹកប្រាក់រាប់សិបម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ប្រភពដដែលឲ្យដឹងទៀតថា ក្នុងចំណោមអ្នកដែលត្រូវចោទប្រកាន់ទាំងនោះ មានតែ៣រូបប៉ុណ្ណោះ ភេទប្រុស ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ខណៈអ្នកផ្សេងទៀតស្ថិតនៅក្រៅឃុំនៅឡើយ។

បុរសទាំង ៣នាក់នោះ រួមមានទី១ឈ្មោះ ឡុង ដារ៉ា អាយុ៣៥ឆ្នាំ ទី២ឈ្មោះ ឡូញ រស់ អាយុ៤០ឆ្នាំ និងទី៣ឈ្មោះ  ប៉ូច ថេន អាយុ៥២ឆ្នាំ។ ដោយឡែក អតីតអភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី មិនត្រូវបានចាប់ខ្លួននៅឡើយទេ។

សមត្ថកិច្ចចាប់ខ្លួន ជនទាំង៣នាក់នេះ កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំនេះ ពាក់ព័ន្ធការលួចលក់ដីអ្នកដទៃមានទំហំជាង២ម៉ឺនម៉ែត្រការ៉េ(២២៩០០) ដែលមានទីតាំងស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ២០១៨ កន្លងទៅដោយមានការបញ្ជាពី លោក ស ថាវី។ ពួកគេទាំងបីនាក់បានបញ្ជូនទៅកាន់តុលាការកាលពីចុងសប្តាហ៍មុន។

លោក ស ថាវី ត្រូវបានដកតំណែងពីអភិបាលខេត្តឧត្តរមានជ័យកាលពីឆ្នាំមុន ក្រោយពេលបែកធ្លាយរឿងអាស្រូវស្នេហាលួចលាក់ជាមួយស្រីកំណាន់របស់ខ្លួន ហើយត្រូវបានប្រមុខរដ្ឋាភិបាលតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃជំនួសវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស