លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អះអាងថាការសម្រេចលុបចោលកិច្ចប្រជុំជាមួយអាស៊ានរបស់អាមេរិក អាចបណ្តាលមកពីកត្តារួមផ្សំមួយ ចំនួន។
ថ្លែងក្នុងពីធីចែកសញ្ញាបត្រជូននិស្សិតនៅសាកលវិទ្យាល័យអាស៊ី អឺរ៉ុប នៅព្រឹកនេះ លោកហ៊ុន សែន ថាមូលហេតុនៃការសម្រចលុបចោលកិច្ចប្រជុំអាស៊ាន គឺដោយសារបញ្ហានៃការរាតត្បាតជំងឺរលាកផ្លូវដង្ហើមកូរ៉ូណា និងដោយសារអវត្តមានប្រធានាធិបតី ឬនាយករដ្ឋមន្រ្តី៣រូប របស់មេដឹកនាំ នៃសមាគមអាស៊ានផងដែរ ។
លោក បានលើកការសន្និដ្ឋានពីមតិមួយចំនួនថា មេដឹកនាំទាំង៣រូប ដែលអាចនឹងអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នោះ រួមមានប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទើតេ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ និងមេដឹកនាំម៉ាឡេស៊ីថ្មី ដែលកំពុងជួបបញ្ហាផ្លាស់ប្ដូរមេដឹកនាំរបស់ខ្លួន។
កាលពីចុងខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រេចលើកពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន- អាមេរិក ដែលគ្រោងប្រជុំនៅពាក់កណ្ដាលខែមីនានេះ ក្រោមហេតុផលថាដើម្បីយកពេលវេលាទៅផ្ដោតលើការប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណាថ្មី COVID-19។
យ៉ាងនេះក្តី មេដឹកនាំកម្ពុជាថា ការសម្រេចផ្អាកកិច្ចប្រជុំអាស៊ាននោះ មិនបានចោទជាបញ្ហាទំនាក់ទំនងរវាងប្រទេសអាស៊ានជាមួយអាមេរិកនោះឡើយ ដោយថាកិច្ចប្រជុំនេះអាចធ្វើពេលណាក៏បាន។
លោក ហ៊ុន សែន ចាត់ទុកហេតុផលរបស់អាមេរិកនេះ គឺជារឿងត្រឹមត្រូវមួយដែរ ព្រោះការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មីនេះ ជាបញ្ហារួមរបស់ពិភពលោក ដែលត្រូវយកចិត្តទុកដាក់។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានខកខានចូលរួមកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ានរយៈពេល៣ឆ្នាំជាប់គ្នារួចមកហើយ តាំងពីកិច្ចប្រជុំអាស៊ាន នៅហ្វីលីពីន នាឆ្នាំ២០១៧ ,កិច្ចប្រជុំអាស៊ាន នៅសិង្ហបុរី នៅឆ្នាំ២០១៨ និងកិច្ចប្រជុំអាស៊ាន នៅថៃ កាលឆ្នាំ២០១៩។
តែយ៉ាងណាក៏ដោយសហរដ្ឋអាមេរិក បានបញ្ជូនមន្ត្រីជាន់ខ្ពស់ជាតំណាងរបស់លោក ត្រាំ ចូលរួមកិច្ចប្រជុំអាស៊ានទាំងនោះដែរ។
ប៉ុន្តែ អ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងមូលហេតុមួយចំនួន ដែលអាមេរិកលើកពេលកិច្ចប្រជុំ US-ASEAN នេះ ដោយសារមេដឹកនាំ អាមេរិកកម្កល់ផលប្រយោជន៍ និងសុវត្ថិភាពពលរដ្ឋរបស់ខ្លួនជាអាទិភាពទី១។ លោកថា មេដឹកនាំអាមេរិកដាក់ខ្លួន ដើម្បីប្រយោជន៍ពលរដ្ឋ ក្រោយពីចិនបានបន្សល់ទុកនូវសុបិនដ៏អាក្រក់ ដោយសារការព្យាយាមលាក់បាំងការឆ្លងមេរោគកូរ៉ូណា ព្រោះតែខ្លាចបាក់មុខមាត់របស់ខ្លួន។
លើសពីនេះ រដ្ឋការអាមេរិកអាចមិនទុកចិត្តអំពីស្ថានភាពសុខភាពនៃមេដឹកនាំ និងមន្ត្រីខ្លះក្នុងគណៈប្រតិភូពីបណ្តារប្រទេសជាសមាជិកASEAN។
លោក គឹម សុខ បន្តថាអាមេរិកអាចសង្ស័យថា ពួកគេមានផ្ទុកមេរោគកូរ៉ូណា ដោយការធ្វេសប្រហែស ជាឧទាហរណ៍ ករណីក្រុមលោក ហ៊ុន សែន និងអ្នកហែរហមរបស់គាត់ ដែលបានឱបភ្ញៀវទេសចរពីកប៉ាល់ Westerdam ជាដើម។ ក្រៅពីនេះ ក៏មានការណែនាំឲ្យស្វែងរកការពិនិត្យឲ្យបានត្រឹមត្រូវ នូវអ្នកដំណើរពីប្រទេសកម្ពុជា ហុងកុង ឥណ្ឌូនេស៊ី អ៊ីរ៉ង់ អ៊ីតាលី ជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង និងថៃ ជាដើម។
លោកថា ការពន្យារពេលកិច្ចប្រជុំUS-ASEANនេះ ក៏ជាផ្នែកមួយ ដែលប្រទេសអាមេរិក បង្ហាញអំពីការចេះទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះ ដោយត្រូវការពារសុវត្ថិភាពភ្ញៀវ ពីលទ្ធភាពនៃការឆ្លងមេរោគកូរ៉ូណាលើទឹកដីរបស់ខ្លួន៕