ល្បែងនយោបាយ ចាញ់ និងឈ្នះ គឺជារឿងផ្សេង ប៉ុន្តែការលាបពណ៌និងវាយប្រហារ ថាជាជនក្បត់បក្ស គឺជាភាពអាម៉ាស់ខ្លាំងណាស់ សម្រាប់អ្នកនយោបាយសុចរឹត ទៀងត្រង់ លើកលែងតែ អ្នកនយោបាយល្មោភអំណាចបុណ្យស័ក្តតែប៉ុណ្ណោះ គឺមិនចេះខ្មាស់នោះឡើយ។
ប្រទេសម៉ាឡេស៊ី ជាសមាជិកអាស៊ានមួយដែរ ហើយដែលអ្នកសង្កេតការណ៍ ខាងប្រជាធិបតេយ្យ អោយតម្លៃខ្ពស់ជាងគេ នៅក្នុងតំបន់នេះ បើនិយាយអំពីការគោរប្រជាធិបតេយ្យ។ ប៉ុន្តែក្នុងរយៈពេលមួយ សប្ដាហ៍ចុងក្រោយនេះព្រះរាជាណាចក្រមួយនេះ បានធ្លាក់ក្នុង វិបត្តិនយោបាយ បន្ទាប់ពីលោកមហាធាមាហាម៉ាត់ លាលែងពីរដ្ឋាភិបាល ចម្រុះបួនបក្ស កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ស្ថិតក្នុងស្ថានភាពបែបនេះ ស្រាប់តែមានសមាជិកសភា ជាច្រើននាក់ដើរចេញពីក្រុមរដ្ឋាភិបាល Pakatan Harapan ដោយនាំអោយមានបក្សប្រហារទៀតផង ។
អ្នកនយោបាយធ្វើបក្សប្រហារនេះ គឺជាអនុប្រធានបក្ស PPBM លោក Muhyiddin Yassin ដែលទីបំផុត លោកថែមទាំងក្លាយជានាយករដ្ឋមន្ត្រីជំនួស លោកមហាធាទៀតផង។
លោកបានឡើងធ្វើជានាយករដ្ឋមន្ត្រីថ្មីទី៨នៃប្រទេសម៉ាឡេស៊ីនេះ គឺតាមរយៈការចាត់តាំង និងស្បថនៅក្នុងបរមរាជវាំង កាលពីព្រឹកថ្ងៃអាទិត្យ ទី១ ខែមីនា ហើយការស្បថនេះគឺធ្វើឡើងក្រោម ព្រះអធិបតីភាពនៃព្រះមហាក្សត្រ និងក្រុមប្រឹក្សារាជបល្ល័ង្គទៀតផង។
លោក Yassin បានក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់ពីព្រះមហាក្សត្រមានជំនឿថា លោកបានទទួលការគាំទ្រ ច្រើនជាងគេ បើធៀបនឹងគូប្រជែងរបស់គាត់ គឺលោកមហាធា ព្រោះតែបក្សធំៗចំនួន៤ បានគាំទ្រលោក Yassin ក្នុងនោះមានទាំងអតីតបក្សកាន់អំណាច UMNO នៃក្រុមអតីតនាយដ្ឋមន្ត្រីណាជីពដែលកំពុងមានពិរុទ្ធភាព ធ្ងន់ធ្ងរជាប់ខ្លួនចំនួន ២១ករណី ទាក់ទិននឹងការបំពានអំណាច អំពើពុករលួយ និងលួចមូលនិធិជាតិរាប់រយលានដុល្លារទៀតផង។
លោកYassin ដែលរត់ ចេញពីសម្ព័ន្ធភាពPakatan Harapan ដោយក្ដីញញើមសង្ឃឹមទុកថា ក្រុមបារិសាន់ BN និងក្រុមផ្សេងទៀតពិតជាគាំទ្របេក្ខជនភាពរបស់លោកជាអ្នកនាយករដ្ឋមន្ត្រី ដូចក្ដីបំណងមែន ហើយទីបំផុត ព្រះមហាក្សត្រ ក៏បានផ្ដល់សេចក្ដីទុកចិត្តលោកអោយឡើងធ្វើជានាយករដ្ឋមន្ត្រី ដើម្បីបង្កើតរដ្ឋាភិបាល ចម្រុះជាមួយក្រុម UMNO ដែលពលរដ្ឋម៉ាឡេស៊ីភាគច្រើន មិនបានបោះឆ្នោត នៅក្នុងការបោះឆ្នោតសភា កាលពីខែឧសភា ឆ្នាំ២០១៨ អោយបន្តដឹកនាំរាជរដ្ឋាភិបាល ម្ដងទៀតឡើយ ព្រោះបក្សនេះ ជាប់ពាក់ព័ន្ធអំពើពុករលួយ រាប់រយលានដុល្លារ ។
លោកYassin ធ្លាប់ត្រូវបានអតីតនាយករដ្ឋណាជីបបណ្ដេញចេញពីបក្ស UMNO កាលពីឆ្នាំ២០១៥ ដោយសារតែជាអ្នកជំរុញ អោយ លោកណាជីបទៅឆ្លើយបំភ្លឺ នៅរដ្ឋសភា រឿងចោទថាបានប្រព្រឹត្តអំពើពុករលួយ លួចផ្ទេរប្រាក់ពីធនាគារមូលនិធី One MDB ចូលក្នុងគណនីផ្ទាល់ខ្លួន នូវទឹកប្រាក់ជាង៧០០លានដុល្លារ។
បុរសវ័យ៧២ឆ្នាំរូប នេះ មានបទពិសោធគ្រប់គ្រាន់ណាស់ទៅហើយចំពោះកិច្ចការរដ្ឋាភិបាល ព្រោះលោកធ្លាប់ជាឧបនាយករដ្ឋមន្ត្រី របស់គណៈរដ្ឋមន្ត្រីលោកណាជីពហើយមុនលោកឡើងធ្វើជានាយករដ្ឋមន្ត្រី ទី៨ នៃរាជាណាចក្រឥស្លាមមួយនេះ គឺលោក Yassin ក៏ធ្លាប់ធ្វើជាឧបនាយករដ្ឋមន្ត្រី នៃគណៈរដ្ឋមន្រ្តីរបស់លោកមហាធា ផងដែរ ។
សម្រាប់លោកមហាធាបុរសវ័យ៩៤ឆ្នាំរូបនេះ បានធ្វើរដ្ឋប្រហារទម្លាក់គណៈរដ្ឋមន្ត្រីរបស់ខ្លួនហើយ បែរជាបានព្យាយាមចង់បន្តតំណែងនេះមកវិញ តែបរាជ័យ គឺអនុប្រធានរបស់ខ្លួនបានសម្រេចដូចបំណង ទៅវិញ។
ក្នុងដំណើរដើរចេញពី រថយន្ត
ចូលមកខាងក្នុងការិយាល័យនាយករដ្ឋមន្ត្រី លោក Yassin
បានមកដល់កន្លែងធ្វើការងារនេះ នៅម៉ោង៧ និង៥៥នាទី ព្រឹកថ្ងៃចន្ទ ទី២ ខែមីនា
ដោយទឹកមុខញញើមស្ងួត បន្តិច ព្រោះ លោកត្រូវគេចោទថា ជានាយករដ្ឋន្ត្រីក្បត់សម្ព័ន្ធភាពហើយរត់ទៅរួមរស់ជាមួយ
បក្សពុករលួយ បំផ្លាញជាតិ ដែល ធ្លាប់បណ្ដេញរូបលោកពីបក្ស ។
ប៉ុន្តែអ្វីដែលធ្វើអោយលោក Yassin ស្ងួតមុខទៀតនោះ គឺព្រះមហាក្សត្រដែលយល់ព្រមអោយលោកស្បថចូលកាន់តំណែងនោះ គឺបាក់មុខបន្តិចដែរ ដោយសារតែសាធារណៈជនម៉ាឡេស៊ី និងអ្នកនយោបាយ ចាត់ទុកថា ព្រះអង្គថាទន់ចិត្ត និងជឿស៊ុបនឹងការបញ្ចុះ បញ្ជូលរបស់មេបក្សទាំងឡាយ ដែលជាសម្ព័ន្ធភាព របស់បក្សUMNOថា លោក Yassin មានសំឡេងសមាជិកសភា ដល់ទៅ១៣០រូបគាំទ្រ អោយធ្វើជានាយករដ្ឋមន្រ្តី ខណៈ លោកមហាធា បានថ្វាយលិខិតទៅព្រះមហាក្សត្រកុំឲ្យជឿលោក Yassin។
ក្នុងលិខិតនោះលោកមហាធាបញ្ជាក់ថា ខ្លួនលោកទេដែលមានសំឡេងពិតនៃសមាជិកសភាដល់ទៅ ១១៤រូប ក្នុងចំណោមសមាជិកសភា ២២២ រូបដែល បានគាំទ្រ រូបលោកឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត។ តែយ៉ាងណាក៏ដោយ សម្រាប់លោកមហាធា បានបាត់បង់ ឱកាសចង់ក្លាយជាមេដឹកនាំអច្ឆិរយៈវ័យជិត១០០ឆ្នាំ នៃរាជាណាចក្រម៉ាឡេស៊ីហើយនៅពេលនេះ៕