35 C
Phnom Penh

អ្នកវិភាគថា លោក ហ៊ុន សែន ប្រើប្រាស់រឿងកូរ៉ូណា ជាមធ្យោបាយបិទបាំងឧក្រិដ្ឋកម្មសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលនិយាយថា ការធ្វើទុក្ខបុកម្នេញរបស់ក្រុមលោក ហ៊ុន សែន តាមរយៈការប្រើប្រាស់មេរោគកូរ៉ូណា ជាមធ្យោបាយអុកឡុកកម្ពុជា និងពិភពលោក ដើម្បីបិទបាំងឧក្រិដ្ឋកម្មសម្លាប់ប្រជាធិបតេយ្យខ្មែរ ក្នុងបុព្វហេតុការពារអំណាចផ្ដាច់ការផ្ដាច់មុខរបស់គាត់ប៉ុណ្ណោះ។

អ្នកវិភាគនយោបាយលោក គឹម សុខ នៅថ្ងៃនេះ បានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់លោកដោយដាក់ឈ្មោះថ្មីឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថា «ភេរវករអំណាច» កំពុងចាត់ទុកអ្នកដែលនិយាយបារម្ភចំពោះជំងឺកូរ៉ូណាជាជា«ភេរវករ»ទៅវិញ។  

លោកថា ពលរដ្ឋខ្មែរគួរលើកតម្កើងលោក ហ៊ុន សែន ជា«មេភេរវករអំណាចកូរ៉ូណាខ្មែរ-២០» ដោយថា នេះជាងារស័ក្ដិសមបំផុតសម្រាប់គាត់ ដោយផ្អែកលើមូលហេតុបច្ចុប្បន្នភាពយ៉ាងតិច២។  

ទី១ លោក គឹម សុខថា នៅដើមឆ្នាំ២០២០ លោក ហ៊ុន សែន បានប្រើប្រាស់មេរោគកូរ៉ូណា ជាមធ្យោបាយអុកឡុកកម្ពុជានិងពិភពលោក ដើម្បីបិទបាំងឧក្រិដ្ឋកម្មសម្លាប់ប្រជាធិបតេយ្យខ្មែរ ក្នុងបុព្វហេតុការពារអំណាចផ្ដាច់ការផ្ដាច់មុខរបស់គាត់។

មួយវិញទៀត លោក ហ៊ុន សែន ក៏ចាប់ផ្តើមព្រមានដល់ពលរដ្ឋខ្មែរ ដែលព្រួយបារម្ភអំពីវាសនាជាតិរបស់ខ្លួនជុំវិញការរីករាលដាលនៃជំងឺ Covid-19 ដែលលោក ហ៊ុន សែន ចោទប្រកាន់អ្នកទាំងនោះថាកំពុង             «បំផុសពត៌មានមិនពិត» ឬជា«ភេរវករ»។ លោកថា ការចោទប្រកាន់ទាំងនេះ នឹងបង្កើតជាគ្រោះថ្មីមួយទៀត ដែលនឹងធ្លាក់ជាពិសេសដល់ក្រុមសកម្មជនបក្សប្រឆាំង ដែលក្លាហានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន។ ដោយឡែកពលរដ្ឋដែលមិនហ៊ានរិះគន់ ឬលើកឡើងជុំវិញជំងឺកូរ៉ូណានេះ អាចនឹងប្រឈមការឆ្លងវីរុសដ៏សាហាវនេះផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតពីជំងឺរលាកផ្លូវដង្ហើមថ្មី COVID-19 ថាជាភេរវករ ដោយថាបានបង្កឱ្យមានចលាចលក្នុងសង្គម។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅរាជធានីភ្នំពេញ នាថ្ងៃចន្ទនេះ លោក ហ៊ុន សែន បានអំពាវនាវកុំឱ្យពលរដ្ឋតក់ស្លុតនឹងជំងឺរលាកផ្លូវដង្ហើមថ្មី COVID-19 ដែលកំពុងរាតត្បាតលើបណ្តាប្រទេសមួយចំនួនក្នុងពិភពលោក និងបានព្រមានថា អ្នកផ្សព្វផ្សាយព័ត៌មានមិនពិតអំពីករណីនេះនៅកម្ពុជាថាជា ភេរវករ ទៀតផង។

លោកបន្តថា ការបំផុសព័ត៌មានដ៏អាក្រក់ពីជនទុច្ចរិត នៅពេលខាងមុខ លោកនឹងចាត់ទុកអ្នកទាំងនោះថាជាពួកភេរវករ ព្រោះការបំផុសព័ត៌មានពីការដួលស្លាប់របស់ជនបរទេសមួយចំនួននៅក្នុងប្រទេស        កម្ពុជា ថាជាជំងឺ COVID-19 វាមិនមែនជាការពិតនោះឡើយ។

ចាប់តាំងពីចុងខែកុម្ភៈមក មានជនបរទេសយ៉ាងហោចណាស់៥ នាក់បានដួលស្លាប់ភ្លាមៗ នៅទីតាំងមួយចំនួនដូចជានៅក្រុងព្រះសីហនុ ក្រុងភ្នំពេញ ក្រុងសៀមរាប ដោយអាជ្ញាធរតែងអះអាងថាស្លាប់ដោយខ្យល់គរ ឬគាំងបេះដូងនិង ដួលស្លាប់ដោយដាច់សរសៃឈាមជាដើម។

យ៉ាងនេះក្តី ពលរដ្ឋមួយចំនួនតែងព្រួយបារម្ភអំពីបញ្ហានេះ និងស្នើឱ្យរដ្ឋាភិបាលបកស្រាយការស្លាប់របស់ជនបរទេសទាំងនោះឱ្យបានច្បាស់លាស់ ជៀសវាងការយល់ថាអ្នកស្លាប់ទាំងនោះដោយសារជំងឺកូរ៉ូណាបន្តទៀត។

សម្រាប់លោក គឹម សុខ ប្រាប់ពលរដ្ឋខ្មែរថា ត្រូវចេះខ្លាចមេរោគកូរ៉ូណា និងរកវិធីបង្ការឲ្យបានត្រឹមត្រូវ ដោយមិនត្រូវគិតងាយៗ ពេក ក្រោមពាក្យថា«មិនអីទេ» នោះឡើយ។

តាមទិន្ន័យភ្នាក់ងារបរទេស បង្ហាញថា គិតត្រឹមថ្ងៃចន្ទនេះ អ្នកស្លាប់ដោយសារជម្ងឺ COVID-19 មានចំនួនជាង៣ពាន់នាក់ (៣០៤៨) ហើយឆ្លងទៅដល់មនុស្សជិត ៩ម៉ឺននាក់ (៨៩០៧៣) នៅតាមបណ្តាប្រទេសមួយចំនួនក្នុងពិភពលោក៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស