28 C
Phnom Penh

តុលាការសម្រេចឃុំខ្លួនបក្ខពួក អតីតអភិបាលខេត្តឧត្តរមានជ័យ ដែលមានជាប់ពាក់ព័ន្ធការលួចលក់ដីរបស់អ្នកដទៃលក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនបុគ្គល៣នាក់ ដែលជាបក្ខពួកអតីតអភិបាលខេត្តឧត្តរមានជ័យ និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។

ការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននេះ ក្រោយពេលតុលាការចោទប្រកាន់ពួកគេទាំង៣នាក់ រួមទាំងអតីតអភិបាលខេត្តឧត្តរមានជ័យពីបទ ផ្តើមគំនិតក្នុងអំពើលួចលក់ដីដែលមិនមែនជារបស់ខ្លួនទំហំជាង ២ម៉ឺនម៉ែត្រការ៉េ (២២៩០០) នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងដីកាបីដាច់ដោយឡែកពីគ្នារបស់ចៅក្រមស៊ើបសួរ លោកពេជ្រ វិជ្ជាធរ កាលពីម្សិលមិញ ដែលទើបចេញផ្សាយនៅថ្ងៃនេះ បានបង្គាប់ឱ្យឃុំខ្លួនមនុស្សបីនាក់ ដែលជាបក្ខពួករបស់អតីតអភិបាលខេត្តឧត្តរមានជ័យជាបណ្តោះអាសន្ននៅពន្ធនាគារក្រុងភ្នំពេញ ឬ PJ។

បុគ្គលទាំងបីនាក់នោះ រួមមានឈ្មោះ ឡុង ដារ៉ា ហៅណាង ភេទប្រុសមានមុខរបរជាអ្នកគួចជេរដី។ ទី២ ឈ្មោះ ឡូញ រស់ ភេទប្រុសមុខរបរប្រជាការពារភូមិឌួង រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ប៉ូច ថេន មុខរបរកសិករ។

ពួកគេទាំង៣នាក់ ត្រូវបានដាក់ស្ថិតក្រោមការត្រួតពិនិត្យ បន្ទាប់ពីព្រះរាជអាជ្ញារងក្រុងភ្នំពេញ លោក សាយ ណូរ៉ា កាលពីថ្ងៃច័ន្ទម្សិលមិញ សម្រេចចោទប្រកាន់ពីបទ លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន ប្រព្រឹត្តទៅ កាលពី ខែកញ្ញា ឆ្នាំ២០១៨ ហើយសំណុំរឿងនេះក៏មានជាប់ពាក់ព័ន្ធជាមួយអតីតអភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី ផងដែរ។

កាលពីថ្ងៃម្សិលមិញ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សាយ ណូរ៉ា បានសម្រេចចោទប្រកាន់អតីតអភិបាលខេត្តឧត្តរមានជ័យ និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិបច្ចុប្បន្ន លោក ស ថាវី ពីបទផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន។ ប៉ុន្តែមកទល់ពេលនេះគេនៅមិនទាន់ឃើញសមត្ថកិច្ចចាប់ខ្លួន លោក ស ថាវី ដើម្បីនាំមកបន្តនីតិវិធីនៅតុលាការនៅឡើយទេ។

លោក ស ថាវី ត្រូវបានព្រះមហាក្សត្រសម្រេចបញ្ចប់តំណែងជាអភិបាលខេត្តឧត្តមានជ័យ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៨ ដោយព្រះអង្គត្រាស់បង្គាប់តែងតាំងលោក ប៉ែន កុសល្យ ជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសវិញ។

ការសម្រេចដកអភិបាលខេត្តរូបនេះ ធ្វើឡើងប៉ុន្មានថ្ងៃក្រោយប៉ុណ្ណោះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហា លួចលាក់របស់លោកជាមួយស្រីកំណាន់ ក្រោយពីស្រីកំណាន់ រូបនោះបានទៅតវ៉ាដល់សាលាខេត្តឧត្តរមានជ័យដើម្បីឱ្យលោក ស ថាវី ទទួលខុសត្រូវចំពោះការប្រព្រឹត្តទៅលើរូបនាងកន្លងមក។

ក្រោយដកតំណែងអភិបាលខេត្តបន្ទាយមានជ័យ លោក ស ថាវី បានផ្លាស់មកកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហើយមួយឆ្នាំក្រោយមកលោកក៏បានផ្ទេរមកកាន់តំណែងជាអនុរដ្ឋលេខាធិការនៅក្រសួងការពារជាតិវិញ ប៉ុន្តែគេសង្ស័យថាលោក ស ថាវី បានកាន់តំណែងជាអនុរដ្ឋលេខាធិការទាំងពីរក្រសួងនេះ ក្នុងពេលតែមួយតែម្តង៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស