31 C
Phnom Penh

សមត្ថកិច្ចបញ្ជូនសំណុំរឿងនាវាបរទេសមួយដែលពាក់ព័ន្ធការផ្ទេរទំនិញទៅប្រទេសកូរ៉េខាងជើងទៅតុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចសម្រេចបញ្ជូនសំណុំរឿងនាវាបរទេសមួយ ដែលមាននាវិកឬ អ្នកបើកនាវានោះ ចំនួន១៦ នាក់ ទៅតុលាការនៅថ្ងៃអង្គារ៍នេះ។ ការសម្រេចនេះ ក្រោយពេលសមត្ថកិច្ចកម្ពុជា បានចាប់ឃាត់នាវានោះកាលពីចុង ខែកុម្ភៈ ព្រោះបានបើករំលោភអធិបតេយ្យភាពដែនសមុទ្រកម្ពុជា និងរំលោភលើបម្រាមរបស់អង្គការសហប្រជាជាតិផងដែរ។ 

នាវាមួយគ្រឿង មានឈ្មោះ MT-COURAGEOUS មានសញ្ជាតិ កាម៉ារ៉ារូន(Cameroon) បានល្មើសចូលដែនទឹកកម្ពុជាកាលពីចុងខែមុន ដោយនាវានេះមានពាក់ព័ន្ធការដោះដូរទំនិញ ពិសេសប្រេងជាមួយប្រទេសកូរ៉េខាងជើងទៀតផង។

សារព័ត៌មានVOD បានដកស្រង់សម្តីអគ្គស្នងការរងនគរបាលជាតិ លោក តេង សួន ចុះផ្សាយនៅថ្ងៃនេះថា សមត្ថកិច្ចបានបញ្ជូននាវិករបស់កប៉ាល់ MT-COURAGEOUS ចំនួន១៦នាក់ ទៅតុលាការខេត្តព្រះសីហនុ បន្ទាប់ពីសមត្ថកិច្ចបានកសាងសំណុំរឿងតាមនីតិវិធីរួចរាល់។

ប្រភពដដែលឲ្យដឹងទៀតថា នាវិកកប៉ាល់នេះបានប្តូរទង់ជាតិជាច្រើនដែលធ្វើឱ្យសមត្ថកិច្ចមិនអាចកំណត់ថា មានសញ្ជាតិអ្វីឱ្យច្បាស់បានដើម្បីងាយស្រួលក្នុងការប្រព្រឹត្តបទល្មើស ឬ បន្លំសមត្ថកិច្ចតាមដែនសមុទ្រនោះឡើយ។

កាលពីថ្ងៃទី១ ខែមីនា អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា កប៉ាល់ MT-COURAGEOUS នេះមានផ្ទុកនាវិកចំនួន១៦នាក់ និងបានចាកចេញពីកំពង់ផែ KAO HSIUNG នៃកោះតៃវ៉ាន់កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅ និងបានបោះយុថ្កាបំពានដែនទឹកកម្ពុជាកាលពីថ្ងៃទី២៦ ខែកុម្ភៈ។

សេចក្តីប្រកាសព័ត៌មានដដែលនេះឲ្យដឹងទៀតថានាវានោះធ្លាប់ធ្វើការផ្ទេរទំនិញពីនាវា ទៅនាវា ឬទៅទូកដឹកទំនិញរបស់កូរ៉េខាងជើងដែលត្រូវបានចាត់ទុកជាសកម្មភាពបំពានទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិលេខលេខ ២៣៧៥ និង២៣៩៧ ដែលបានអនុម័តកាលពីឆ្នាំ២០១៧។ 

សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិលេខ ២៣៧៥ និង២៣៩៧ ឆ្នាំ២០១៧ បានសម្រេចដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង ចំពោះសកម្មភាពរបស់ប្រទេសនេះក្នុងការបន្តធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរជាបន្តបន្ទាប់។

ទណ្ឌកម្មទាំងនោះរួមមាន ការហាមឃាត់ការនាំចូលប្រេង និងផលិតផលពាណិជ្ជកម្មទៅកាន់ប្រទេសកូរ៉េខាងជើង និងហាមឃាត់ពលរដ្ឋកូរ៉េខាងជើងទៅធ្វើការនៅក្រៅប្រទេសជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស