ស្ថាប័នសហព័ន្ធស្រូវអង្ករកម្ពុជាដែលជាស្ថាប័នគ្រប់គ្រងដោយកូនប្រសាររបស់លោក ហ៊ុន សែន ឱ្យដឹងថាកម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើង២២% ក្នុងរយៈពេល២ខែដើម ឆ្នាំ២០២០ បើប្រៀបធៀបទៅនឹងរយៈពេល២ខែដូចគ្នាកាលពីឆ្នាំមុន។
សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃច័ន្ទម្សិលមិញឲ្យដឹងថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំអង្ករទៅលក់នៅក្រៅប្រទេសមានចំនួនជាង១សែន ៣ម៉ឺនតោន (១៣៦ ៤៩៩)។ ប្រទេសទាំងនោះ រួមមាន ប្រទេសចិនចំនួន ៣៧% សហគមន៍អឺរ៉ុប រួមទាំងអង់គ្លេស ៣០% ប្រទេសក្នុងសហគមន៍អាស៊ាន ១៨% និងបណ្តាគោលដៅផ្សេងៗមានជាង ១៤%។
ប្រភពដដែលបញ្ជាក់ថា មូលហេតុនាំឱ្យការនាំចេញអង្ករកម្ពុជាកើនឡើងនេះ ដោយសារ អត្រាពន្ធនាំចូលទីផ្សារសហគមន៍អឺរ៉ុបបានធ្លាក់ចុះពី ១៧៥ Euro មក១៥០ Euro។
កេរ្តិ៍ឈ្មោះអង្កររបស់កម្ពុជាកំពុងកើនឡើង ក្រោយកិច្ចផ្សព្វផ្សាយ និងយុទ្ធនាការណ៍នានា លើការប្រឹងប្រែងរបស់កសិករកម្ពុជា ចំពោះការ ផលិតស្រូវសរីរាង្គ ការផលិតស្រូវដែលមាននិរន្តភាព និងការផលិតស្រូវដែលគោរពតាមគោលការណ៍សមធម៌ពាណិជ្ជកម្ម។
កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំមុន សហភាពអឺរ៉ុបបានសម្រេចយកពន្ធលើអង្ករនាំចូលពីប្រទេសកម្ពុជា និងប្រទេសភូមា នៅក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា ដោយការសម្រេចនេះ ចាប់ផ្តើមអនុវត្តពីពេលនោះតែម្តង។ ការសម្រេចនេះ ក្រោយពេលអឺរ៉ុបមើលឃើញអំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការបំផ្លាញមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ ហើយរដ្ឋាភិបាលលោក ហ៊ុន សែន និងរដ្ឋាភិបាលយោធាភូមា មិនបានធ្វើឱ្យប្រសើរស្របតាមការទាមទាររបស់អឺរ៉ុបនោះឡើយ។
យ៉ាងណាក៏ដោយ សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងជាច្រើនដងហើយថា ការយកពន្ធនាំអង្ករកម្ពុជាចូលទឹកដីអឺរ៉ុបពុំមែនពាក់ព័ន្ធរឿងនយោបាយឡើយ ប៉ុន្តែជាការស្នើសុំរបស់ប្រទេសរបស់ប្រទេសអ៊ីតាលី និងអេស្ប៉ាញ ដែលជារដ្ឋសមាជិកអឺរ៉ុបប៉ុណ្ណោះ ដោយសារអង្ករកម្ពុជាឆ្ងាញ់ជាងអង្កររបស់ប្រទេសទាំងនោះ។
បន្ថែមពីនេះ លោកធ្លាប់លើកឡើងថា នៅពេលអឺរ៉ុបយកពន្ធអង្ករកម្ពុជា អ្នកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺពលរដ្ឋខ្មែរដែលនៅអឺរ៉ុប ព្រោះពិបាករកអង្ករឆ្ងាញ់បរិភោគ និងត្រូវចេញថ្លៃក្នុងការបង់ពន្ធទៀតផង៕