អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនអតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ ដោយសង្ស័យពាក់ព័ន្ធអំពើពុកលួយអំឡុងពេលកាន់តំណែងរបស់ខ្លួននៅខេត្តជាប់មាត់សមុទ្រមួយនេះ។
សារព័ត៌មានស្និតនឹងរដ្ឋាភិបាល Fresh News ដែលចេញផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថាអង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនអតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ លោក នួន ប៉ុក ពាក់ព័ន្ធនឹងអំពើពុករលួយដែលប្រព្រឹត្តក្នុងពេលខ្លួនមានមុខតំណែង។ ប្រភពដដែលថា ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន។
លោក នួន ប៉ុក បានឡើងកាន់តំណែងជាប្រធានមន្ទីរសុរិយោដី ខេត្ត ព្រះសីហនុ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៦ ហើយត្រូវបានផ្ទេរចេញពី តំណែងនេះវិញក្រោយលោកកាន់តំណែងនេះបាន២ឆ្នាំ។
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនប្រធានមន្ទីរៀបចំដែនដី និងសំណង់ខេត្តពោធិសាត់ លោក លៀម ប៊ុនរឿន អនុប្រធានមន្ទីរទទួលការងារសំណង់ លោក ជាង វុទ្ធី និងមន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក លោក តែ ប៊ុនថេង ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយទឹកប្រាក់រាប់សិបម៉ឺនដុល្លារសហរដ្ឋអាមេរិក ជាថ្នូរនឹងការចេញច្បាប់សាងសង់។
ក្រោយមកតុលាការ បានសម្រេចឃុំខ្លួនមន្រ្តីមន្ទីរៀបចំដែនដីទាំង៣នាក់នោះ ដោយចោទចំនួន៣បទល្មើសគឺ បទវិតិក្រមតាមក្រមព្រហ្មទណ្ឌឬ បទរំលោភអំណាច និងបទសម្អាតប្រាក់កង្វក់ជាដើម។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថាកន្លងមក មានការលើកឡើងច្រើនអំពីភាពស្មុគស្មាញឬភាពមិនប្រក្រតីលើនីតិវិធីសុំច្បាប់សាងសង់ ដែលធ្វើឱ្យអគារសំណង់មួយចំនួនត្រូវសាងសង់ឡើងដោយខុសច្បាប់។ ភាពខុសច្បាប់នោះ បង្កឱ្យសំណង់មួយចំនួនគ្មានគុណភាព គ្មានយន្តការដោះស្រាយច្បាស់លាស់ ជាហេតុងាយនឹងធ្លាក់ក្នុងការប្រព្រឹត្តអំពើពុករលួយផងដែរ។
លោកថា វិធានការចាប់អតីតប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុពេលនេះ អាចជាការបើកផ្លូវមួយបន្ថែមទៀត បន្ទាប់ពីសំណុំរឿងមន្ត្រីសុរិយោដីខេត្តពោធិ៍សាត់ ប៉ុន្តែលោកថាមិនទាន់ជាការចាត់វិធានការដើម្បីកំណែទម្រង់រដ្ឋពិតប្រាកដនោះទេ ដោយគ្រាន់តែជាវិធានការក្នុងទម្រង់ទប់ស្កាត់ការប្រព្រឹត្តអំពើពុករលួយចំពោះការផ្តល់សេវាសាធារណៈខ្លះប៉ុណ្ណោះ៕