34 C
Phnom Penh

កម្មកររោងចក្រមួយចំនួនផ្តើមធ្វើតវ៉ា ក្រោយរោងចក្រព្យួរការងារ និងបិទទ្វារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់មួយចំនួនបានផ្តើមនាំគ្នាតវ៉ា ក្រោយពេលភាគីរោងចក្រខ្លះសម្រេចព្យួរការងារពួកគេ ដោយមិនបានឆ្លើយតបតាមការទាមទាររបស់កម្មករ។ 

ជាក់ស្តែងកម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស  7NG ជិត១ពាន់នាក់ តវ៉ា ក្រោយពេលរោងចក្រ សម្រេចមិនបញ្ចប់កិច្ចសន្យារការងារតាមការព្រមព្រៀងជាមួយពួកគាត់ ប៉ុន្តែភាគីរោងចក្របែរជាព្យួរការងាររបស់ពួកគេរយៈពេល២ខែទៅវិញ។ 

ក្រុមកម្មករអះអាងថា ភាគីកម្មកររោងចក្រ 7NG កាលពីសប្តាហ៍មុន បានព្រមព្រៀងបញ្ចប់កិច្ចសន្យាការងារ និងយល់ព្រមជាមួយក្រុមហ៊ុនមួយនេះ ដោយព្រមទទួលអត្ថប្រយោជន៍ផ្សេងៗ ដល់ពួកគាត់ ពិសេសផ្តល់ប្រាក់អតីតភាពការងារ និងប្រាក់សំណងការងារ ជូនពួកគាត់ជាដើម។ ប៉ុន្តែ ភាគីរោងចក្របានប្រែក្រឡាស់វិញដោយតម្រូវឱ្យកម្មករព្យួរការងាររយៈពេលពីរខែវិញ ដែលនាំឲ្យក្រុមកម្មករនៅថ្ងៃនេះ នាំគ្នាតវ៉ានៅក្នុងរោងចក្រតែម្តង។

រោងចក្រ 7NG ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស7NG ក្នុងភូមិវិហារសួគិ៍ ឃុំវិហារសួគិ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ កម្មករអះអាងថា នឹងបន្តធ្វើកូដកម្មទាមទារឱ្យក្រុមហ៊ុនគោរពតាមកិច្ចសន្យា ដោយមិនទទួលយក ការសម្រេចចិត្តរបស់ក្រុមហ៊ុនឡើយ។

ដោយឡែក កម្មកររោងចក្រ ស្យុង យិន នៅរាជធានីភ្នំពេញវិញ បានតវ៉ា និងរារាំងមិនឱ្យភាគីរោងចក្រអាចដឹកសម្ភារចេញពីក្រុមហ៊ុនបានឡើយ  ដោយសារថៅកែបញ្ឈប់កម្មករ ប្រមាណ២រយនាក់បម្រើការងារនៅរោងចក្រ ស្យុង យិន (Zhong Yin ) និងមិនបានផ្តល់សំណងជូនកម្មកពួកគាត់ត្រឹមត្រូវតាមច្បាប់ការងារ ខណៈកម្មករទាំងនោះធ្វើការនៅរោងចក្រនេះចន្លោះពី២ ឆ្នាំទៅ ៧ឆ្នាំ។

ក្រុមសហជីពធ្លាប់ឲ្យដឹងថា ថៅកែសម្រេចបញ្ចប់កិច្ចសន្យាការងារកម្មករ ទាំងនោះ ដោយសារតែក្រុមហ៊ុនគ្មានអ្នកបញ្ជាទិញ។

កាលពីសប្តាហ៍មុន លោក ហ៊ុន សែន បានទទួលស្គាល់ថារោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង មួយចំនួននឹងរងផលប៉ះពាល់ដោយសារបញ្ហាវិបត្តិរីករាលដាលនៃជំងឺCovid-19 ឬ កូរ៉ូណា និងបញ្ហាការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធEBA ២០ភាគរយ ពីសហភាពអឺរ៉ុប។

នៅថ្ងៃនេះផងដែរ ថ្លែងក្នុងពិធីសន្និបាតបូកសរុបការងារ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អះអាងថាមកទល់ថ្ងៃនេះ មានកម្មករជិត២ម៉ឺនាក់ហើយ ដែលបានបាត់បង់ការងារធ្វើ បន្ទាប់ពីរោងចក្រមួយចំនួនសុំព្យួរការងារ។

យ៉ាងនេះក្តីរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមួយចំនួនជួយដល់សហគ្រាស និងកម្មករដែលត្រូវរោងចក្រព្យួរការងារ ដូចជាណែនាំឱ្យកម្មកររៀនជំនាញខ្លីៗ ដោយពួកគាត់នឹងទទួលបានប្រាក់ខែ៦០ភាគរយ ឬស្មើជាង១រយដុល្លារ ក្នុងរយៈពេល៦ខែ ដែលជាប្រាក់ឧបត្ថម្ភពីថៅកែ៤០% និងរដ្ឋាភិបាល២០% ។

យ៉ាងនេះក្តី កម្មករមួយចំនួនបានលើកឡើងពីក្តីបារម្ភ ថាប្រាក់ខែជាង១រយដុល្លារនោះ នឹងមិនអាចជួយទប់ទល់ការចាយវាយប្រចាំថ្ងៃរបស់ពួកគេបានឡើយ។ បន្ថែមពីនេះ ពួកគេងឿងឆ្ងល់ថា ការរៀនវគ្គខ្លីៗនោះ តើរៀនជំនាញអ្វី?ហើយ តើនៅពេលពួកគាត់ចេះទៅយកទៅធ្វើការងារនៅទីណាបានជាដើម?

អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ កាលពីសប្តាហ៍មុនបញ្ជាក់ថា នៅក្នុងខែមីនានេះ រោងចក្រសហគ្រាសប្រមាណ២រយ នឹងរងផលប៉ះពាល់ដោយសារខ្វះវត្ថុធាតុដើម ព្រមទាំងធ្វើឱ្យកម្មករជិត២០ម៉ឺននាក់បាត់បង់ការងារធ្វើទៀតផង៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស