លោក ហ៊ុន សែន នៅថ្ងៃនេះបានបញ្ជាទៅគ្រប់ស្ថាប័នរដ្ឋទាំងអស់ ត្រូវចូលរួមកាត់បន្ថយការចំណាយ៥០% នៃការចំណាយសរុបប្រចាំឆ្នាំរបស់ខ្លួន។ ប៉ុន្តែលើកលែងក្រសួងចំនួន៣ប៉ុណ្ណោះរួមមានក្រសួងការបរទេស ក្រសួងទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងពាណិជ្ជកម្ម ដែលត្រូវកាត់បន្ថយការចំណាយចំនួន ២៥%។
ប្រកាសក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងសុខាភិបាលនៅល្ងាចនេះ លោក ហ៊ុន សែន បញ្ជាក់ថាការសម្រេចកាត់បន្ថយ ការចំណាយតាមក្រសួងស្ថាប័នរដ្ឋ នឹងធ្វើឡើងចាប់ពីពេលនេះ រហូតដល់ពាក់កណ្តាលឆ្នាំនេះ ឬរហូតដល់ស្ថានភាពជំងឺកូរ៉ូណាប្រសើរឡើងវិញ។
ការលើកឡើងបន្ថែមថា ការកាត់បន្ថយការចំណាយរបស់ស្ថាប័នរដ្ឋនេះ ដើម្បីជួយសេដ្ឋកិច្ចជាតិ ដែលរងផលប៉ះពាល់ដោយសារ Covid-19ឬ កូរ៉ូណា។ បន្ថែមពីនេះ កិច្ចប្រជុំមួយចំនួននៅក្រៅប្រទេស ក៏ត្រូវកាត់បន្ថយចំនួនមន្ត្រីរដ្ឋ ក្នុងការទៅចូលរួមផងដែរ។
លោក ហ៊ុន សែន បន្ថែមថា ការកាត់បន្ថយការចំណាយនៅតាមក្រសួងស្ថាប័នរដ្ឋនេះ ធ្វើឱ្យរដ្ឋអាចប្រមូលលុយបានប្រមាណ ៤០០លានដុល្លារត្រឡប់មកចូលរដ្ឋវិញ។
បុរសខ្លាំងនៅកម្ពុជារូបនេះ បញ្ជាទៅមន្ត្រីក្រោមឱវាទរបស់ខ្លួនទាំងអស់ ថាមិនត្រូវបង្កើនការចំណាយអ្វីទាំងអស់ ប៉ុន្តែលោកអះអាងថាសម្រាប់ការចំណាយលើប្រាក់បៀវត្សមន្ត្រីរាជការ មិនត្រូវបានកាត់បន្ថយនោះទេ។ ដោយឡែកចំពោះគម្រោងវិនិយោគរបស់រាជរដ្ឋាភិបាល ដែលមិនទាន់បើកការដ្ឋាន និងមិនទាន់មានតម្រូវការចាំបាច់ លោក ហ៊ុន សែន បញ្ជាឲ្យផ្អាកជាបណ្តោះអាសន្នសិន ដោយរង់ចាំជំងឺ Covid-19បញ្ចប់សិន លើកលែងតែការដ្ឋាន ដែលជាហិរញ្ញប្បទានពីបរទេស និថមានថវិកាបដិភាគរបស់កម្ពុជាខ្លះប៉ុណ្ណោះ។
កម្ពុជាក្រៅពីជួបវិបត្តិសេដ្ឋកិច្ចដោយសារវីរុសកូរ៉ូណា មានប្រភពចេញពីប្រទេសចិននេះ កម្ពុជាក៏កំពុងរងសម្ពាធសេដ្ឋកិច្ចពីសហភាពអឺរ៉ុប តាមរយៈការសម្រេចយកពន្ធលើទំនិញនាំចេញពីកម្ពុជា ចូលទៅទឹកដីលោកសេរីមួយនេះ ដែលមានទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារសហរដ្ឋអាមេរិក ឬស្មើប្រមាណ២០ភាគរយ ដោយកម្ពុជាត្រូវចំណាយលើការបង់ពន្ធទំនិញនាំចេញនេះខ្ទង់១ រយលានដុល្លារសហរដ្ឋអាមេរិក។
ការសម្រេចរបស់សហភាពអឺរ៉ុបបានធ្វើឡើងកាលពីថ្ងៃទី ១២ កុម្ភៈ ដោយនីតិវិធីនេះនឹងអនុវត្តចាប់ពីថ្ងៃទី ១២ ខែសីហា ឆ្នាំនេះ ប្រសិនបើគ្មានសំឡេងជំទាស់ពីរដ្ឋជាសមាជិកសហភាពអឺរ៉ុប។ ការសម្រេចនេះ អឺរ៉ុបអះអាងថា ដោយសាររដ្ឋាភិបាលលោកហ៊ុន សែន មិនបានធ្វើឱ្យប្រសើរឡើងនូវការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និង មិនបានស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ តបតាមការទាមទាររបស់អឺរ៉ុបនោះឡើយ។
ច្បាប់ថវិកាជាតិឆ្នាំ២០២០ ដែលរដ្ឋាភិបាលឯកបក្សសម្រេចកាលពីចុងឆ្នាំមុន បានកំណត់ចំណាយសរុបថវិកាជាតិ ជិត១ម៉ឺនលានដុល្លារសហរដ្ឋអាមេរិក ហើយដើម្បីគ្រប់ថវិកាចំណាយនេះ កម្ពុជាគ្រោងនឹងខ្ចីបរទេសប្រមាណ២ពាន់លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត៕