26 C
Phnom Penh

លោក ហ៊ុន សែន ណែនាំកុំឱ្យចាប់ដៃស្វាគមន៍ពេលជួបគ្នាដើម្បីបង្ការជំងឺកូរ៉ូណា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរសខ្លាំងនៅកម្ពុជា ដែលធ្លាប់ប្រកាសក្តែងៗ ទៅកាន់ពលរដ្ឋ និងមន្ត្រីក្រោមឱវាទរបស់ខ្លួន ថាមិនត្រូវភ័យខ្លាចចំពោះវីរុសរលាកសួតប្រភេទថ្មីឈ្មោះ Covid-19 ឬ កូរ៉ូណានោះ នៅថ្ងៃនេះលោក ហ៊ុន សែន បានប្រកាសឡើងវិញដោយណែនាំដល់បរិវារបស់ខ្លួន និងពលរដ្ឋ ថាគប្បីស្វាគមន៍ឬ ធ្វើគារវកិច្ចដាក់គ្នា ដោយការសំពះ និងជៀសវាងការចាប់ដៃគ្នា ដើម្បីបង្ការជំងឺសាហាវមួយនេះ។ 

ថ្លែងនៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា ទំនៀមទម្លាប់ខ្មែរនៅពេលជួបស្វាគមន៍គ្នា គឺលើកដៃជំរាបសួរ មិនមែនចាប់ដៃគ្នានោះទេ។ លោកបន្តថា ក្នុងស្ថានភាពបច្ចុប្បន្ន មន្ត្រីទាំងអស់ រួមទាំងពលរដ្ឋផង គប្បីពុំគួរចាប់ដៃគ្នា ដើម្បីជាកិច្ចស្វាគមន៍គ្នានោះទេ ប៉ុន្តែត្រូវលើកដៃជម្រាបសួរគ្នា ត្បិតជាការអនុវត្តទំនៀមទម្លាប់ផង និងជាវិធីបង្ការជំងឺកូរ៉ូណា មិនឱ្យឆ្លងផងដែរ។

ខុសស្រឡះពីអ្វីដែលលោកហ៊ុន សែន ប្រកាសកាលពីខែមករា និង ខែកុម្ភៈ ដោយបញ្ជាក់ថាជំងឺពិតប្រាកដនៅកម្ពុជា មិនមែនជាជំងឺកូរ៉ូណានោះទេ ប៉ុន្តែជាជំងឺភ័យខ្លាចហួសហេតុតែប៉ុណ្ណោះ។

លោកថ្លែងដោយមោទនភាពថា មកទល់ពេលនេះ គ្មានពលរដ្ឋកម្ពុជាណាម្នាក់បានកើតជំងឺដ៏សាហាវនេះឡើយ ហើយលោកប្រាប់ពលរដ្ឋថាក៏មិនត្រូវខ្លាចហួសហេតុពេកនោះដែរ។ 

ការណែនាំរបស់លោក ហ៊ុន សែននេះ បន្ទាប់ពីវីរុសកូវីដ-១៩ បានសម្លាប់មនុស្សអស់ជាង៣២០០នាក់ហើយ និងមានអ្នកជំងឺជិត១ម៉ឺននាក់ ព្រមទាំងបានរាលដាលទៅដល់ជិត៨០ប្រទេសនៅលើពិភពលលោក ដោយគិតត្រឹមថ្ងៃទី៤ ខែមីនា។

នាយកដ្ឋានប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងនៃក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃនេះ អះអាងថាកម្ពុជា ពុំទាន់រកឃើញករណីជំងឺកូរ៉ូណាបន្ថែមទៀតទេ ដោយក្រសួងបានធ្វើតេស្តលើពលរដ្ឋសរុបជិត៣រយនាក់ ដែលមានការសង្ស័យ នៅវិទ្យាស្ថានប៉ាស្ទ័រ ប៉ុន្តែពុំរកឃើញមេរោគCOVID-19 ទេ ។

ដោយឡែក  អ្នកទេសចរណ៍ ៤១ ជាតិសាសន៍ លើនាវាយក្យ Westerdam ជាង២០០០នាក់ ដែលត្រលប់ទៅមាតុប្រទេសរៀងៗខ្លួនវិញនោះ ក៏មិនបានរកឃើញផ្ទុកមេរោគកូរ៉ូណាវីរុសប្រភេទថ្មីទេពីប្រទេសទាំងនោះដែរ។

យ៉ាងនេះក្តី ស្ត្រីអាមេរិកម្នាក់ ដែលត្រូវបានអាជ្ញាធរប្រទេសម៉ាឡេស៊ីប្រកាសថាមានជំងឺនេះ ប៉ុន្តែការប្រកាសនោះកម្ពុជានៅតែសង្ស័យលើបច្ចេកទេសពិនិត្យនោះនៅឡើយ។

នាយកដ្ឋានដដែល អះអាងថាក្រសួងមានក្រុមឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យដែលបានបណ្តុះបណ្តាលអំពីការឆ្លើយតបទៅនឹងជំងឺរាត្បាតថ្មីនេះ ជាង២០០០នាក់ កំពុងបន្តតាមដានរុករកករណីសង្ស័យនៅទូទាំងប្រទេស ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស