27.5 C
Phnom Penh

ក្រសួងសុខាភិបាលរកឃើញមនុស្ស៤នាក់ប៉ះពាល់ដោយផ្ទាល់ និង ៤០នាក់ទៀតមានទំនាក់ទំនងជាមួយជនជាតិជប៉ុនដែលមានជំងឺកូរ៉ូណា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាល តាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានអះអាងថាក្រសួងរកឃើញមានមនុស្សចំនួន៤នាក់ បានប៉ះពាល់ផ្ទាល់ និង ប្រមាណ ៤០នាក់ប៉ះពាល់ប្រយោល ជនជាតិជប៉ុនដែលមានជំងឺ COVID-19 ឬ កូរ៉ណា។

ការលើកឡើងនេះ ក្រោយពេលក្រសួងសុខាភិបាលកម្ពុជាបានទទួលព័ត៌មានច្បាស់លាស់ពីខាងភាគីជប៉ុនដោយថា បុរសជនជាតិជប៉ុនមានវ័យជាង៤០ឆ្នាំដែលមកលេងកម្សាន្តនៅកម្ពុជាជាច្រើនថ្ងៃ ពិតជាមានផ្ទុកមេរោគ Covid-19 ក្រោយពេលខ្លួនមានអាការៈមិនស្រួលខ្លួន ហើយទៅពិនិត្យសុខភាពនៅពេលគាត់បានទៅដល់ប្រទេសជប៉ុន។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅថ្ងៃព្រហស្បតិ៍ឱ្យដឹងថា មនុស្សទាំងដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោជាមួយជាមួយបរុសជប៉ុន នោះខាងក្រសួងតំរូវឱ្យពួកគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាព បើមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់។ ប៉ុន្តែនាយកដ្ឋានដដែល បញ្ជាក់ថារហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡើយទេ ។

យ៉ាងនេះក្តីក្រសួងសុខាភិបាលបានអំពាវនាវឱ្យពលរដ្ឋដែលមានទំនាក់ទំនងជាមួយជនជាតិជប៉ុននោះ ឆាប់មកពិគ្រោះ និងពិនិត្យសុខភាពរបស់ខ្លួនជាមួយគ្រូពេទ្យជំនាញឱ្យបានឆាប់រហ័សផងដែរ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងដដែលបន្តថា ក្រោយពីទទួលបាន ព័ត៌មានថា ជនជាតិជប៉ុនមានផ្ទុកមេរោគ Covid-19 ក្រុមមន្រ្តីសុខា ភិបាលថ្នាក់ជាតិ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងយកចិត្តទុកដាក់លើករណីនេះដោយតម្លាភាពបំផុត និងធ្វើការងារប្រកបដោយភាពត្រឹមត្រូវបំផុតទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោកមជ្ឈណ្ឌលប្រយុទ្ធ នឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។

បុរសជនជាតិជប៉ុននេះគាត់ជាអ្នកធុរកិច្ចគាត់បានធ្វើដំណើរជាបន្តបន្ទាប់ក្នុងរយ:ពេលខ្លីពី ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសហ្វ៊ីលីពីន ប្រទេសកម្ពុជា បន្ទាប់មកទៅវៀតណាម និងត្រលប់ទៅទេស ជប៉ុនវិញ ហើយរកឃើញថាមានផ្ទុកជំងឺCOVID-19 នៅទីនោះ ។

នៅថ្ងៃនេះដែរ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក អ៊ឹង រចនា បានផ្ញើរបាយការណ៍មក រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ដោយបញ្ជាក់អំពីស្ថានភាពជនជាតិជប៉ុនម្នាក់ ដែលឆ្លងជំងឺកូរ៉ូណាដែលត្រូវបានពិនិត្យឃើញ ពេលចេញពីកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដោយឆ្លងកាត់ប្រទេសវៀតណាម។ 

បុរសរូបនេះ បានចាកចេញពីអាកាសយានដ្ឋានសៀមរាបកាលពីថ្ងៃទី ៣ ខែមីនា ទៅកាន់អាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ រួចប្តូរជើងយន្តហោះ ដើម្បីហោះហើរទៅកាន់ទីក្រុង Nagoya ប្រទេសជប៉ុន។

យ៉ាងនេះក្តី កម្ពុជានៅមិនទាន់រកឃើញករណីកើតជំងឺថ្មីនេះទៅលើពលរដ្ឋខ្មែរណាម្នាក់ ឬ បរទេសណាឡើយ ក្រៅពីបុរសជនជាតិចិនម្នាក់ប៉ុណ្ណោះ ដែលកើតជំងឺនេះ និងបានព្យាបាលសះស្បើយ ហើយរដ្ឋាភិបាលសម្រេចបញ្ជូនបុរសរូបនោះទៅប្រទេសកំណើតរបស់គេវិញហើយដែរកាលពីខែមុន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស