33 C
Phnom Penh

សំណុំរឿងអតីតប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ត្រូវបញ្ជូនទៅតុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចបញ្ជូនសំណុំរឿង អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ទៅតុលាការ កាលពីថ្ងៃម្សិលមិញដើម្បីអនុវត្តន៍តាមនីតិវិធីបន្ត។

សារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD បានដកស្រង់សម្តីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង ចុះផ្សាយនៅថ្ងៃនេះថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរអតីតប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ លោក នួន ប៉ុក ពាក់ព័ន្ធសំណុំរឿងរំលោភអំណាច បំពានធនធានធម្មជាតិ                        និងផ្តល់ឯកសារក្លែងក្លាយដល់អាជ្ញាធរ។

អង្គភាពប្រឆាំងអំពើពុករលួយ ឬACU កាលពីចុងសប្តាហ៍មុន បានឃាត់ខ្លួនលោក នួន ប៉ុក សង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងពេលលោកកាន់តំណែងជាប្រធានមន្ទីរសុរិយោដី ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។ ប៉ុន្តែអង្គភាពប្រឆាំងអំពើពុករលួយមិនបានបង្ហាញពីតម្រុយនៃអំពើពុករលួយនោះបែបណា និងមានទំហំទឹកប្រាក់ពុករលួយនោះប៉ុន្មាននោះដែរ។

លោក នួន ប៉ុក បានឡើងកាន់តំណែងជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦។ លោកត្រូវបានផ្ទេរចេញពីតំណែងនេះកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ដោយកាន់តំណែងបាន២ឆ្នាំ។

នេះជាករណីទីពីរហើយ ចាប់តាំងពីចុងឆ្នាំមុន ដែលអង្គភាពប្រឆាំងអំពើពុករលួយបានសម្រេចចាប់ខ្លួនមន្ត្រីមន្ទីរសុរិយោដី ពាក់ព័ន្ធសំណុំរឿងពុករលួយនោះ។

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនប្រធានមន្ទីរៀបចំដែនដី និងសំណង់ខេត្តពោធិសាត់ លោក លៀម ប៊ុនរឿន អនុប្រធានមន្ទីរទទួលការងារសំណង់ លោក ជាង វុទ្ធី និងមន្ត្រីសុរិយោដីខេត្ត លោក តែ ប៊ុនថេង ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយក្នុងទឹកប្រាក់រាប់សិបម៉ឺនដុល្លារ សហរដ្ឋអាមេរិក ជាថ្នូរនឹងការចេញច្បាប់សាងសង់។

ក្រោយមកតុលាការ បានសម្រេចឃុំខ្លួនមន្រ្តីមន្ទីរៀបចំដែនដីទាំង៣នាក់នោះ ដោយចោទចំនួន៣បទល្មើសគឺ បទវិតិក្រមតាមក្រមព្រហ្មទណ្ឌឬ បទរំលោភអំណាច និងបទសម្អាតប្រាក់កង្វក់ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស