29 C
Phnom Penh

កម្មការិនីរោងចក្រមួយនៅខេត្តកំពង់ស្ពឺប្រមាណ៧០នាក់ដួលសន្លប់ពេលបម្រើការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មការិនីប្រមាណ៧០នាក់ដែលបម្រើការងារនៅរោងចក្រមួយឈ្មោះ វីងស្តារ ស៊ូនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានដួលសន្លប់ជាបន្តបន្ទាប់ នៅពេលពួកគេកំពុងធ្វើការងារនៅថ្ងៃព្រហស្បតិ៍នេះ  ។

ក្រុមកម្មកដែលបម្រើការងារនៅរោងចក្រនេះ បានឱ្យដឹងថា នៅម៉ោងប្រហែល៩ព្រឹកនេះ ខណៈដែលពួកគាត់កំពុងធ្វើការងារ ស្រាប់តែឃើញមានកម្មការិនីប្រហែល៧០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ប៉ុន្តែពួកគេនៅមិនទាន់ដឹងអំពីមូលហេតុនៃការដួលសន្លប់នេះច្បាស់លាស់នៅឡើយទេ។

យ៉ាងណា មន្ត្រីមន្ទីរការងារខេត្តកណ្តាល បានសហការជាមួយភាគីរោងចក្រ អាជ្ញាធរពាក់ព័ន្ធផង បានបញ្ជូនកម្មការិនីទាំងនោះ ទៅសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្បែរៗនោះ។ កម្មកខ្លះឱ្យដឹងថា រហូតមកដល់រសៀលថ្ងៃនេះ កម្មការិនីភាគច្រើនបានធូស្បើយ និងបានចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញហើយដែរ។

កន្លងមក សហជីពឯករាជ្យមួយចំនួន បានលើកឡើងថា ករណីកម្មករដួលសន្លប់នេះ មានករណីជាច្រើន ដូចជាបរិយាកាសទាំងក្នុង និងក្រៅរោងចក្រមិនល្អ រោងចក្រតូចចង្អៀត គ្មានអនាម័យ។ 

ក្លិនក្រណាត់ឬ ថ្នាំពុលដែលសាយភាយមកពីតំបន់ក្បែររោងចក្រ។ ប្រាក់បៀរវត្សរ៍របស់កម្មករតិចតួច បណ្តាលឱ្យកម្មករត្រូវបង្ខំចិត្តធ្វើការងារថែមម៉ោងច្រើនហួសកម្លាំង ការហូបចុកអាហារគ្មានជីវជាតិត្រឹមត្រូវ កត្តាផ្នែកចិត្តសាស្ត្រ និងគេងមិនបានគ្រប់គ្រាន់ជាដើម។

ករណីដួលសន្លប់នេះ នៅតែបន្តកើតមានជាហូហែល ប៉ុន្តែករណីដួលសន្លប់កាលពីឆ្នាំមុន ត្រូវបានខាងក្រសួងការងារអះអាងថាមានការថយចុះច្រើនគួរឱ្យកត់សម្គាល់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស