ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ រៀបចំដាក់ឧបករណ៍វាស់កម្តៅ ដើម្បីតាមដានសុខភាពសិស្សានុសិស្ស និងបុគ្គលិកអប់រំ នៅតាមច្រកចេញចូល និងទីចាត់ការរៀងរាល់ថ្ងៃតែម្តង។
សេចក្តីណែនាំមួយរបស់ក្រសួងអប់រំ បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃការរាតត្បាតនៃជំងឺរលាកសួតបង្កឡើងដោយវីរុស Covid-19 ឬ កូរ៉ូណា នៅជុំវិញពិភពលោកដោយមិនទាន់មានថ្នាំព្យាបាលឬ ចាក់ថ្នាំវ៉ាក់សាំងបង្ការ និង ស្របជាមួយនឹងការផ្ទុះឡើងនូវជំងឺផ្តាសាយផ្សេងៗទៀតផងនោះ ក្រសួងអប់រំបានណែនាំដល់គ្រប់គ្រឹះស្ថានអប់រំ ឬសាលារៀងនទាំងអស់នូវវិធានការមួយចំនួន។
ក្នុងចំណោមវិធានការជាច្រើននោះ ក្រសួងអប់រំបាន ណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវពិនិត្យមើលលទ្ធភាពដាក់ឧបករណ៍វាស់កម្តៅ សិស្ស និងបុគ្គលិកអប់រំទាំងអស់ នៅតាមច្រកទ្វាចូល និងទីចាត់ការ រាល់ថ្ងៃ។ ក្នុងករណីពិនិត្យឃើញមានកម្តៅលើពី៣៨ អង្សាសេ ត្រូវអនុញ្ញាតឱ្យឈប់សម្រាក ឬណែនាំពួកគេឱ្យទៅទទួលសេវាពិនិត្យ និងព្យាបាលនៅមណ្ឌលសុខភាពឬ មន្ទីរពេទ្យដែលនៅជិត។
បន្ថែមពីនេះ ត្រូវបន្តតាមដានជាប្រចាំចំពោះសុខភាពសិស្ស និងបុគ្គលិកអប់រំទាំងអស់ ដោយសាកសួររកមុខសញ្ញាសង្ស័យរបស់ពួកគេ ដូចជាក្អក កណ្តាស់ ផ្តាសាយ ហៀរសំបោ ឈឺក្បាល ឈឺបំពងក ពិបាកដកដង្ហើម ព្រមទាំងឧស្សាហ៍អប់រំណែនាំដល់អំពីវិធានការថែរក្សាសុខភាព និងអនាម័យដល់ពួកគាត់ជាប្រចាំ រួមនឹងវិធានការមួយចំនួនទៀត។
កាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅក្រសួង ស្ថាប័នរដ្ឋទាំងអស់ត្រូវចូលរួមសន្សំសំចៃថវិកាជាតិក្នុងពេលប្រទេសជាតិដាក់ចេញនូវវិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩នេះ។ លោកប្រកាស ឱ្យស្ថាប័នរដ្ឋទាំងអស់ត្រូវកាត់បន្ថយការចំណាយ៥០% លើកលែងតែក្រសួងចំនួន៣ រួមមានក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្ត្រីប៉ុណ្ណោះដែលត្រូវកាត់បន្ថយការចំណាយត្រឹម២៥ភាគរយ។ លើសពីនេះ ការចំណាយសម្រាប់មន្ត្រីទៅបំពេញបេសកកម្មនៅក្រៅប្រទេសក៏ត្រូវកាត់បន្ថយចំនួនមនុស្សផងដែរ។
លោកថា ការកាត់បន្ថយចំណាយចរន្តនេះ គឺរាជរដ្ឋាភិបាលកម្ពុជាអាចសន្សំថវិកាបានប្រមាណ ៤០០លានដុល្លារអាមេរិក ដែលអាចយកមកដោះស្រាយបញ្ហាប្រឈមចាំបាច់នានា។ ប៉ុន្តែការកាត់បន្ថយការចំណាយនោះ លោកបញ្ជាក់ថា មិនមានការកាត់បន្ថយលើការតម្លើងប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឡើយនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ។
លោក ហ៊ុន សែន ក៏បានបង្ហើបពីលទ្ធភាពក្នុងការផ្អាកសាលារៀនមួយចំនួននៅពេលខាងមុខទៀតផង ប្រសិនបើស្ថានភាពជំងឺកូរ៉ូណា នៅតែស្ថិតក្នុងភាពអាក្រក់បន្តទៀត។
យ៉ាងនេះក្តី នៅថ្ងៃនេះ ក្រសួងសុខាភិបាលអះអាងថា កម្ពុជានៅមិនទាន់រកឃើញថាមានពលរដ្ឋណាម្នាក់ផ្ទុកជំងឺនេះឡើយ ក្រៅតែពីពលរដ្ឋចិនម្នាក់ដែលរកឃើញថាកើតមេរោគកូរ៉ូណាកាលពីខែមករា ប៉ុន្តែបុរសជនជាតិចិនរូបនោះ បានព្យាបាលជាសះស្បើយ និងបានបញ្ជូនទៅប្រទេសកំណើតវិញហើយដែរកាលពីខែមុន៕