26 C
Phnom Penh

វៀតណាមលើកសំណើ ទៅក្រុមប្រឹក្សាសន្តិសុខសុំលុបចោល ការដាក់ទណ្ឌកម្មលើប្រទេសសូដង់ខាងត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វៀតណាម គឺជារដ្ឋសង្គមនិយមមួយនៅក្នុងសមាគមអាស៊ាន ដែលមានឱកាស បានឡើងធ្វើជាសមាជិកមិនអចិន្ត្រៃយិ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ប្រទេសកុម្មុយនិស្តមួយនេះ បានក្លាយជាសមាជិកមួយរបស់ក្រុមប្រឹក្សានេះ កាលពីដើមខែមករាឆ្នាំ២០២០នេះ។ សម្រាប់ប្រទេសមួយចំនួន ក៏បានស្វះស្វែងអោយខ្លួនបានជាប់ឆ្នោតដែរជាសមាជិករបស់ក្រុមប្រឹក្សានេះកាលពីឆ្នាំ២០១២ តែមិនមានឱកាសឡើយដូចកម្ពុជាឡើយ ដោយសារតែ មិនទទួលបានសំឡេងគាំទ្រ ពីសមាជិកនៃមហាសន្និបាតអង្គការសហប្រជាជាតិ។

ប៉ុន្តែសម្រាប់វៀតណាម នៅពេលនេះ តាងនាមអោយតំណាងអាស៊ាន បានដាក់សំណើ សុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លុបចោលការដាក់ទណ្ឌកម្មលើប្រទេសសូដង់ខាងត្បូង។

លោក Dang Dinh Quy ឯកអគ្គរដ្ឋទូត វៀតណាម ដែលក្នុងនាមជាសមាជិក មិនអចិន្ត្រៃយិ៍របស់ក្រុមប្រឹក្សានេះ កាលពីថ្ងៃទី៤ ខែមីនា បានថ្លែងទៅកាន់ក្រុមប្រឹក្សា នេះថារដ្ឋាភិបាល សូដង់ខាងត្បូងនៅពេលនេះ ជារដ្ឋាភិបាលអន្តរកាលដែលកំពុងធ្វើដំណើរទៅរការផ្ទេរអំណាច និងកំពុងដោះស្រាយជម្លោះនយោបាយ ដែលគួរទទួលបានការលើកលែងទណ្ឌកម្ម។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន វៀតណាម VNA។

ក្នុងជំនួបនេះ លោក Dang Dinh Quy  ក៏បាន បង្ហាញ ពីបេសកកម្មរបស់ វៀតណាម ក្នុងក្រមខណ្ឌ ជាកងទ័ពរក្សាសន្តិសុខ នៃអង្គការសហប្រជាតិ នៅក្នុងប្រទេសសូដង់ខាងត្បូង។

ដោយគាំទ្រ ចំពោះសំណើរបស់ប្រទេសវៀតណាម  តំណាង ពិសេស របស់លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ ប្រចាំប្រទេសសូដង់ខាងត្បូង David  Shearer បាននិយាយថា ស្ថានភាព នយោបាយ និងសិទ្ធិមនុស្ស នៅប្រទេសសូដង់ខាងត្បូង កំពុងវិវត្តន៍ល្អប្រសើរ ដោយការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអន្តរកាលចាប់តាំងរដ្ឋាភិបាលថ្មីនេះត្រូវបង្កើតឡើងនៅ ថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២០។

តែក្រុមសិទ្ធិមនុស្សអន្តរជាតិធំៗ ដូចជា អង្គការHuman Rights Watch និង Amnesty ជាដើម ហាក់ទទួលស្គាល់ការរីកចម្រើននៃការធ្វើមានលំហសេរីភាពខាងនយោបាយ ប៉ុន្តែ ប្រទេសនេះ នៅមានការប្រឈម នឹងអំពើហិង្សាតាមដងផ្លូវនៅឡើយ ជាពិសេសបញ្ហាការបំពារបំពានលើស្ត្រី ភេទ និងពលរដ្ឋដែលអត់លំនៅដ្ឋានរស់នៅត្រឹមត្រូវរាប់លាន់នាក់ ។

លោកDavid  Shearer ដែលគាំទ្រ សំណើរបស់តំណាងប្រទេសវៀតណាមបានបន្តថា បេសកកម្មរបស់ក្រុម UNMISS នៅតែសន្យាបន្ត ជួយការពាររក្សាសន្តិភាព នៅសូដង់ខាងត្បូង ល្កឹកណារដ្ឋាភិបាលថ្មី មានសន្តិសុខរឹងមាំ ក្រោមការបង្រួមបង្រួមជាតិ។ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានចាត់អោយមានកងបេសកកម្ម រក្សាសន្តិភាព នៅប្រទេសសូដង់ខាងត្បូង នៅឆ្នាំ២០២៨ ក្រោមកិច្ចព្រមព្រៀង សន្តិភាព។

ប្រធានាធិបតី សូដង់ខាងត្បូងលោក Salva Kiir និង មេដឹកនាំឧទ្ទាម លោក Riek Machar បានព្រមព្រៀងព្រៀង បង្កើតរដ្ឋាភិបាល អន្តរកាលកាលពីកណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៩។

កិច្ចព្រមព្រៀងនេះ សំដៅ បញ្ចប់សង្រ្គាមស៊ីវិល ដែលបានសម្លាប់មនុស្ស ជាច្រើនពាន់នាក់ បង្កអោយមានជនភៀសខ្លួនរាប់សែននាក់។ កិច្ចព្រមព្រៀងនេះ ក៏បានឈានដល់ ការទម្លាក់អាវុធ ក្រោមការអន្តរាគមន៍ ដោយ អង្គការសហប្រជាជាតិ។

តាមរយៈរដ្ឋាភិបាល អន្តរកាលនេះ បាននាំអោយ  ក្រុមអ្នកច្បាប់ រៀបចំអោយមានរដ្ឋធម្មនុញ្ញថ្មី ដែលធានាស្ថិរភាពរបស់រដ្ឋាភិបាលមួយកើតចេពីឆន្ទៈរបស់ប្រជាជន នៅក្នុងការបោះឆ្នោត រយៈពេលជិតជាង២ឆ្នាំទៀតនេះ។ ទាំងប្រធានាធិបតី លោក Salva Kiir និង មេដឹកនាំឧទ្ទាម លោក Riek Machar ទោះជាមិនបាននិយាយលំអិតប្រាប់អ្នកសារព័ត៌មានក្ដី កាលពីថ្ងៃពុធទី៤ ខែមីនា  ក៏អ្នកទាំងពីរ សង្ឃឹមថារដ្ឋធម្មនុញ្ញថ្មីនេះ អាចជាការត្រួសត្រាយផ្លូវដើម្បីសូដង់ខាងត្បូង មានសន្តិភាពរឹងមាំ ក្រោមការផ្សះផ្សាជាតិ។

ប្រទេស សូដង់ខាងត្បូង បានបំបែកខ្លួន ចេញពីប្រទេសសូដង នៃរដ្ឋធានីកាទុម នៅឆ្នាំ២០១១ ដោយសារសង្រ្គាមស៊ីវិល ហើយ បានធ្លាក់ក្នុងសង្រ្កាមស៊ីវិល ខ្លួនឯងនៅតាំងពីចុងឆ្នាំ២០១៣ ព្រោះតែលោក Salva Kiir បណ្ដេញលោក Riek Machar  ពីអនុប្រធានាធិបតីរបស់លោក។

ចំណែក សំណើរបស់ប្រទេស វៀតណាមដែលសុំអោយមានការលុបចោល ទណ្ឌកម្មលើប្រទេសសូដង់ខាងត្បូង ត្រូវបានអ្នកសង្កេតការណ៍ហៅថា ជាសំណើលើកដំបូងរបស់ប្រទេស សង្គមនិយមមួយនៅ អាស៊ីអាគ្នេយ៌ ដែលសំណើនេះបានទាក់ទាញខ្លាំងដែរដល់សមាជិក ១៤ប្រទេសទៀត នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស