26 C
Phnom Penh

លោក កឹម សុខា អំពាវនាវឱ្យមានការរួបរួមជាតិ ដើម្បីទប់ទល់បញ្ហាជំងឺកូរ៉ូណា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ដំណើរការក្តីនៅតុលាការ លោក កឹម សុខា អំពាវនាវឱ្យមានការបង្រួបបង្រួមជាតិ ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺរលាយកផ្លូវដង្ហើមថ្មីឈ្មោះ  កូវីត-19 ឬ កូរ៉ូណា។

លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក  នៅថ្ងៃសុក្រនេះថា ជំងឺកូរ៉ូណាមិនត្រឹមតែប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់មនុស្សលោកនោះទេ ប៉ុន្តែវាអាចនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេស និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋជាច្រើនទៀត ដោយក្នុងនោះក៏មានប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរផងដែរ។

លោក កឹម សុខាបន្តថា  ក្នុងកាលៈទេសៈនេះ យើងជាខ្មែរត្រូវរួបរួមគ្នា ដើម្បីទប់ស្កាត់បញ្ហាប្រឈមទាំងពីរទាំងជំងឺ និងសេដ្ឋកិច្ច ដែលប៉ះពាល់ដល់ប្រទេស ប្រជាជាតិ ដោយមិនត្រូវប្រកាន់នូវនិន្នាការនយោបាយ ហើយមិនត្រូវប្រើប្រាស់បញ្ហាជំងឺកូរ៉ូណានេះបំផ្លើសបំភ្លៃ ដើម្បីកេងចំណេញនយោបាយ ឬវាយប្រហារគ្នា ដោយអសីលធម៌នោះឡើយ។

ជាមួយគ្នានេះ លោកគាំទ្រចំពោះរដ្ឋាភិបាល ដែលផ្តល់អាទិភាព ដើម្បីរួមគ្នាប្រយុទ្ឋប្រឆាំងជម្ងឺ Covid-19 និងសូមលើកទឹកចិត្តដល់សមត្ថកិច្ចជំនាញ បំពេញបេសកកម្មបានជោគជ័យជូនជាតិ និងប្រជាពលរដ្ឋខ្មែរ។

លោកក៏មិនភ្លេចដែរ ក្នុងការអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់គ្នាថែរក្សាអនាម័យ ការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ដោយប្រុងប្រយត្ន័ទប់ស្កាត់នូវជំងឺរាតត្បាតមួយនេះ ហើយលោកក៏បួងសួងសូមឲ្យប្រជាពលរដ្ឋខ្មែរមានសុខភាពល្អ ជាពិសេសចៀសផុតពីជំងឺCovid-19 និងសូមឲ្យមានជីវភាពរស់នៅប្រសើរឡើង កុំឲ្យជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចឲ្យសោះ។

ចាប់តាំងពីជំងឺកូរ៉ូណាបានផ្ទុះឡើងកាលពីចុងឆ្នាំ២០១៩មក រហូតមកទល់ថ្ងៃនេះ កម្ពុជាទើបរកឃើញថាអ្នកផ្ទុកជំងឺនេះមាន ១ ករណីប៉ុណ្ណោះ ដែលកើតឡើងទៅលើជនជាតិចិនម្នាក់នៅខេត្តព្រះសីហនុ ប៉ុន្តែមន្ត្រីជំនាញបានព្យាបាលជាសះស្បើយ និងបានបញ្ជូនជនជាតិចិនរូបនោះទៅប្រទេសកំណើតហើយដែរ។

យ៉ាងណាក៏ដោយចុះ កាលពីថ្ងៃពុធ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានប្រកាសដាក់ចេញវិធានការជាអាទិភាព គឺវិធានការទប់ទល់នឹងជំងឺកូរ៉ូណា ដែលកំពុងរីករាលដាលនៅលើពិភពលោក។ លោកថាជំងឺនេះ បណ្តាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ពិសេសស័យទេសចរណ៍ និងវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងជាដើម។

ជាមួយគ្នានេះ ហ៊ុន សែន ក៏បានប្រកាសកាត់បន្ថយការចំណាយនៅតាមក្រសួងស្ថាប័នរដ្ឋ៥០ភាគរយ លើកលែងតែក្រសួងបីប៉ុណ្ណោះ រួមមានក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្ត្រី ដែលត្រូវកាត់បន្ថយការចំណាយត្រឹម២៥% ប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ធ្លាប់បានលើកឡើងថានៅក្នុងខែមីនានេះ រោងចក្រប្រមាណ២០០ប្រឈមនឹងការព្យួរ ដែលនឹងធ្វើឱ្យកម្មករជិត២០ម៉ឺននាក់ត្រូវព្យួរការងារផងដែរ៕ 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស