34 C
Phnom Penh

លោកនាយករដ្ឋមន្ត្រី ណែនាំឪពុកម្តាយគ្រប់រូបឱ្យអប់រំកូនប្រកប ដោយសីលធម៌ និងប្រកាន់យកវប្បធម៌អហិង្សា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជំរុញឲ្យមានការដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់តួនាទីស្ត្រី នៅកម្ពុជាឱ្យបានកាន់តែប្រសើរ ដោយបញ្ជៀសអំពើហិង្សា ឬការរំលោភបំពាននានាទៅលើស្ត្រី និងក្មេងស្រី។

ថ្លែងក្នុងឱអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨ មីនា នៅថ្ងៃសុក្រនេះ លោកហ៊ុន សែន ក៏បានណែនាំនូវចំណុចមួយចំនួនដល់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ វិស័យឯកជន សង្គមស៊ីវិល និងប្រជាពលរដ្ឋផងដែរ។

ចំណុច១ ក្នុងចំណោមចំណុចជាអាទិភាពចំនួន៧ ដែលលោកបានដាក់ចេញនៅព្រឹកនេះ លោក ហ៊ុន សែន បានប្រាប់ទៅក្រសួងអប់រំយុវជន និងកីឡា ត្រូវណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ឲ្យពង្រឹងការអនុវត្តវិន័យ និងមានទំនាក់ទំនងជាមួយឪពុក ម្តាយ ឬ អ្នកឤណាព្យាបាលសិស្សឲ្យបានជាប្រចាំ។

ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានណែនាំដល់ឪពុក ម្តាយ ឬ ឤណាព្យាបាលគ្រប់រូប គួរយកចិត្តទុកដាក់ អប់រំកូនចៅ ប្រុសស្រី ឱ្យពួកគេខិតខំរៀនសូត្រ មានសីលធម៌ល្អ និងប្រកាន់យកនូវវប្បធម៌អហិង្សាទាំងក្នុងគ្រួសារ និងក្នុងសង្គម។

ប៉ុន្តែ ក្រុមអ្នកឃ្លាំមើលនយោបាយ និងសង្គមស៊ីវិលមួយចំនួនធ្លាប់លើកឡើងថា ការអប់រំកុមារឬ យុវជនឱ្យដើរលើផ្លូវល្អ ទាំងសីលធម៌ និងប្រកាន់យកធម៌អហិង្សានេះទៅបាន លុះត្រាតែប្រមុខដឹកនាំប្រទេស ថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងរដ្ឋ និងវិស័យឯកជន ថ្នាក់ដឹកនាំមូលដ្ឋាន និងមេគ្រួសារ ព្រមទាំងវិស័យសាសនា ត្រូវដើរតួនាទីជាគម្រូគេ ដោយវាចាកនូវការប្រើប្រាស់ហិង្សា ទាំងកាយវិការ សកម្មភាព និងចិត្តគំនិតផងដែរ។ លើសពីនេះ បញ្ឈប់ការលើកទឹកចិត្តដល់ក្រុមមន្ត្រីដែលចូលចិត្តប្រើអំពើហិង្សា ជាថ្នូរនឹងការលើកតំណែងជាដើម។

កន្លងមកលោក ហ៊ុន សែន តែងបង្ហាញទម្រង់ហិង្សា ទាំងកាយវិការ ទឹកមុខ និងប្រសាសន៍របស់លោកក្នុងពិធីជួបជុំជាមួយសិស្សនិស្សិត ឬ មន្ត្រីរាជការរបស់ខ្លួន នៅមុខកម្មករ និងប្រជាពលរដ្ឋ ដោយពេលខ្លះលោកបានប្រើពាក្យពេជន៍មិនសមរម្យ ការជេរប្រមាថជាសាធារណៈ និងការបញ្ជាឱ្យមន្ត្រីក្រោមឱវាទធ្វើទុក្ខបុកម្នេញដល់ក្រុមប្រឆាំងជាដើម។

ជាក់ស្តែងលោក ហ៊ុន សែន ក៏ធ្លាប់បានបង្ហាញការសោកស្តាយ ដែលលោកមិនបានសម្លាប់ក្រុមថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដោយលោកចោទថា ពួកគេមានចេតនាចង់ផ្តួលរំលំរដ្ឋាភិបាល ក្រោមហេតុផលថាសម្លាប់មនុស្ស១រយ ឬ២រយនាក់ ដើម្បីសន្តិភាពប្រទេស គ្មានអ្វីត្រូវខ្លាចនោះទេ។ ជាងនេះទៅទៀត លោកក៏ធ្លាប់ព្រមាន និងជេរប្រមាថទៅក្រុមអ្នកវិភាគ ឬក្រុមបក្សប្រឆាំងមិនតិចដងនោះ ដែរ។

ដោយឡែករដ្ឋមន្ត្រីមួយចំនួនក្នុងជួររដ្ឋាភិបាលលោក ហ៊ុន សែន ក៏ធ្លាប់បានបង្ហាញចរឹកហិង្សា និងអសីលធម៌ជាច្រើន ដូចជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ធ្លាប់ព្រមានក្រុមបក្សប្រឆាំងដោយវាយបាក់ធ្មេញ ប្រសិនបើហ៊ានតវ៉ានឹងរដ្ឋាភិបាល។

ចំណែកលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានព្រមានវាយក្រុមបក្សប្រឆាំងនឹងគល់ឫស្សី។ សមាជិករដ្ឋសភាមួយរូប និងជាប្រធានគណៈកម្មការឃោសនាការ និងកិច្ចការបរទេស លោក ឈាង វ៉ុន ធ្លាប់បណ្តេញសមាជិករដ្ឋសភាមកពីគណបក្សសង្រ្គោះជាតិ កាលពេលដែលគណបក្សនេះមិនទាន់ត្រូវបានរំលាយ និងបណ្តេញអ្នកសារព័ត៌មានចេញពីទីតាំងរដ្ឋសភាកាលពីឆ្នាំ២០១៥ ដោយប្រើសម្តី និងកាយវិការមិនសមរម្យជាដើម។ 

រីឯ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ក៏ធ្លាប់ជេរប្រមាថមន្ត្រីទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថាជាមនុស្សព្រៃ និងបានបណ្តេញពួកគេចេញពីប្រទេសបើពួកគេ មិនពេញចិត្តការដឹកនាំរដ្ឋាភិបាលជាដើម។

ក្រៅពីនេះ រដ្ឋាភិបាលលោកហ៊ុន សែន ក៏បង្កើតឱ្យមានវប្បធម៌លើកទឹកចិត្តមនុស្សដែលប្រើប្រាស់អំពើហិង្សាថែមទៀតផង។ កាលពីឆ្នាំ២០១៥ មន្ត្រីកងអង្គរក្សរបស់លោកបានវាយដំសមាជិកតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ២ រូប គឺ លោក គង់ សភា និង លោក ញ៉យ ចំរើន ឲ្យរបួសធ្ងន់ធ្ងរទៀតផង។ ក្រោយមកមន្ត្រីកងអង្គរក្សទាំង៣រូបត្រូវបានចាប់ខ្លួន ប៉ុន្តែឃុំខ្លួនមិនបានប៉ុន្មានផង ពួកគេត្រូវបានដោះលែង ហើយតម្លើងស័កយសឱ្យខ្ពស់ជាងមុនទៀតផង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស