26 C
Phnom Penh

លោក ហ៊ុន សែន បានជំរុញឱ្យមានការបង្កើនចំនួនស្ត្រីជាថ្នាក់ដឹកនាំតាមស្ថាប័នរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាយកចិត្តទុកដាក់តាមរយៈការផ្តល់អាទិភាពចំពោះការបង្កើនចំនួនស្ត្រីដែលមានតួនាទីជាថ្នាក់ដឹកនាំនៅតាមវិស័យផ្សេងៗ និងគ្រប់កម្រិត។

ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១០៩ ក្រោមប្រធានបទ មានសន្តិភាព មានការលើកកម្ពស់ មានសមភាពយេនឌ័រនៅព្រឹកថ្ងៃសុក្រលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងអំពីតួនាទី និងតម្លៃរបស់ស្ត្រី នៅកម្ពុជា ដោយបានរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍជាតិ លើកមុខមាត់ជាតិជាដើម។

ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងជនរួមជាតិទាំងអស់ត្រូវរួមគ្នាបង្កើនចំនួនស្ត្រីដែលមានតួនាទីជាថ្នាក់ដឹកនាំនៅតាមវិស័យផ្សេងៗ និងគ្រប់កម្រិត។

យ៉ាងនេះក្តី ក៏នៅមានបញ្ហាប្រឈមជាច្រើន បានកើតឡើងទៅលើស្ត្រី និងក្មេងស្រីផងដែរ ដូចជាការប្រើអំពើហិង្សាក្នុងគ្រួសារ ក្នុងសង្គម ករណីរំលោភសេពសន្ថវៈ ទៅលើស្រ្តី និងក្មេងស្រី នៅតែបន្តកើតមានឡើង ព្រមទាំងការរើសអើងទៅលើតួនាទីស្ត្រីក្នុងវិស័យការងាររដ្ឋ និងឯកជនជាដើម។ បន្ថែមពីនេះចំនួនស្រ្តី នៅក្នុងជួរថ្នាក់ដឹកនាំដ្ឋាភិបាល ដែលអាចមានសិទ្ធិសម្រេចក្នុងគោលនយោបាយ រដ្ឋាភិបាលនៅមានចំនួនតិចតួចនៅឡើយ។

របាយកាការណ៍របស់រដ្ឋាភិបាលឱ្យដឹងថានៅឆ្នាំ២០១៩ កម្ពុជាមានឧបនាយករដ្ឋមន្ត្រីជាស្ត្រី ១រូប រដ្ឋមន្ត្រីដឹកនាំក្រសួងមានចំនួន៣ រូប។ រដ្ឋលេខានៅតាមក្រសួងស្ថាប័នមានចំនួន ៥៣រូប ហើយមានអនុរដ្ឋលេខាធិការមានចំនួន៧០រូប។

ដោយឡែកថ្នាក់ដឹកនាំ ថ្នាក់ក្រោមជាតិ កម្ពុជាមានស្ត្រីជាអភិបាលខេត្ត ១រូប គឺ នៅខេត្តកោះកុង។ អភិបាលស្រុក ក្រុង និងខណ្ឌ ជាស្ត្រី មានចំនួន៦ រូបដោយឡែកស្ត្រីជាមេឃុំ ឬ ចៅសង្កាត់មានចំនួន១៣០ រូប ក្នុងចំណោមឃុំសង្កាត់នៅទូទាំងប្រទេសជាង៤ពាន់៕  

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស