30 C
Phnom Penh

ភាពហិនហោចនៃព្រៃឈើរបស់ខ្មែរមានជាប់ពាក់ព័ន្ធនឹងអំណាចត្រកូល ហ៊ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមនុស្សមានផលប្រយោជន៍ជាមួយនឹងរបបគ្រប់គ្រងសព្វថ្ងៃ ដឹកនាំដោយលោក ហ៊ុនសែន នៃបក្ស ប្រជាជនកម្ពុជា តែងតែនិយាយថា សេចក្តីរាយការណ៍អំពី វិនាសកម្មធនធាន ធម្មជាតិ មានព្រៃឈើ និង រ៉ែ ជាដើម គឺជារឿងចាស់យូរហើយ មិនត្រូវលើកមកនិយាយទៀតទេ។ រឿងចាស់ខ្លះវាចប់ជាស្ថាពរមែន ប៉ុន្តែ រឿងចាស់ខ្លះទៀត វាកើតមានក្នុងអតីតកាល ហើយវាតភ្ជាប់មកដល់សព្វថ្ងៃមិនទាន់ចប់ ហើយអាចនឹងបន្តទៅអនាគតកាលទៀតផង ពីព្រោះ វាជារឿងកើបផលចំណេញឥតគណនា។

មជ្ឈដ្ឋានខ្មែរខ្លះ បានហៅស្រុកខ្មែរសព្វថ្ងៃទាំងក្តីក្រេវក្រោធថា៖ ដីខ្មែរ ព្រៃខ្មែរ តែថៅកែយួន ឬ ចិន។ សំដីនេះ សំដៅទៅធនធានធម្មជាតិជាភោគទ្រពជាតិខ្មែរ ប៉ុន្តែ ផលប្រយោជន៍ធ្លាក់ក្នុងដៃក្រុមហ៊ុនបរទេស និង ឈ្មួញពុករលួយក្នុងស្រុកមួយចំនួនដែលបានទទួលងារជាឧកញ៉ា។ មានពលរដ្ឋខ្មែរខ្លះទៀត ហៅក្រុមឧកញ៉ាមួយចំនួនធំ ជាក្រុមចោរ ពោលគឺកាប់ឈើ ដឹកឈើ លក់ឈើចេញ បន្លំ បំភ័ន្ត កេងប្រវ័ញ្ញ បំបាត់ពន្ធរដ្ឋ និង បំផ្លាញធនធានធម្មជាតិប្រទេសកម្ពុជា។ តុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ថា ICC នៅថ្ងៃទី១៥ កញ្ញា ២០១៦ បានចាត់ចូលការបំផ្លាញបរិស្ថាន និង ធនធានធម្មជាតិ ជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ក្រុមឧកញ៉ាខូចៗនៅស្រុកខ្មែររួចខ្លួនគ្មានទោសមកពីរដ្ឋាភិបាលការពារ។

តាមសេចក្តីរាយការណ៍ពីអង្គការ Global Witness ដែលតាមដានការកាប់ឈើនៅស្រុកខ្មែរវិនាសកម្មព្រៃឈើខ្មែរផ្តើមឡើងជាទ្រង់ទ្រាយតូច រួចជាមធ្យមក្នុងឆ្នាំ១៩៩០ ដោយថៅកែរោងសិប្បកម្មជាងឈើតុ−ទូជនជាតិយួនម្នាក់ឈ្មោះ ឌ័ន ង្វៀងឌឹក (Doan Nguyen Duc) នៅតំបន់ខ្ពង់រាបប្រទេសយៀកណាមភាគកណ្តាល ក្នុងខេត្ត ភ្លៃគូ និង ចាឡាយ ហើយប្រែក្លាយ ជាទ្រង់ទ្រាយធំនៅឆ្នាំ២០០៦ ដោយទិញឈើប្រណីតៗពីស្រុកខ្មែរ។ បន្ទាប់មក ថៅកែរោងជាងឈើ ឌ័ន ង្វៀងឌឹក (Doan Nguyen Duc) ក្លាយជាថៅកែក្រុមហ៊ុនធំមួយឈ្មោះថា ហ្វ័ងអាញ់ចាឡាយ ឬហៅកាត់ថា HAGL។ ឌ័ន ង្វៀងឌឹក (Doan Nguyen Duc) ធ្លាប់ប្រាប់ក្រុមការងារស៊ើបអង្កេតឧក្រិដ្ឋកម្មព្រៃឈើស្រុកខ្មែរដូច្នេះ៖

លោក ឌ័ន ង្វៀងឌឹក (Doan Nguyen Duc)

ខ្ញុំគិតថា ធនធានធម្មជាតិមិនសំបូររហូតទេ ដូច្នេះ ខ្ញុំត្រូវការយកធនធាននោះឲ្យបានមុនវានឹងរលាយអស់។

ក្រុមហ៊ុន ហ្វ័ងអាញ់ចាឡាយ បានលក់ភាគហ៊ុនឲ្យ សាជីវកម្មកៅស៊ូយៀកណាម ឬ Vietnam Rubber Group (VRG) នៅឆ្នាំ២០១០។ ពេលក្រុមហ៊ុន ហ្វ័ងអាញ់ចាឡាយ របស់ ឌ័ន ង្វៀងឌឹក (Doan Nguyen Duc) រកស៊ីធ្វើគ្រឿងសង្ហារឹមប្រណីតៗសម្រាប់នាំចេញទៅបរទេស ឌ័ន ង្វៀងឌឹក (Doan Nguyen Duc) រកស៊ីកាប់ឈើ ទិញឈើជាមួយឧកញ៉ាកូនកាត់ស្រុកខ្មែរឈ្មោះ ទ្រី

ភាព និង ឡេង រិទ្ធី។  ក្រុមហ៊ុន ហ្វ័ងអាញ់ចាឡាយ មានសាខា និង ក្រុមហ៊ុនរកស៊ីឈើនៅស្រុកខ្មែរ ទាំងតូចទាំងធំ ដូចតទៅនេះ៖

តំណាងក្រុមហ៊ុន ហ្វ័ងអាញ់ចាឡាយ មាននាយកដែលគ្រប់គ្រងក្រុមហ៊ុនចំនួន៣ ឈ្មោះ ង្វៀង វ៉ាន់មិញ, ឧកញ៉ា រ័ត្ន សុខន ទីប្រឹក្សា ប្រធាន រដ្ឋសភា កាន់កាប់ដីសម្បទានសេដ្ឋកិច្ចដំណាំកៅស៊ូទំហំ ១៨,០០០ ហិកតារ ក្នុងតំបន់អភិរក្សសត្វព្រៃ ស្រុកលំផាត់ ខេត្ត រតនគិរី។ក្រុមហ៊ុន ហ្វ័ងអាញ់លំផាត់ ក្រុមហ៊ុន ហ្វ័ងអាញ់អណ្តូងមាស ក្រុមហ៊ុន ហ្វ័ងអាញ់ អូរយ៉ាដាវ ក្រុមហ៊ុន ហ្វ័ងអាញ់ម៉ាងយ៉ាង (បច្ចុប្បន្ន គ្រប់គ្រងដោយសាជីវកម្មចំការកៅស៊ូយៀកណាមា ក្រុមហ៊ុន ហ្វ័ងអាញ់ រតនគិរី ក្រុមហ៊ុន ស៊ីអឌី ក្រុមហ៊ុន គិរីអភិវឌ្ឍន៍។

នៅឆ្នាំ២០០៦ រដ្ឋាភិបាលយៀកណាម បង្កើត សាជីវកម្មចំការកៅស៊ូយៀកណាម (VRG) ក្រោមការយល់ព្រមពីនាយករដ្ឋមន្រ្តី ផាន់ វ៉ាន់ខៃ និង ង្វៀង តឹនយុង ដោយតម្រូវឲ្យរកដីដាំកៅស៊ូទំហំ ១លានហិកតារ តាមគោលការណ៍នយោបាយសេដ្ឋកិច្ចជាតិ។ រដ្ឋអំណាចយួនដើររកដីនៅប្រទេសលាវមុន ហើយនៅឆ្នាំ២០០៧ រកដីនៅប្រទេសកម្ពុជា ដោយផ្តើម មើលពីតំបន់ព្រៃឡង់។ ចាប់ផ្តើមដំបូង សាជីវកម្មចំការកៅស៊ូយៀកណាម VRG ត្រូវការដីទំហំ ១សែន ៤ម៉ឺនហិកតារ នៅកម្ពុជា និង នៅលាវ។ នៅឆ្នាំ២០០៨ ក្រុមហ៊ុន ចំការកៅស៊ូយួន រាយការណ៍ម្តងថា ក្រុមហ៊ុនបានទទួលសិទ្ធិគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចទំហំ ១សែនហិកតារ ហើយនៅឆ្នាំ២០១១ រាយការណ៍ថា គេមានដីតែទំហំជាង ៤ម៉ឺនហិកតារប៉ុណ្ណោះ។ ប៉ុន្តែ នៅឆ្នាំ ២០១២ ក្រុមហ៊ុនរាយការណ៍ថា គេមានដីទំហំ ៦ម៉ឺនហិកតារ។ តាមការស៊ើបអង្កេតផ្ទាល់ ក្រុមហ៊ុនចំការកៅស៊ូយួន VRG កាន់កាប់ដីដាំកៅស៊ូ ទំហំពីជាង ១សែន ៣ម៉ឺន ទៅ ១សែន ៦ម៉ឺនហិកតារនៅកម្ពុជា។ សូមបញ្ជាក់ថា ក្រុមហ៊ុនចំការកៅស៊ូយៀកណាម VRG មិនមែនទទួលបានផ្ទៃដីវាលល្វឹងល្វើយដើម្បីដាំកៅស៊ូនោះទេ។ គេទទួលបានដីមានព្រៃឈើមានឈើប្រណីត ឈើលេខ១ ដុះ ដូច្នេះ គេត្រូវកាប់ដើមឈើប្រណីតធំៗ ដឹកចេញ ទៅលក់ជាមុនសិន បើគេត្រូវដាំកៅស៊ូនោះ។ ព្រោះតែដីសម្បទានសេដ្ឋកិច្ច ដែលលោក ហ៊ុន សែន បានធ្វើសម្បទាន ឬ ប្រែថាឲ្យគេដាច់មិនយកវិញ ឬ ចុះកិច្ចព្រមព្រៀងជួល៩៩ឆ្នាំ មួយហិកតារ ១ដុល្លារ ក្នុងមួយឆ្នាំនោះ រដ្ឋអំណាចយៀកណាម បានដាក់អង្គភាពកងទ័ពប្រជាជនយៀកណាមឲ្យការពារដីអាជីវកម្មរបស់គេលើទឹកដីខ្មែរនៅខេត្ត រតនគិរី។ កាសែត The Cambodia Daily ចុងខែធ្នូ ឆ្នាំ២០១៥ បានសួរអ្នកនាំពាក្យក្រសួងកសិកម្ម លោក អ៊ាង សុផល្លែត អំពីយោធាយួនប្រដាប់អាវុធពី

អង្គភាពលេខ១៥ មានកងអនុសេនាធំលេខ៧២ ៧៤ ៧៥ កាន់កាប់ដីសម្បទានសេដ្ឋកិច្ចនៅខេត្ត រតនគិរី លោកឆ្លើយថា៖ រដ្ឋាភិបាលប្រទេសកម្ពុជា មិនប្រកាន់រើសអើងថាអ្នរកស៊ីជាទាហាន ឬ ជាស៊ីវិល ឬពីប្រទេសណាទេ គឺស្វាគមន៍ទាំងអស់ឲ្យវិនិយោគទុន។

ចំណែកឯឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួង មហាផ្ទៃ លោកបានប្រាប់កាសែត The Cambodia Daily ពេលនោះ អំពីបញ្ហា អធិបតេយ្យជាតិខ្មែរ និង ប្រទេសកម្ពុជា ដែលមានទា ហានយួនកាន់កាប់ដីខ្មែរ លោកឆ្លើយថា៖ កងទ័ពប្រជាជនយៀកណាម អាចរកស៊ី អាចចុះកិច្ចសន្យារកស៊ីជាមួយប្រទេសណាក៏បាន ព្រោះថា គេស្ថិតក្រោមការដឹកនាំមេទាហាននៃប្រទេសយៀកណាម។ភាគីខាងខ្មែរ និងខាងយួនដែលចូលដៃ ចូលហ៊ុនជាមួយក្រុមហ៊ុនចំការកៅស៊ូយួនគ្រានោះមាន៖តំណាងសាជីវកម្មចំការកៅស៊ូយៀកណាម VRG ឧកញ៉ា ឡេង រិទ្ធី រដ្ឋមន្រ្តី គ្រប់គ្រងដែនដីលោក អ៊ីម ឈុនលីម ក្រុមហ៊ុន សេង គាង អតីតភរិយា ហ៊ុន ចូច ហៅ ឌី ចូច សាច់ញាតិលោក ហ៊ុន សែន។ រីឯក្រុមហ៊ុនកាន់កាប់ដីសម្បទានសេដ្ឋកិច្ច ហើយផ្តល់សិទ្ធិដាំកៅស៊ូឲ្យសាជីវកម្មយួន VRG  ដែលជាក្រុមហ៊ុនមានឈ្មោះដូចយួន គឺ៖ ក្រុមហ៊ុន ដុងភូ ក្រុមហ៊ុន ដុងណៃ ក្រុមហ៊ុន ភូរៀង ក្រុមហ៊ុន តាន់បៀន ក្រុមហ៊ុន ក្រុងប៊ុក ក្រុមហ៊ុន គិរី ក្រុមហ៊ុន ហ្វ័ងអាញ់ម៉ាងយ៉ាង និង ក្រុមហ៊ុនគ្មានឈ្មោះចំនួន១៩ទៀត ព្រមទាំង ក្រុមហ៊ុនដាក់ឈ្មោះខ្មែរពីមុខ។

ក្នុងខេត្ត រតនគិរី សងខាងផ្លូវជាតិលេខ៧៨ កាត់ខេត្តភាគឦសាននេះ ឆ្លងកាត់ព្រំដែនទៅប្រទេសយៀកណាម ក្រុមហ៊ុនឈ្មោះខ្មែរ មានក្រុមហ៊ុន៖វាសនាវិនិយោគទុន ក្រុមហ៊ុន ជា ចន្ទរិទ្ធិ ក្រុមហ៊ុន រ៉ាម៉ា ឬ រាមាខ្មែរ រួមនឹងក្រុមហ៊ុនឈ្មោះដូចយួន ដាយដុងដួង។ កាសែត The Cambodia Daily រកឃើញនៅឆ្នាំ២០១៥ថា ប្រធានក្រុមហ៊ុន វាសនាវិនិយោគ និង ក្រុមហ៊ុន ៧៥រតនគិរី ឈ្មោះ ដ វ៉ាន់សាង (Do Van Sang) ជាមេបញ្ជាការកងអនុសេនាធំយោធាយួនលេខ៧៥។ ប្រធាន ក្រុមហ៊ុន ជា ចន្ទរិទ្ធិ អភិវឌ្ឍន៍ និងក្រុមហ៊ុន អភិវឌ្ឍន៍កៅស៊ូ៧២អូរយ៉ាដាវ ឈ្មោះ ង្វៀង កាញ់គ្វ័ង (Nguyen Canh Quang)។ ប្រធាន ក្រុមហ៊ុន រ៉ាម៉ាខ្មែរ ឬ រាមាខ្មែរ អន្តរជាតិ និង ក្រុមហ៊ុន អភិវឌ្ឍន៍កៅស៊ូ៧២ រតនគិរី ឈ្មោះ ផាំ វ៉ាន់យ៉ាង (Pham Van Giang) ជាមេបញ្ជាការកងអនុសេនាធំលេខ៧២។ ប្រធាន ក្រុមហ៊ុន ដាយ ដុងដួង ពាណិជ្ជស្តុករួម និង ក្រុមហ៊ុន អភិវឌ្ឍន៍កៅស៊ូ៧៤ រតនគិរី ឈ្មោះ ត្រាន់ គ្វ័ងហ៊ុង (Tran Quang Hung) ជាមេបញ្ជាការកងអនុសេនាធំលេខ៧៤។

តាមសេចក្តីរាយការណ៍នៃអង្គការ លីកាដូ ផ្ទៃដីសរុបដាំដុះបាននៅស្រុកខ្មែរទំហំជាង២លានហិកតារ ៥៧%នៃផ្ទៃដីដាំដុះនេះ ស្ថិតក្រោមការគ្រប់គ្រងកាន់កាប់នៃក្រុមហ៊ុនបរទេស ពោលគឺ ក្រុមហ៊ុនយួន និង ចិន។ ឧត្តមសេនីយ៍ ខៀវ សុភ័គ ពោលបែបអស់សង្ឃឹមថា៖ខ្មែរបានចំណូលតែប្រមាណពី៦ ទៅ៨លានដុល្លារក្នុងមួយឆ្នាំពីការកាប់ឈើលក់ចេញ រីឯយៀកណាមដែលមិនសម្បូរណ៍ព្រៃឈើ គេរកចំណូលបាន ៨០០លានដុល្លារក្នុងមួយឆ្នាំ។ចម្ងល់ដែលពលរដ្ឋខ្មែរមាន និង សំណួរដែលពលរដ្ឋខ្មែរសួរនោះគឺ៖ តើខ្មែរជាម្ចាស់ទឹកដី ល្ងង់មិនចេះគ្រប់គ្រង ចាត់ចែងធនធានធម្មជាតិរបស់ខ្លួន រហូតដល់ទៅឲ្យបរទេសមកកើបយកផលពីធនធានធម្មជាតិរបស់ខ្លួនឬដូចម្តេច? អ្នកគ្រប់គ្រងគួរតែមានចម្លើយជូនពលរដ្ឋរបស់ខ្លួន។ ដោយឡែកពីនេះ ក្រុមអ្នកនយោបាយប្រឆាំង គប្បីងាកទៅមើលភោគទ្រព្យជាតិរបស់ខ្លួនដែលខ្ទេចខ្ទាំក្រោមដៃរបបផ្តាច់ការដែលខ្លួនចង់ប្តូរនោះជា បន្ទាន់ ឲ្យលើសពីការចំណាយធនធានតែទៅលើចង់ឈ្នះដោយការបោះឆ្នោតនោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស