28.4 C
Phnom Penh

អភិបាលខេត្តបាត់ដំបងបញ្ជាឱ្យបិទលូបង្ហូរទឹកស្អុយចូលទៅក្នុងស្ទឹងសង្កែ ក្រោយពេលក្រុមយុវជនចេញវីដេអូផ្សព្វផ្សាយអំពីបញ្ហានេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍នៅចុងសប្តាហ៍នេះ ដោយលោកបានបញ្ជាឱ្យ អាជ្ញាធរពាក់ព័ន្ធចុះបិទលូដែលបានបង្ហូរទឹកស្អុយចូលក្នុងស្ទឹងសង្កែ និងបញ្ជាឱ្យបូមទឹកស្អុយនៅក្នុងលូនោះទៅដាក់នៅក្នុងអាង ដែលស្ថិតនៅខាងក្រៅក្រុងថែមទៀតផង។ ប្រភពដដែលអះអាងថា មានតែលូទឹកស្អុយតែមួយប៉ុណ្ណោះ ដែលបង្ហូរចូលស្ទឹងសង្កែ ហើយលូនោះបានបន្សល់ទុកតាំងពីសម័យបារាំងមកម្លេះ។

កាលពីថ្ងៃទី៦ មីនា ក្រុមយុវជន និងព្រះសង្ឃនៃអង្គការចលនាមាតាធម្មជាតិ ខេត្ដបាត់ដំបង បានចេញវីដេអូប្រវែងជាង២នាទី ផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក។

ពួកគេ លើកឡើងថា ខេត្តបាត់ដំបងជាខេត្ដប្រវត្ដិសាស្រ្ដមួយ មានទីកន្លែងកម្សាន្ដល្បីៗជាច្រើន ជាពិសេសគឺស្ទឹងសង្កែ ស្ថិតក្នុងក្រុងបាត់ដំបង ដែលប្រជាជនខ្មែរបានស្គាល់ស្ទើរគ្រប់គ្នា។

ប៉ុន្តែជារឿងដ៏គួរឲ្យសោកស្ដាយបំផុតចំពោះស្ទឹងសង្កែដ៏ស្រស់ស្អាតរបស់យើងទាំងអស់គ្នា ពេលនេះកំពុងទទួលរងនូវការបំផ្លាញបន្ដិចម្ដងៗ ដែលថ្ងៃខាងមុខ អាចធ្វើឲ្យយើងមិនហ៊ានទៅលេងខេត្តនេះទៀតផង ព្រោះតែបញ្ហាទឹកស្អុយហូរចេញពីលូចូលទៅក្នុងទឹកស្ទឹងសង្កែ ដោយមិនបានឆ្លងកាត់ការចម្រោះត្រឹមត្រូវ។

ក្រុមយុវជនបន្តថា ដោយបារម្ភអំពីបញ្ហានេះអាចបន្ដរហូត ឈានដល់ការបំផ្លាញស្ទឹងសង្កែដ៏ស្រស់ស្អាតមួយនេះ ទើបក្រុមព្រះសង្ឃ និងយុវជន រួមគ្នាធ្វើវីដេអូ ដើម្បីទាមទារឲ្យអភិបាលខេត្ដបាត់ដំបង ដោះស្រាយចំពោះបញ្ហាមួយនេះជាបន្ទាន់។

ប្រភពដដែល អះអាងថា ទឹកស្អុយនោះបានហូរចេញពីមន្ទីរពេទ្យ សណ្ឋាគារ និងផ្ទះសំណាក់ដែលផ្ទុកទៅដោយបាក់តេរី និងប៉ារ៉ាស៊ីត បង្កគ្រោះថ្នាក់ដល់សុខភាព អ្នកនេសាទត្រីនៅក្នុងស្ទឹងយកទៅបរិភោគ និងពលរដ្ឋដែលប្រើប្រាស់ទឹកស្ទឹងជាប្រចាំថ្ងៃ។

កន្លងមកបញ្ហាបង្ហូរទឹកស្អុយចូលទន្លេ សមុទ្រនេះ ក៏កើតមាននៅតាមបណ្តាខេត្តមួយចំនួន ពិសេសនៅខេត្តព្រះសីហនុ តែម្តង ហើយក្រុមយុវជនអង្គការចលនាមាតាធម្មជាតិ តែងធ្វើវីដេអូផ្សព្វផ្សាយអំពីបញ្ហានេះ ទាមទារឱ្យរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្តដោះស្រាយជាច្រើនលើកច្រើនសារ។

លើសពីនេះ ពួកគេក៏ធ្លាប់ទាមទារឱ្យរុះរើនូវសំណង់អគារ សណ្ឋាគារ កាសីណូ មួយចំនួន ដែលបានសាងសង់រំលោភច្បាប់ និងបានបង្ហូរទឹកស្អុយចូលទៅសមុទ្រជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស