30 C
Phnom Penh

រដ្ឋាភិបាលនឹងចាត់វិធានការដល់អាជីវករដែលលក់ទំនិញឡើងថ្លៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលតាមរយៈ ក្រសួងពាណិជ្ជកម្មព្រមានចាត់វិធានការលើម្ចាស់ហាង និងអាជីវករទាំងឡាយណា ដែលឆ្លៀតឱកាសដំឡើងថ្លៃទំនិញ នៅពេលប្រទេសកម្ពុជាមានការព្រួយបារម្ភចំពោះវីរុសរលាកសួតកូវីដ-១៩ ឬ កូរ៉ូណា។

ការបារម្ភនេះ បានធ្វើឱ្យ ពលរដ្ឋមួយចំនួននាំគ្នាសម្រុកទៅទិញទំនិញមករក្សាទុក ក្រោយពេលមានព័ត៌មាននៃការឆ្លងវីរុសកូវីដ-១៩ លើបុរសជនជាតិខ្មែរម្នាក់នៅខេត្តសៀមរាប។

សេចក្តីអំពាវនាវរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃច័ន្ទនេះ បានកត់សម្គាល់ថា ខណៈពលរដ្ឋបាននាំគ្នាសម្រុកទិញទំនិញខុសប្រក្រតី មានហាងមួយចំនួនតូចបានឆ្លៀតឱកាសលក់ដំឡើងថ្លៃម៉ាសការពារមុខ អាល់កុលលាងដៃ និងទំនិញចាំបាច់មួយចំនួនទៀតខុសពីធម្មតា។

ក្រសួងពាណិជ្ជកម្ម បានព្រមានចាត់វិធានការតាមផ្លូវច្បាប់លើជនឆ្លៀតឱកាសទាំងនោះ ដោយក្រសួងថានឹងចាត់មន្ត្រីជំនាញឱ្យសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវ និងត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ។

ក្នុងករណីរកឃើញជនខិលខូចដែលឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃ កេងចំណេញជ្រុលហួសហេតុ ក្រសួងនឹងចាត់វិធានការតាមច្បាប់តែម្តង ព្រោះការដំឡើងថ្លៃហួសហេតុបែបនេះ អាចបង្កឱ្យមានចលាចលក្នុងសង្គមធ្ងន់ធ្ងរ។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មក៏បានអំពាវនាវឱ្យពលរដ្ឋទូទៅរក្សានូវភាពនឹងនរ និងកុំជ្រួលច្របល់ហួសហេតុដែលអាចនាំឱ្យជនឱកាសនិយមឆ្លៀតកេងចំណេញពីបញ្ហានេះ។

ពលរដ្ឋមួយចំនួននាំគ្នាផ្អើលទិញទំនិញចាំបាច់ ពិសេសស្បៀងអាហារ ក្រោយពេលក្រសួងសុខាភិបាលបានរកឃើញបុរសជនជាតិខ្មែរមួយរូបនៅខេត្តសៀមរាប បានផ្ទុកមេរោគកូរ៉ូណា ក្រោយពេលលោកបានប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិជប៉ុនម្នាក់ ដែលបានចាកចេញពីខេត្តសៀមរាប ទៅប្រទេសជប៉ុនហើយរកឃើញថាមានជំងឺកូរ៉ូណានៅក្នុងប្រទេសរបស់ខ្លួន។

យ៉ាងណាក៏ដោយចុះ តាំងពីមានការលក់ទំនិញមួយចំនួនថ្លៃហួសហេតុ ពិសេសម៉ាស់ ទឹកលាងដៃ ឬ អាកុលជាដើម គេនៅមិនទាន់ឃើញមន្ត្រីជំនាញចាត់វិធានការលើក្រុមឈ្មួញឆ្លៀតឱកាសទាំងនោះតាមច្បាប់នៅឡើយទេ។

អ្នកឃ្លាំមើលបញ្ហាសង្គម ធ្លាប់លើកឡើងថា ការឆ្លៀតឱកាសក្នុងគ្រាប្រទេសជាតិ និងពលរដ្ឋមានបញ្ហាបែបនេះ ជារឿងបង្ហាញពីការធ្លាក់ចុះនៃសីលធម៌សង្គម ក្នុងរបររកស៊ី។

យ៉ាងនេះក្តីក្រសួងពាណិជ្ជកម្ម មើលឃើញថាមានអាជីវករភាគច្រើននៅរក្សាតម្លៃទំនិញរបស់ខ្លួនក្នុងភាពធម្មតាផងដែ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស