34 C
Phnom Penh

លោក ហ៊ុន សែន ព្រមានចាប់ខ្លួនបុរសម្នាក់នៅខេត្តព្រៃវែង ដែលថាលោកបានទៅព្យាបាលជំងឺកូរ៉ូណា ដោយសម្ងាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន បានព្រមានចាប់ខ្លួនបុរសម្នាក់ ដែលរស់នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បើហ៊ានតែបន្តនិយាយថាលោកបានទៅព្យាបាលជំងឺកូរ៉ូណា នៅប្រទេសសិង្ហបុរីថែមទៀត។

សារព្រមាននេះ កើតឡើងក្រោយពេលបុរសខ្លាំងនៅកម្ពុជាទទួលបានព័ត៌មានថា បុរសម្នាក់នៅស្រុកកំពង់ត្របែក ដែលលោកមិនបញ្ចេញអត្តសញ្ញាណរូបនោះបាននិយាយថា លោកត្រូវបានបញ្ជូនទៅប្រទេសសិង្ហបុរីដោយសម្ងាត់បំផុត ដើម្បីព្យាបាលជំងឺរលាកសួត ដែលបង្កឡើងដោយមេរោគ Covid-19 ។

ថ្លែងក្នុងពិធីដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ នៅខេត្តពោធិ៍សាត់នៅព្រឹកនេះ លោក ហ៊ុន សែន  បានអះអាងថា លោកមិនមានផ្ទុកមេរោគ Covid-19 នោះទេ ហើយក៏មិនត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសសិង្ហបុរីនោះដែរ។ លោកថា ប្រសិនបើកើតជំងឺនេះមែន លោកក៏មិនអាចមកជួបជុំក្នុងពិធីដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ នេះបានដែរ។

នាយករដ្ឋមន្ត្រី អះអាងថា លោកនឹងបញ្ជាមន្ត្រីប៉ូលិសទៅចាប់ដល់ផ្ទះតែម្តង ប្រសិនបើបុរសរូបនោះ នៅមិនប្តូរឥរិយាបថរបស់ខ្លួន ហើយបន្តនិយាយថាលោក ត្រូវបានបញ្ជូនទៅព្យាបាលដោយសម្ងាត់នៅប្រទេសិង្ហបុរី ដោយសារឆ្លងជំងឺកូរ៉ូណាបន្តទៀត ព្រោះថ្ងៃនេះលោកគ្រាន់តែព្រមានសិនប៉ុណ្ណោះ។

លោកហ៊ុន សែន លើកឡើងថាបើលោកមានមេរោគ Covid-19 ពិតមែន នោះរដ្ឋាភិបាលសិង្ហបុរីក៏គេមិនអនុញ្ញាត ឲ្យលោកទៅព្យាបាលនៅទីនោះដែរ ព្រោះគេខ្លាចចម្លងដល់ប្រជាជនគេ។ លើសពីនេះទៀត បើតាមគោលការណ៍អង្គការសុខភាពពិភពលោក ឬហៅថា WHO បើគេរកឃើញនរណាផ្ទុកមេរោគ Covid-19 នៅកន្លែងណា ត្រូវព្យាបាលអ្នកជំងឺនៅទីនោះតែម្តង។ 

អ្នកវិភាគនយោបាយនៅក្រៅប្រទេសលោក គឹម សុខ ធ្លាប់បានណែនាំឱ្យលោកហ៊ុន សែន ពិនិត្យសុខភាពរបស់ខ្លួន ព្រមទាំងដាក់លោក និងមន្ត្រីគណៈប្រតិភូផ្សេងទៀត ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ឬលើសពីនេះ ដើម្បីតាមដានបញ្ហាជំងឺកូរ៉ូណានេះ។ 

ការលើកឡើងរបស់អ្នកវិភាគរូបនេះ បន្ទាប់ពីលោក ហ៊ុន សែន និង            មន្ត្រីជាន់ខ្ពស់របស់ខ្លួន បានទៅជួបសួរសុខទុក្ខអ្នកដំណើរលើនាវា Westerdam រាប់ពាន់នាក់ ដែលចុះចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីខែកុម្ភៈ។ លើសពីនេះទៀត ក្រោយពេលរដ្ឋាភិបាលប្រទេស   ម៉ាឡេស៊ី រកឃើញថាស្ត្រីជនជាតិអាមេរិកម្នាក់ ក្នុងចំណោមភ្ញៀវទេសចរដែលលោកហ៊ុន សែន ទៅសួរសុខទុក្ខមានផ្ទុកជំងឺកូរ៉ូណា។

យ៉ាងនេះក្តី លោក ហ៊ុន សែន បញ្ជាក់ថា ក្រោយពេលលោកត្រឡប់ពីការចូលរួមក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការជាតិលេខ៥៥ នាព្រឹកថ្ងៃនេះ លោកនឹងឲ្យពេទ្យយកសំណាកលោក ទៅពិនិត្យមើលរកមេរោគជំងឺកូរ៉ូណានេះដែរ ។

លោកហ៊ុន សែន ក៏បានអះអាងថា លោកនឹងទៅពិនិត្យមើលបុរសដែលមានជំងឺកូរ៉ូណា នៅខេត្តសៀមរាប និងដើម្បីជាការលើកទឹកចិត្តដល់ពលរដ្ឋរូបនោះ ព្រមទាំងពលរដ្ឋនៅខេត្តសៀមរាប កុំឱ្យមានក្តីបារម្ភហួសហេតុ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលនៅល្ងាចនេះ បានអះអាងថា មកទល់ថ្ងៃច័ន្ទនេះកម្ពុជា បានរកឃើញថាករណីជំងឺកូរ៉ូណា ២ ករណី។ 

ដោយ  ករណីទី១កើតឡើងលើបុរស ជនជាតិចិនអាយុជាង៦០ឆ្នាំ ប៉ុន្តែត្រូវបានព្យាបាលឱ្យ ជាសះស្បើយ និងបានបញ្ជូនទៅត្រឡប់ទៅប្រទេសកំណើតរបស់គាត់វិញហើយដែរ។

ករណីទី២ គឺកើតឡើងលើបុរស ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បន្ទាប់ពីបុរសរូបនេះ បានប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិជប៉ុនម្នាក់ដែលចាកចេញពីកម្ពុជារកឃើញថាគាត់មាន ជំងឺCOVID-19នេះនៅប្រទេសរបស់គាត់។

នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងដដែលនេះ អះអាងថា ចំពោះអ្នកប៉ះផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺជនជាតិជប៉ុន និងជនជាតិខ្មែរ ត្រូវបានខាងមន្ត្រីជំនាញពិនិត្យឃើញថាពួកគេអវិជ្ជមានទាំងអស់គ្នា ប៉ុន្តែត្រូវបន្តតាមដានបង្រ្គប់១៤ថ្ងៃ ថែមទៀត។

គិតមកដល់ថ្ងៃច័ន្ទនេះ កម្ពុជា បានធ្វើតេស្តស ឬពិនិត្យសុខភាពពលរដ្ឋ សរុបទាំងអស់ចំនួន ៤៦២ ករណីហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស