28 C
Phnom Penh

ករណីវិរុសកូរ៉ូណាកាន់តែធ្ងន់ធ្ងរនាំឱ្យរដ្ឋាភិបាលអ៊ីតាលីសម្រេចបិទប្រទេសទាំងស្រុងតែចិនវិញចាប់ផ្ដើមធូរស្រាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈនេះ ទ្វីបអឺរ៉ុបធ្លាក់ក្នុងការព្រួយបារម្ភកាន់តែខ្លាំងឡើង ដោយសារតែការឆ្លងមេរោគកូរ៉ូណាប្រភពពីប្រទេសចិន។ អ៊ីតាលី គឺជាប្រទេសមួយក្នុងទ្វីបនេះដែលកំពុង ធ្លាក់ក្នុងស្ថានភាពប្រកាសអាសន្ន ខ្លាំងជាងគេ។

សេចក្ដីរាយការណ៍ របស់បណ្ដាញផ្សាយព័ត៌មាន BBC បានចុះផ្សាយ នៅថ្ងៃទី១០មីនានេះថា អ៊ីតាលី បានក្លាយជាប្រទេសដំបូងគេបំផុតនៅអឺរ៉ុប និងនៅលើពិភពលោក ដែលបានសម្រេចបិទប្រទេសទាំងមូល ដើម្បីចាត់វិធានការ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺ COVID-19ឬ មេរោគកូរ៉ូណា ។

ជំងឺដ៏កំណាចនេះ  បានផ្ដាច់ជីវិតប្រជាជនអ៊ីតាលី ៤៦៣នាក់ ហើយ ជិត១ម៉ឺននាក់ទៀតបានឆ្លងនៅទូទាំងប្រទេស។ ប្រភពដដែលឲ្យដឹងទៀតថា ប្រទេស អ៊ីតាលី មានចំនួនអ្នកស្លាប់ និងឆ្លងច្រើនជាងគេបំផុតបន្ទាប់ពីចិន។ លោកនាយករដ្ឋមន្ត្រី Giuseppe Conte គឺជាអ្នកធ្វើសេចក្ដីសម្រេចអោយបិទ ប្រទេសទាំងមូល។

ប៉ុន្តែសេចក្ដីសម្រេចនេះ បានបញ្ជាក់ថា វិធានការនេះត្រូវចាប់ផ្ដើមពីថ្ងៃចន្ទ ទី៩ ខែមីនា រហូតដល់ថ្ងៃទី០៣ ខែមេសា។ សេចក្ដីសម្រេចរបស់លោកនាយករដ្ឋមន្ត្រី Conte  បានប្រកាសថា រាល់ការប្រមូលផ្ដុំនៅតាមទីសាធារណៈ ដូចជា សាលារៀន ត្រូវបិទទ្វារ ពិធីអាពាហ៍ពិពាហ៍ បុណ្យសព នឹងត្រូវបានហាមឃាត់។

ទោះជាបែបនេះក្ដី ភោជនីយដ្ឋាន និងក្លឹបរាត្រីទាំងអស់ អាចដំណើរការរបររកស៊ី របស់ខ្លួនចាប់ពីម៉ោង៦ព្រឹក ហើយបិទនៅម៉ោង                          ៦ល្ងាច។ ដោយឡែក ព្រឹត្តិការណ៍ បាល់ទាត់ស៊េរី A ឬព្រឹត្តិការណ៍កីឡានានា ត្រូវផ្អាកទាំងស្រុង។

ប្រទេសអ៊ីតាលីមានប្រជាជន ជាង៦០លាននាក់ ។ នាយករដ្ឋមន្ត្រីបានសុំអោយប្រជាជន និងខ្លួនលោកផ្ទាល់ ត្រូវតែនៅក្នុងផ្ទះ អោយបាន១៤ថ្ងៃ។ តែលោកថា មានតែការងារ សម្រាប់គ្រួសារទើបមិនអាច ហាមឃាត់បានហើយបើមិនចាំបាច់ខ្លាំងទេ គឺមិនត្រូវចេញពីផ្ទះឡើយ។

ភ្លាមៗ បន្ទាប់ពី នាយករដ្ឋមន្ត្រី ប្រកាស ដោយបិទទ្វារ ប្រទេស ទាំងមូល បាននាំអោយមានការតវ៉ាពីប្រជាជន។ អំពើកុប្បកម្មមួយ បានផ្ទុះនៅក្នុងពន្ធនាគារ Sant Anna ដែលបណ្ដាលអោយ អ្នកទោស ៧នាក់បានស្លាប់។ នៅពន្ធនាគារមួយទៀត គឺ San Vittore នៃក្រុង Milan អ្នកទោស បានដុតគុកខ្លួនឯង ហើយក្រោយមកពួកគេបានឡើងលើដំបូលគុក កាន់ផ្ទាំងបដា ក្រវី ស្រែកប្រឆាំង បំរាមរបស់រដ្ឋាភិបាល។

គិតមកដល់ពេលនេះ  បើតាម បណ្ដាញផ្សាយព័ត៌មាន BBC នៅទូទាំងពិភពលលោកយ៉ាងហោចណាស់មានមនុស្សឆ្លងមេរោគកូរ៉ូណាដល់ទៅជាង ១សែននាក់ ហើយមនុស្សជិតបួនពាន់នាក់បានស្លាប់ ក្នុងចំណោមប្រទេសចំនួន ១១០ លើពិភពលោក។ ចំណែកអ្នកជាសះស្បើយពីជម្ងឺនេះមានជាង ៦ម៉ឺន៣០០០នាក់។

ចំណែកករណីឆ្លង និងស្លាប់នៅក្នុងប្រទេសចិន មានការធ្លាក់ចុះជាបន្តបន្ទាប់នៅ។ នៅថ្ងៃទី៩ មីនា មានករណីឆ្លងត្រឹមតែ ៤០ករណី និងស្លាប់២២ករណីតែប៉ុណ្ណោះ។ តួលេខនេះ ត្រូវបានគេមើលឃើញថាគឺមានការធ្លាក់ចុះទាបបំផុតចាប់តាំងពីថ្ងៃទី២០ ខែមករា មកនេះ។

តួលេខនេះ បញ្ជាក់ថាប្រទេសចិន កំពុងទប់ស្កាត់បាន នូវអត្រាអ្នកស្លាប់ និងអ្នកឆ្លង។ ប្រធានាធិបតីស៊ី ជិនពីងនៅថ្ងៃនេះ បានសម្រេច ទៅ សួរសុខទុក ពលរដ្ឋក្រុងវូហាន នៃខេត្ត Hubei ជាប្រភពនៃការផ្ទុះមេរោគកូរ៉ូណា ដែលត្រូវបានបិទរយៈពេលជាងពីរខែមកនេះ។

តាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ បានចុះផ្សាយថា លោកស៊ីបានទៅទស្សនកិច្ចមន្ទីរពេទ្យ Huoshenshan ដើម្បីសិក្សាអំពីប្រតិបត្តិការរបស់មន្ទីរពេទ្យក្នុងការព្យាបាលអ្នកជំងឺ  និងវិធីការពារបុគ្គលិកពេទ្យ។

ជាមួយគ្នានេះ  លោក ស៊ី ក៏បានជួបសួរសុខទុក្ខអ្នកជំងឺ នៅមន្ទីរពេទ្យនេះផងដែរ តាមរយៈការធ្វើទំនាក់ទំនង Video Call តែប៉ុណ្ណោះ។ លោកស៊ីក៏ បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ ឲ្យកាន់តែមានទំនុកចិត្តថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19 ។ បែបណា  លោកស៊ីបាន ពាក់ម៉ាស់សម្រាប់ការពារ។ អ្នកសង្កេតការណ៍ ចាត់ទុកថាប្រទេសចិនបានកំពុងពុះពារបានដោយជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណា ដ៏សាហាវនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស