32.9 C
Phnom Penh

លោក ហ៊ុន សែន ព្រមានលោក រ៉ុង ឈុន ពាក់ព័ន្ធការទាមទារឱ្យ រដ្ឋាភិបាលគិតគូរពីបញ្ហាព្យួរ EBA

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមានដល់ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលនៅតែនិយាយទាមទារឲ្យរដ្ឋាភិបាលសម្របសម្រួលជាមួយអឺរ៉ុប ទទួលយកភាពអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ» ឬ EBA ២០% ដែលសហភាពអឺរ៉ុបសម្រេចព្យួរនោះ ត្រឡប់មកវិញ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រឱ្យនិស្សិត នៅសាកលវិទ្យាល័យមួយនាព្រឹកនេះ លោក ហ៊ុន សែន ប្រកាសជាថ្មីទៀតថា រដ្ឋាភិបាលលោកគ្មានផែនការដើម្បីទាមទារភាពអនុគ្រោះពន្ធ EBA% ដែលសហភាពអឺរ៉ុបសម្រេចព្យួរនោះមកវិញឡើយ។

លោក អះអាងថារដ្ឋាភិបាលរបស់លោកមិនខ្វល់ចំពោះការសម្រេចព្យួរ EBA ២០% នេះទេ ហើយក៏មិនទាមទារមកវិញដែរ ដោយសារ     រដ្ឋាភិបាលបានត្រៀមខ្លួនក្នុងការបាត់បង់ មិនមែនត្រឹមតែ២០% ប៉ុណ្ណោះទេ ប៉ុន្តែបានត្រៀមទប់ទល់ការបាត់បង់ដល់ទៅ ១០០%ឯណោះ។

លោកក៏ព្រមាន ទៅលោក រ៉ុង ឈុន ដែលតែងនិយាយអំពីបញ្ហានេះ ដោយលោកហ៊ុន សែន ថាជាការចង់ឱ្យរដ្ឋាភិបាលលោកយកអធិបតេយ្យភាពទៅដោះដូរភាពអនុគ្រោះពន្ធ២០% នេះ ដោយលោកថា បើលោក រ៉ុង ឈុន មិនពេញចិត្ត ការដឹកនាំរបស់លោក អាចចាកចេញពីកម្ពុជាបាន។

សារព្រមាននេះ ក្រោយពេលលោក រ៉ុង ឈុន តែងលើកឡើងពីក្តីបារម្ភចំពោះការសម្រេចព្យួរប្រព័ន្ធអនុគ្រោះអនុពន្ធ EBA ២០% ពិសេសលោកបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកាលពីយប់មិញ ដោយស្នើសុំឱ្យរដ្ឋាភិបាលរក្សាឱ្យបាននូវប្រព័ន្ធអនុគ្រោះពន្ធ  EBA របស់អឺរ៉ុប ត្បិតដំណោះស្រាយដែលរដ្ឋាភិបាលដាក់ចេញជួយដល់រោងចក្រ សហគ្រាស និងកម្មករថ្មីៗនេះ ជាវិធានការជួយបានក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

នេះមិនមែនជាលើកទី១ ទេ ដែលលោកហ៊ុន សែន ប្រតិកម្មទៅអ្នកវិភាគចំពោះការលើកឡើងអំពីបញ្ហាប្រឈមដោយសារការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA  និងស្នើឱ្យរដ្ឋាភិបាលសម្របសម្រួលជាមួយសហភាពអឺរ៉ុបដើម្បីរក្សាឋានៈអនុគ្រោះពន្ធនេះ។ កាលពីខែកម្ភៈ លោកហ៊ុន សែន ក៏បានព្រមានអ្នកវិភាគសង្គមលោក បណ្ឌិត មាស នី ដូចគ្នាទៅនឹងការព្រមានលោក រ៉ុង ឈុន ពេលនេះដែរ។

យ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយនៅក្រៅប្រទេសលោក គឹម សុខ ធ្លាប់លើកឡើងថា លោកហ៊ុន សែន គ្មានចេតនាដើម្បីរក្សាEBA ឡើយ ។ លោកបន្តថា នៅពេលលោករក្សាប្រព័ន្ធអនុគ្រោះពន្ធមួយនេះ នឹងត្រូវវិលទៅរកគន្លងលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្សជាដើម ហើយនឹងបើកផ្លូវឱ្យមានការប្រកួតប្រជែងនយោបាយតាមការបោះឆ្នោតត្រឹមត្រូវ ដែលមានគណបក្សប្រឆាំងដ៏ធំចូលរួម ជាហេតុធ្វើឱ្យអំណាចរបស់លោកហ៊ុន សែន ប្រឈមការបាត់បង់។

លោកថា បុរសខ្លាំងនៅកម្ពុជារូបនេះ បានតាំងចិត្តរួចទៅហើយ គឺសុខចិត្តឱ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ ប៉ុន្តែលោកមិនសុខចិត្តឱ្យបាត់បង់អំណាច ឬ បរាជ័យអំណាចតត្រកូលរបស់ខ្លួននោះឡើយ។

សហភាពអឺរ៉ុប កាលពីថ្ងៃទី១២ ខែកុម្ភៈ បានសម្រេចដក EBA ២០ភាគរយពីកម្ពុជា ដោយរកឃើញថា កម្ពុជារំលោភ«ធ្ងន់ធ្ងរ»ជាប្រព័ន្ធទៅលើសិទ្ធិការងារ សិទ្ធិសង្គមស៊ីវិល និងសិទ្ធិនយោបាយ។

ការសម្រេចនេះប៉ះពាល់ដល់ទំនិញ៤០មុខ ដែលកម្ពុជាធ្លាប់នាំចូលទៅលក់នៅទីផ្សារអឺរ៉ុបដែលមានតម្លៃជាង១ពាន់លានដុល្លារ។

បើគ្មានអ្វីប្រែប្រួលទេ កម្ពុជានឹងខាតបង់ប្រមាណ ១០០លានដុល្លារក្នុង១ឆ្នាំ ពីកាតព្វកិច្ចបង់ពន្ធលើទំនិញ២០ភាគរយនេះ ដោយនីតិវិធីនឹងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី១២ សីហា។

ការសម្រេចរបស់អឺរ៉ុបនេះ ដោយអះអាងថារដ្ឋាភិបាលកម្ពុជាមិនបានធ្វើឱ្យប្រសើរឡើងនូវស្ថានភាពគោរសិទ្ធិមនុស្ស សិទ្ធិការងារ និងមិនបានស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ឆ្លើយតបនឹងការទាមទាររបស់អឺរ៉ុបកន្លងមកនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស