40.3 C
Phnom Penh

ប្រធានក្រុមប្រឹក្សាជំនុំជម្រះសម្រេចទទួលយកភស្តុតាងដាក់បន្ទុកថ្មីបន្ថែមទៀត ក្រោយពេលលោកហ៊ុន សែន បង្ហើបពីលទ្ធភាពមានទោសរបស់លោកកឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា នៅព្រឹកថ្ងៃពុធនេះ បានសម្រេចទទួលយកភស្តុតាងថ្មីបន្ថែមទៀត ដែលដាក់ដោយតំណាងអយ្យការកាលពីចុងខែកុម្ភៈ។

ការសម្រេចនេះ មួយថ្ងៃក្រោយប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសពីលទ្ធភាពមានទោសពៃរបស់លោក កឹម សុខា ដោយថាសំណុំរឿងនេះនឹងបន្តនីតិវិធីថែមទៀត ព្រោះជាសំណុំរឿងចង់ផ្តួលរំលំរដ្ឋាភិបាលកាលពីចុងឆ្នាំ២០១៣។

ក្នុងសវនាការជំនុំជម្រះក្តីប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា នៅព្រឹកថ្ងៃពុធនេះ ប្រធានក្រុមប្រឹក្សា លោក កូយ សៅ បានប្រកាសទទួលយកភស្តុតាងថ្មីចំនួន៧ ដែលដាក់ដោយតំណាងអយ្យការកាលពីថ្ងៃទី ២៧ កុម្ភៈ ដោយ សំអាងហេតុផលថាការទទួលយកភស្តុតាងថ្មីដាក់បញ្ចូលក្នុងសំណុំរឿងនេះ គឺជាការសម្រេចត្រឹមត្រូវ ព្រោះភស្តុតាងថ្មីទាំងនេះ នឹងលាតត្រដាងអំពីការពិតក្នុងសំណុំរឿងមួយនេះទាំងអង្គហេតុ និងការចោទប្រកាន់កន្លងមក។

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ក្នុងដំណើរការជំនុំជម្រះក្តីលោក កឹម សុខា មួយព្រឹកនេះ តំណាងអយ្យការលោក ផ្លង់ សុផល បានដាក់ភស្តុតាងថ្មីចំនួន៧ បន្ថែមទៀត ដោយរួមមានវីដេអូខ្លី និង អត្ថបទចម្លងជាលាយលក្ខណ៍អក្សរ ដើម្បីឱ្យក្រុមប្រឹក្សាជំនុំជម្រះពិចារណា។

ការដាក់ភស្តុតាងនេះតំណាងអយ្យការ អះអាងថាជាការឆ្លើយតបទៅនឹងភស្តុតាងដែលដាក់កន្លងមក ដោយជនជាប់ចោទ និងមេធាវីរបស់ជនជាប់ចោទ។ លើសពីនេះ លោក ផ្លង់ សុផល ពេលនោះអះអាងថា ដើម្បីកុំជនជាប់ចោទរួចផុតពីការទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់ខ្លួន។

មុនការសម្រេចទទួលយកភស្តុតាងថ្មីនេះ ក្រុមមេធាវីការពារក្តីលោក កឹម សុខា បានជំទាស់ជាខ្លាំង ព្រោះការដាក់ភស្តុតាងថ្មីនេះក្នុងពេលសវនាការជំនុំជម្រះបែបនេះ គឺជារឿងផ្ទុយទៅនឹងផ្លូវច្បាប់ ។

សហមេធាវីការពារក្តីលោក កឹម សុខា មួយរូប លោក អាង ឧត្តម បានលើកឡើងថាការដាក់ភស្តុតាងក្នុងដំណាក់កាលសវនាការជំនុំជម្រះនេះ គឺជារឿងផ្ទុយទៅនឹងច្បាប់ ដែលធ្វើឱ្យសំណុំរឿងនេះ មានវិមតិសង្ស័យ ហើយវិមតិសង្ស័យគឺត្រូវបានជាប្រយោជន៍ដល់កូនក្តីរបស់ខ្លួន។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣៨ បានចែងថា វិមតិសង្ស័យត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ។ មាត្រានេះ បញ្ជាក់ថាជនជាប់ចោទណាក៏ដោយ ត្រូវចាត់ទុកជាមនុស្សឥតមានទោស ដរាបណាតុលាការមិនទាន់កាត់ទោសជាស្ថាពរ។

ទោះបីជាយ៉ាងនេះក្តី ថ្លែងក្នុងពិធីចែកសញ្ញាបត្រឱ្យនិស្សិតវិទ្យាស្ថានវ៉ាន់ដា កាលពីថ្ងៃម្សិលមិញ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានបង្ហើបជាមុនរួចទៅហើយថា ប្រធានគណបក្សប្រឆាំងលោក កឹម សុខា នឹងត្រូវមានទោស ហើយលោកក៏ត្រៀមគុក សម្រាប់ដាក់លោកកឹម សុខា រួចទៅហើយដែរ។ លោកបញ្ជាក់ថា គុក សម្រាប់ដាក់លោក កឹម សុខា ម្តងទៀតនេះ មិនមែនគុកត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាមទៀតនោះទេ ប៉ុន្តែជាគុកកន្លែងថ្មី។

ការនិយាយដល់រឿងលោក កឹម សុខា នេះ ក្រោយពេលលោកហ៊ុន សែន បានប្រកាសជាថ្មីទៀត ថារដ្ឋាភិបាលលោក គ្មានបំណងដោះដូរអធិបតេយ្យភាពឬ ចរចានយោបាយ ហើយក៏គ្មានការដោះលែងអ្នកនយោបាយណា ដើម្បីជាថ្នូរទទួលបានភាពអនុគ្រោះពន្ធ EBA ២០ ភាគរយ ដែលអឺរ៉ុបសម្រេចព្យួរកាលពីខែកុម្ភៈ នោះឡើយ។

សំណុំរឿងមេបក្សប្រឆាំងមួយនេះ បុរសខ្លាំងនៅកម្ពុជាបានបង្ហើបផ្លូវទៅតុលាការជាច្រើនលើកច្រើនសារ រួចទៅហើយ ខណៈដែលលោកតែងអះអាងថា លោកមិនបានបង្គាប់បញ្ជាតុលាការនោះទេ ហើយតុលាការមានឆន្ទានុសិទ្ធិសម្រេចក្តីដោយឯករាជ្យ។

សំណុំរឿងដ៏ចម្លែកមួយនេះ ត្រូវបានសាធារណជនជាតិ អន្តរជាតិ និងក្រុមអ្នកតាមដាននយោបាយកម្ពុជា ងឿងឆ្ងល់មិនឈប់ ដោយសារមេបក្សប្រឆាំងមិនទាន់ត្រូវបានតុលាការកំណត់ថាមានទោសពៃរហូតដល់ពេលនេះ ប៉ុន្តែតុលាការកំពូលបែរជាសម្រេចរំលាយគណបក្សសង្រ្គោះជាតិ ដកតំណែងមន្ត្រីបក្សនេះតាំងពីថ្នាក់មូលដ្ឋានរហូតដល់តំណែងព្រឹទ្ធសភា ព្រមទាំងហាមឃាត់មន្ត្រីជាន់ខ្ពស់បក្សនេះជាង ១រយនាក់ មិនឱ្យធ្វើនយោបាយ តាំងពីខែវិច្ឆិកា ២០១៧ ទៅវិញ។

បន្ថែមពីនេះ វីដេអូកាត់តដែលរដ្ឋាភិបាលយកមកចោទលើលោកកឹម សុខា ដោយថាជាបទល្មើសជាក់ស្តែងនោះ គឺជាវីដេអូដែលលោកបាននិយាយតាំងពីឆ្នាំ២០១៣។

ជាងនេះទៀត ច្បាប់ដែលគេប្រើសម្រាប់ចោទប្រកាន់ប្រធានគណបក្សប្រឆាំងរូបនេះ ពីបទ សន្ទិដ្ឋិភាពជាមួយបរទេសឬ ត្រូវរ៉ូវដោយសម្ងាត់ជាមួយបរទេស ដែលព្រះមហាក្សត្រដាក់ឱ្យប្រើនៅឆ្នាំ២០១០នោះ  ប៉ុន្តែរដ្ឋអំណាចលើកយកសកម្មភាពទាំងឡាយដែលលោក កឹម សុខា បានធ្វើតាំងពីឆ្នាំ១៩៩៣មក ធ្វើការដាក់បន្ទុក។

អ្វីដែលចម្លែកជាងនេះទៀត ការចោទលោកកឹម សុខា ថាត្រូវរ៉ូវជាសម្ងាត់ជាមួយបរទេសនោះ ប៉ុន្តែមកទល់ពេលនេះតុលាការនៅមិនទាន់កោះហៅរដ្ឋជាបរទេសណាមួយមកឆ្លើយបំភ្លឺ ឬ ជាសាក្សីនៅឡើយដែរ។

ភាពចម្លែកទាំងនេះហើយ ទើបកាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានហៅការចាប់ និងឃុំខ្លួនលោក កឹម សុខា កន្លងមកគឺជារឿងអយុត្តិធម៌ និងគ្មានភស្តុតាងអ្វីទាំងអស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស