31 C
Phnom Penh

លោក ស ខេង ទទួលស្គាល់ថាវប្បធម៌រត់ការ និងអន្តរាគមន៍ បង្កើតភាពស្មុគ្រស្មាញក្នុងការតែងតាំងមន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រីមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ទទួលស្គាល់ថាវប្បធម៌រត់ការ សូកសៀត ឬសូកប៉ាន់ និងវប្បធម៌អន្តរាគមន៍ផង បង្កើតឱ្យមានភាពស្មុគ្រស្មាញក្នុងការតែងតាំងមន្ត្រី ពិសេសមន្ត្រីដែលមានសមត្ថភាព ពិតប្រាកដ។ 

ថ្លែងក្នុងពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ លើកទី១០៩ នៅថ្ងៃពុធនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបញ្ជាឱ្យមានការកាត់បន្ថយឱ្យបានទាបបំផុតចំពោះវប្បធម៌រត់ការ សូកសៀត និងវប្បធម៌អន្តរាគមន៍ ដើម្បីទទួលបានតំណែងក្នុងក្របខណ្ឌក្រសួង និងតំណែងមន្ត្រីថ្នាក់ក្រោមជាតិ។

លោកទទួលស្គាល់ថា ថាវប្បធម៌រត់ការឬ អន្តរាគមន៍យកតំណែងនេះ តំណែងនោះ បានធ្វើឱ្យលោកមានការលំបាកក្នុងការតែងតាំងមន្ត្រីមានសមត្ថភាព និងស្របទៅតាមច្បាប់ផង។

លោកក៏ទទួលស្គាល់ថា មានមន្ត្រីមួយចំនួនពូកែណាស់ខាងរត់ការយកតំណែង ហើយបើរត់ការខ្លួនឯងមិនជោគជ័យ ក៏ចាប់ផ្តើមមានលេចចេញជាវប្បធម៌អន្តរាគមន៍ ពីសាច់ញាតិរបស់ខ្លួន ខណៈពួកគេខ្លះផ្លោះចេញពីកន្លែងផ្សេងមក ដែលជារឿងផ្ទុយទៅនឹងច្បាប់ ម្យ៉ាងបង្កើតជាភាពស្មុគស្មាញថែមទៀតផង។

កាលពីថ្ងៃទី ២០ កុម្ភៈ លោកហ៊ុន សែន ឱ្យដឹងពីសកម្មភាពរត់ការយកតំណែងចៅហ្វាយខេត្តកណ្តាល ចៅហ្វាយរងខេត្ត ចៅហ្វាយស្រុក។ ការរត់ការនោះ ក្រោយពេលរដ្ឋាភិបាលសម្រេចបញ្ចប់មុខតំណែងអភិបាលខេត្តកណ្តាលលោក ម៉ៅ ភិរុណ ដែលត្រូវចូលនិវត្តន៍។

លោកនាយករដ្ឋមន្ត្រី បញ្ជាក់ដោយធុញទ្រាន់បញ្ហានេះ ទើបលោក និងលោក ស ខេង សម្រេច ជ្រើសយកលោក គង់ សុភ័ណ្ឌ មកធ្វើអភិបាលខេត្ត ជំនួសលោកម៉ៅ ភិរុណ។

កាលពីឆ្នាំ២០១៨ ដោយសារធុញទ្រាន់នឹងសកម្មភាពរត់ការយកតំណែងនេះ តំណែងនោះ ក្នុងការតែងតាំងមន្ត្រីថ្នាក់ក្រោមជាតិនេះហើយ បានធ្វើឱ្យលោកហ៊ុន សែន សម្រេចលុបចោលគម្រោងបំបែកខេត្តកណ្តាល និងខេត្តមណ្ឌលគិរីចោលតែម្តង។

ទោះបីជាមានការធុញទ្រាន់ ចំពោះវប្បធម៌រត់ការ សូកសៀត និងវប្បធម៌អន្តរាគមន៍បែបនេះក្តី ប៉ុន្តែរដ្ឋាភិបាលមិនដែលចាត់វិធានការរដ្ឋបាល ឬ វិធានការច្បាប់ចំពោះក្រុមមន្ត្រីរត់ការ ឬសូកប៉ាន់ដើម្បីបានតំណែងទាំងនោះឡើយ។ 

កាលលោកបណ្ឌិតកែម ឡី នៅមានជីវិត លោកធ្លាប់លើកឡើងថាអំណាចរបស់លោកហ៊ុន សែន អាចរឹងមាំទៅបាន ដោយសារលោកតែងប្រើវប្បធម៌ឯងជួយអញ្ញ ហើយអញនឹងជួយឯង។ វប្បធម៌កសាងអំណាចដោយក្រុមបក្ខពួកខ្លួន ពង្រីកជាបណ្តាញ ការធ្វើមិនដឹងមិនឮចំពោះកំហុសឆ្គង ឬ ការប្រព្រឹត្តអំពើអាក្រក់ពីសំណាក់មន្ត្រីស្និតនឹងលោក ហ៊ុន សែន ដូចជាប្រព្រឹត្តអំពើពុករលួយ លួចសម្បត្តិជាតិលក់ បំផ្លាញធនធានធម្មជាតិ រំលោភទ្រព្យសម្បត្តិពលរដ្ឋ ក៏លោកតែងធ្វើមិនដឹងមិនឮ ត្បិតពួកគេទាំងនោះក៏បានជួយគ្រួសារលោក ជួយដល់អំណាចរបស់លោក ព្រមទាំងបក្សរបស់លោកជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស