36 C
Phnom Penh

សហរដ្ឋអាមេរិកថា ព្រះរាជអាជ្ញាបានប្រឌិតរឿងឡើង ទាក់ទងនិងប្រទេសខ្លួនក្នុងសំណុំរឿងលោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានលើកឡើងថា ព្រះរាជអាជ្ញាដែលធ្វើកិច្ចការក្នុងសំណុំរឿងលោក កឹម សុខាបានលើកឡើងនូវរឿងមិនពិត និងប្រឌិតការចោទប្រកាន់ទាំងឡាយមកលើសហរដ្ឋអាមេរិក។

ក្នុងសវនាការសំណុំរឿងប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា នៅថ្ងៃព្រហស្បតិ៍នេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាលោក  Patrick Murphy ក៏មានវត្តមាននៅក្នុងសវនាការកាត់ក្តីនោះដែរក្នុងនាមលោកជាអ្នកសង្កេតការណ៍។

ក្រោយចេញពីសវនាការ លោកបានថ្លែងការណ៍ទៅកាន់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដោយសេចក្តីថ្លែងការណ៍នេះ ស្ថានទូតអាមេរិកបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា សហរដ្ឋអាមេរិក កំពុងតាមដានសវនាការកាត់ក្តីលោក កឹម សុខា យ៉ាងដិតដល់។ លោកថា ដំណើរការនេះអាចមានបច្ច័យទៅលើនិតិរដ្ឋ និងដំណើរការត្រឹមត្រូវតាមផ្លូវច្បាប់ នៅកម្ពុជា និងសម្រាប់ទំនាក់ទំនងអន្តរជាតិ របស់ប្រទេសកម្ពុជាផងដែរ។

តែយ៉ាងណាក៏ដោយឯកអគ្គរដ្ឋទូតប្រទេសមហាអំណាចលោកសេរីរូបនេះ លើកឡើងថាអាមេរិកមិនពេញចិត្ត ដោយសារខាងព្រះរាជអាជ្ញាបានលើកឡើងនូវរឿងមិនពិត ដែលត្រូវបានពួកគេប្រឌិតឡើង ទាក់ទង នឹងសហរដ្ឋអាមេរិកជាមួយលោក កឹម សុខា ក្នុងសំណុំរឿងមួយនេះ។

លោក  Patrick Murphy យល់ឃើញថា លោក កឹម សុខា មានកេរ្តិ៍ឈ្មោះសាកសមនឹងទទួលបាននៅទូទាំងពិភពលោក ថាជាអ្នកគាំទ្រសិទ្ធិ និងសេរីភាពមួយរូប។ សហរដ្ឋអាមេរិក រីករាយនៅពេលសិទ្ធិនយោបាយរបស់ប្រធានគណបក្សប្រឆាំងរូបនេះ ត្រូវបានគេប្រគល់ឲ្យលោកវិញ ហើយអាមេរិកសង្ឃឹមផងដែរថា ប្រជាជនកម្ពុជាទាំងអស់អាចចូលរួមក្នុងដំណើរការនយោបាយ។

លោក  Patrick Murphy បញ្ជាក់ទៀតថាក្នុងសំណុំរឿងមួយនេះ បុគ្គលិកស្ថានទូតអាមេរិកបានចូលរួមក្នុងគ្រប់ថ្ងៃនៃដំណើរការសវនាការនោះថែមទៀតផង។

ការទៅចូលរួមក្នុងសវនាការដោយផ្ទាល់ និងថ្លែងការណ៍ភ្លាមនៅមុខតុលាការក្រុងភ្នំពេញរបស់មន្ត្រីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិកពេលនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ៍ ប្រកាសចាប់ខ្លួនលោកកឹម សុខា ញាត់គុកជាថ្មីទៀត ហើយថាគុកម្តងទៀតនោះ មិនមែនគុកត្រពាំងផ្លុងជាប់ព្រំដែនវៀតណាមដូចពេលមុនឡើយ។ ការប្រកាសចាប់លោក កឹម សុខា ដាក់គុកនេះ លោក ហ៊ុន សែន ហាក់ដឹងជាមុនថាប្រធានគណបក្សប្រឆាំងមួយនេះ នឹងត្រូវមានទោស ខណៈតុលាការកំពុងដំណើរការជនុំជម្រះក្តីនៅឡើយ។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងជាអ្នកនាំពាក្យពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត មានប្រសាសន៍ប្រាប់កាសែត The Cambodia Daily នៅយប់នេះថា រដ្ឋាភិបាលរបស់លោកតាំងពីដើមរហូតមកទល់ពេលនេះ មិនដែលចោទប្រកាន់សហរដ្ឋអាមេរិក ថាជាអ្នកនៅពីក្រោយខ្នងលោក កឹម សុខា ដោយលោកហៅថាជាចលនាក្រុមឧទ្ទាមក្រៅច្បាប់ចង់ផ្តួលរំលំរដ្ឋាភិបាលនោះឡើយ។ ប៉ុន្តែពាក្យដែលចោទប្រកាន់ដល់អាមេរិកនេះ គឺ លោក កឹម សុខា ទៅវិញទេ ដែលបាននិយាយថាអាមេរិកបានជួលសាស្ត្រាចារ្យល្បីៗ របស់សហរដ្ឋអាមេរិកនិងកាណាដា ដើម្បីដាក់ផែនការផ្តួលរំលំរដ្ឋាភិបាល ដោយយកគម្រូតាមប្រទេសហ្សេកប៊ី និងប្រទេសយូហ្គោស្លាវី។

លោក សុខ ឥសាន្ត ថា ចំពោះរឿងអាមេរិក ពាក់ព័ន្ធឬ មិនពាក់ព័ន្ធ សំណុំរឿងលោក កឹម សុខា បែបណានោះ គឺមានតែអាមេរិកខ្លួនឯងទេទើបដឹង។ 

ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ធ្លាប់អះអាងថា ការផ្លាស់ប្តូរដែលលោកចង់បាន គឺផ្លាស់ប្តូរដោយសន្តិវិធី អហិង្សាតាមរយៈការបោះឆ្នោត ត្រឹមត្រូវ និងយុត្តិធម៌។ លោកថា អ្វីដែលលោកធ្វើកន្លងមក គឺតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ គោរពតាមរដ្ឋធម្មនុញ្ញ និងខ្លឹមសារនៃកិច្ចព្រៀមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ថែមទៀតផង។

ដោយឡែកចំពោះលោក  Patrick Murphy នៅថ្ងៃនេះវិញ អះអាងថា   រដ្ឋាភិបាលរបស់លោកបានបញ្ជាក់ច្បាស់ហើយថា សហរដ្ឋអាមេរិកមិនដែលចង់ជ្រៀតជ្រែកក្នុងអភិបាលកិច្ចរបស់ប្រទេសកម្ពុជាទេ ។      អាមេរិក គោរពពេញលេញចំពោះឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។

ប៉ុន្តែប្រទេសមហាអំណាចលោកសេរីមួយនេះ គាំទ្រសេរីភាពក្នុងការបញ្ចេញមតិ សង្គមស៊ីវិលដែលមានភាពសកម្ម និងការអត់ឱនដល់ទស្សនៈប្រឆាំង ជាផ្នែកសំខាន់ចាំបាច់មួយនៃគ្រប់លទ្ធិប្រជាធិបតេយ្យ។

លោក កឹម សុខា ត្រូវបានអាជ្ញាធរលោកហ៊ុន សែន ចាប់ខ្លួនដាក់ពន្ធនាគារកាលពីខែកញ្ញា ឆ្នាំ២០១៧ ហើយមួយឆ្នាំក្រោយមករដ្ឋាភិ  បាលលោកក៏បានផ្លាស់ប្តូរលោក កឹម សុខា មកឃុំខ្លួនក្នុងផ្ទះវិញ រហូតដល់ពេលលោកទទួលបានការបន្ធូបន្ថយលក្ខខណ្ឌឃុំខ្លួនប្រសើរជាងមុន កាលពីខែវិច្ឆិកា ឆ្នាំមុន។

យ៉ាងនេះក្តី នេះមិនមែនជាលើកទី១ទេ ដែលអាមេរិក ចេញសេចក្តីថ្លែងការណ៍សម្តែងការមិនពេញចិត្តចំពោះដំណើរការកាត់ក្តីលោក កឹម សុខា នេះ។

កាលពីឆ្នាំមុន អាមេរិកបានចេញសេចក្តីថ្លែងការណ៍ត្រង់ៗថា ការចាប់ខ្លួន និងឃុំខ្លួនលោក កឹម សុខា កន្លងមក គឺជារឿងអយុត្តិធម៌ និងគ្មានភស្តុតាងអ្វីទាំងអស់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស