ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថាកម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ឬ កូរ៉ូណា ជាជនជាតិអង់គ្លេស ២រូបបន្ថែមទៀតនៅខេត្តកំពង់ចាម ដែលបានធ្វើដំណើរលើនាវា Viking Cruise Journey ។
នេះជាករណីទី៥ ហើយដែលកម្ពុជារកឃើញអ្នកផ្ទុកជំងឺកូរ៉ូណានេះ ក្នុងចំណោមមនុស្ស៥រូបនោះ គឺ មានពលរដ្ឋខ្មែរម្នាក់រស់នៅខេត្តសៀមរាប។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ អះអាងថាក្នុងចំណោមអ្នកធ្វើដំណើរលើនាវាទេសចរណ៍ Viking Cruise Journey ចំនួន៥៩នាក់ ដែលមន្ត្រីជំនាញយកសំណាកទៅពិនិត្យ បានរកឃើញថាមានជនជាតិអង់គ្លេសពីរនាក់ ដែលជាប្តីប្រពន្ធនឹងគ្នា មានជំងឺកូរ៉ូណា។ បុរសជាប្តីមានអាយុ ៧៣ឆ្នាំ និងភរិយាអាយុ ៦៩ឆ្នាំ។
ការរកឃើញនេះ បន្ទាប់ពីមន្ត្រីសុខាភិបាលយកសំណាក ឬភស្តុតាងរបស់អ្នកទេសចរណ៍ទាំង៥៩នាក់ ទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ កាលពីយប់ថ្ងៃម្សិលមិញ ហើយលទ្ធផលបង្ហាញថា ប្តីប្រពន្ធពីរនាក់ជាជនជាតិអង់គ្លេសនេះ មានផ្ទុកជំងឺកូរ៉ូណា។
ជនជាតិអង់គ្លេសពីរនាក់ប្តីប្រពន្ធនេះ គឺជាអ្នកដំណើរនៅលើនាវាទេសចរណ៍ Viking Cruise Journey ជាមួយស្រ្តីជនជាតិអង់គ្លេសវ័យ ៦៥ឆ្នាំដែលមានផ្ទុកកូវីដ-១៩ ហើយត្រូវបានរកឃើញកាលពីថ្ងៃទី១០ ខែមីនា។
ក្រសួងសុខាភិបាលបញ្ជាក់ថា នេះ ជាករណីទី៣ឬជាមនុស្សទី៣ហើយ ដែលរកឃើញមានផ្ទុកជំងឺកូរ៉ូណា ក្នុងចំណោមអ្នកធ្វើដំណើរលើនាវាទេសចរណ៍ Viking Cruise Journey ចំនួនសរុប៦៤នាក់។ ប្រភពដដែលបន្តថា បច្ចុប្បន្ន ប្តីប្រពន្ធជនជាតិអង់គ្លេសទាំងពីរនាក់នេះត្រូវដាក់ឱ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីព្យាបាលនិងតាមដានបន្ត។
យ៉ាងណាក៏ដោយក្រសួងឱ្យដឹងថា អ្នកដំណើរ និងអ្នកបម្រើលើនាវា Viking Cruise Journey ចំនួន ៦១នាក់ផ្សេងទៀត មិនបានឆ្លងកូវីដ-១៩នេះទេ ប៉ុន្តែក្រសួងបានដាក់ពួកគេនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាពបន្តទៀត។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសកំណត់ទិសដៅជាអាទិភាពក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណា ហើយរដ្ឋាភិបាលក៏បានបម្រុងថវិកា៣០លានដុល្លារជួយដល់ក្រសួងសុខាភិបាលដើម្បីធ្វើការងារនេះ។
បន្ថែមពីនេះកាលពីថ្ងៃអង្គារ៍ លោក ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាលលោកបានត្រៀមប្រមាណ ៨រយ ទៅ ២ពាន់ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ទុកដោះស្រាយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិឌ-១៩ នៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនោះដែរ លោក ហ៊ុន សែន បានស្នើឲ្យពលរដ្ឋកុំមានការភ័យខ្លាចជ្រុលខ្លាំងពេករហូតដល់បាត់បង់ស្មារតីម្ចាស់ការខ្លួនឯង ដោយសារជឿទៅលើការបំពុលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួន។ លោកថា ពលរដ្ឋត្រូវមានសេចក្តីក្លាហាន និងមានការពិចារណាអោយបានល្អិតល្អន់ត្រឹមត្រូវក្នុងការដោះស្រាយបញ្ហានានារួមទាំងបញ្ហាជំងឺឆ្លងកូវីឌ-១៩ នេះផងដែរ។
ការប្រកាសដាក់ចេញវិធានការបន្ទាន់នេះ ក្រោយមានការរិះគន់ជាច្រើនដល់រដ្ឋាភិបាលលោក ហ៊ុន សែន ថាមានការធ្វេសប្រហែសតាំងពីដំបូង មើលស្រាលសភាពការណ៍នៃការរីករាលដាលជំងឺកូរ៉ូណា និងគ្មានផែនការជាក់លាក់ដើម្បីទប់ស្កាត់បញ្ហានេះ ព្រមទាំងគ្មានផែនការជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិច្បាស់លាស់នោះឡើយ៕