27 C
Phnom Penh

ក្រសួងព័ត៌មាននឹងចាត់វិធានការច្បាប់ចំពោះអ្នកបង្កើតព័ត៌មានមិនពិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានអះអាងថា ក្រសួងរបស់ខ្លួន សហការជាមួយស្ថាប័នពាក់ព័ន្ធ នឹងចាត់វិធានការច្បាប់ ចំពោះជនទាំងឡាយណាដែលបានបង្កើតព័ត៌មានមិនពិតឬ ព័ត៌មានក្លែងក្លាយ។

ថ្លែងក្នុងកិច្ចពិភាក្សាស្ដីពី សារព័ត៌មាន ចំពោះមុខកូវីដ-១៩ (COVID-19) និងព័ត៌មានក្លែងក្លាយកាលពីថ្ងៃទី១១ ខែមីនា អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ផុស សុវណ្ណ មានប្រសាសន៍ថា ជាទូទៅក្រសួងតែងប្រកាន់នូវគោលការណ៍អប់រំជាជាងវិធានការក្ដៅដល់អ្នកសរសេរ ឬបង្ហោះព័ត៌មានមិនពិតលើប្រព័ន្ធអ៊ិនធឺណិត ជាជាងវិធានការច្បាប់តែម្តង។ យ៉ាងនេះក្តី លោក ផុស សុវណ្ណ បន្តថានៅពេលដែលព័ត៌មានមិនពិតត្រូវបានបង្កើតកាន់តែច្រើន គឺរដ្ឋាភិបាលត្រូវមានវិធានការច្បាប់តែម្តង ដើម្បីការពារស្ថិរភាពសង្គម និងធានាកុំឱ្យមានការបំផុសបំផុលធ្វើឱ្យជ្រួលច្របល់នាថ្ងៃអនាគត។

កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានហៅក្រុមអ្នកបង្កើតឬ ផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធស្ថានភាពជំងឺកូរ៉ូណានៅកម្ពុជា ថាជាភេរវករ ព្រោះបានធ្វើឱ្យពលរដ្ឋកម្ពុជាមានភាពច្របូកច្របល់។

លើសពីនេះរដ្ឋាភិបាលក៏ព្រមានចាត់វិធានការលើក្រុមដែលផ្សព្វផ្សាយឬបង្កើតព័ត៌មានក្លែងក្លាយជុំវិញបញ្ហាជំងឺកូរ៉ូណានេះទៀតផង។ លោក ហ៊ុន សែន ក៏បានព្រមានចាប់ខ្លួនបុរសម្នាក់នៅខេត្តព្រៃវែង ដល់ផ្ទះ ប្រសិនបើបុរសនោះនៅតែនិយាយថាលោកមានជំងឺកូរ៉ូណា និងបានបញ្ជូនទៅសម្រាកព្យាបាលនៅប្រទេសសិង្ហបុរី ខណៈលោកគ្មានជំងឺនេះ និងមិនបានចេញទៅព្យាបាលនៅសិង្ហបុរីនោះឡើយ។

ក្រោយការព្រមានចាត់វិធានការនេះ យុវជនម្នាក់ឈ្មោះ កូយ សំអាត នៅរាជធានីភ្នំពេញត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីថ្ងៃម្សិលមិញ ក្រោមការចោទប្រកាន់ថា ញុះញង់ឱ្យប្រព្រឹត្តបទល្មើស។ ការចាប់ខ្លួន និងចោទប្រកាន់នេះ បន្ទាប់ពីយុវជនរូបនោះ ប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Tep Visal បង្ហោះវីឌីអូឃ្លីបមួយនិយាយបែបឌឺដងទៅរដ្ឋាភិបាលលោក ហ៊ុន សែន ដោយលោកថ្លែង អរគុណវៀតណាម ព្រោះបានរកឃើញករណីជនជាតិជប៉ុនម្នាក់ផ្ទុកមេរោគកូរ៉ូណា បន្ទាប់ពីបុរសរូបនោះចេញពីកម្ពុជា។

កាលពីថ្ងៃច័ន្ទ សមត្ថកិច្ចខេត្តសៀមរាបក៏បានឃាត់ខ្លួនយុវតីម្នាក់ យកទៅធ្វើការអប់រំណែនាំ ក្រោយពេលយុវតីរូបនោះ បានបង្ហោះនៅគណនីហ្វេសប៊ុករបស់ខ្លួនដោយប្រាប់ឱ្យពលរដ្ឋនៅខេត្តសៀមរាបប្រុងប្រយ័ត្នខ្ពស់ ព្រោះមាន ពលរដ្ឋនៅខេត្តនេះមួយគ្រួសារបានឆ្លងជំងឺកូរ៉ូណានេះ ប៉ុន្តែនាងក៏ត្រូវអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញហើយដែរ ក្រោយអប់រំ និងធ្វើកិច្ចសន្យារួច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស