30 C
Phnom Penh

លោក ស ខេង រំលឹកជាថ្មីទៀត មិនឱ្យពលរដ្ឋជួលដីក្បែរព្រំដែនឱ្យបរទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានក្រើនរំលឹកដល់ពលរដ្ឋជាថ្មីទៀត ដោយហាមដាច់ខាតមិនឱ្យជួលដីក្បែរព្រំដែនឱ្យទៅប្រទេសជិតខាង ពិសេសប្រទេសវៀតណាឡើយ ដោយថាបញ្ហានេះ នឹងធ្វើឱ្យប៉ះពាល់ដល់បូរណភាពទឹកដី។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១២ មីនាលោក ស ខេង បានហាមពលរដ្ឋមិនឱ្យជួលដីឱ្យទៅពលរដ្ឋវៀតណាមឡើយ ដោយថានឹងអាចធ្វើឱ្យមានជម្លោះនឹងគ្នានៅថ្ងៃខាងមុខ។

លោកបញ្ជាឱ្យអាជ្ញាធរខេត្តជាប់ព្រំដែនទប់ស្កាត់បញ្ហានេះ ហើយពួកគេក៏គ្មានសិទ្ធិសម្រេចជួលដីឱ្យទៅពលរដ្ឋប្រទេសជិតខាងដែរ។ លោកថា ពលរដ្ឋមិនត្រូវជួលដីក្បែរព្រំដែនឱ្យជនបរទេសទេ ហើយអ្នកដែលជួលទៀបសោតត្រូវចាត់ទុកថាជាសកម្មភាពខុសច្បាប់ផងដែរ។

លោកទទួលស្គាល់ថា បញ្ហាជម្លោះព្រំដែនខ្លះកើតចេញពីបញ្ហានេះ ហើយការរំកិលយកដីព្រំដែនខ្លះទៀតនោះ ក៏តាមរយៈសកម្មភាពនេះដែរ។ លោកថា ការហាមប្រាមមិនឱ្យមានករណីនេះឡើយ ដោយថាជាវិធានការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ខ្លួន។

កាលពីខែវិច្ឆិកា ឆ្នាំ ២០១៥ រដ្ឋាភិបាលបានចេញសារាចរណ៍ណែនាំ ដោយហាមពលរដ្ឋខ្មែរដែលរស់នៅជាប់ព្រំដែនបញ្ឈប់ការជួលដីទៅឱ្យប្រទេសជិតខាងរួមមាន ថៃ វៀតណាម និងឡាវ។ សារាចរណ៍ពេលនោះបញ្ជាក់ថាប្រសិនបើដីមានកុងត្រាឬ កិច្ចសន្យាមិនទាន់ចប់អាចបន្តរហូតដល់ចប់ ប៉ុន្តែហាមមិនឱ្យជួលថ្មី និងហាមមិនឱ្យជួលបន្តជាដាច់ខាត ជៀសវាងមានបញ្ហាប្រឈមឬ ទំនាស់កើតឡើង។

ក្រោយសារាចរណ៍នេះចេញមួយខែ កាសែតភ្នំពេញប៉ុស្តិចេញផ្សាយកាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៥ ដោយដកស្រង់របាយការណ៍បឋមរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បញ្ជាក់ថា មានប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនវៀតណាមជិត ១ ០០០ គ្រួសារបានជួលដីទំហំជិត ៧ ០០០ ហិកតាទៅឲ្យវៀតណាម។ ពលរដ្ឋជាប់ព្រំដែនទាំងនោះ រួមមាននៅខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តក្រចេះ និងខេត្តកណ្តាលជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស