34 C
Phnom Penh

ចិនសំឡឹងមើលអឺរ៉ុបស្លន់ស្លោ ដោយសារឆ្លងមេរោគកូរ៉ូណាពីប្រទេសចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទ្វីបអឺរ៉ុបទាំងមូលកាន់តែស្លន់ស្លោហើយពេលនេះ ។ វិរុសកូរ៉ូណា បានផ្ដាច់ជីវិត ពលរដ្ឋអឺរ៉ុបកាន់តែ ច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃខណៈការឆ្លងក៏កាន់តែរីករាលដាលនិងកើនឡើង យ៉ាងកំហុក។

មនុស្សជាង ២ម៉ឺននាក់ បានឆ្លងជំងឺ COVID-19 និង៩៣០នាក់ បានស្លាប់។ នេះបើតាមតួលេខ របស់ទីភ្នាក់ងារព័ត៌មាន AFP ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនានេះ។ ការណ៍នេះ បាននាំអោយចិនឈរសំឡឹង មើលភាពអាសន្នវិញម្ដងរបស់អឺរ៉ុប ហើយមិនតែប៉ុណ្ណោះចិន ថែមទាំងបានប្រកាសបិទ ជើងហោះហើរពីប្រទេសមួយចំនួននៅអឺរ៉ុបទៀតផង។ តាមប្រភពរបស់ទីភ្នាក់ងារសារព័ត៌មាន AFP គឺ២៦ប្រទេសនៅអឺរ៉ុប បានឆ្លងមេរោគដ៏កំណាចនេះ។

ការដែលចិនធ្វើបែបនេះ បើមិនមែនជាការចំអកអោយអឺរ៉ុបក្ដី តែជាការឆ្លើយតប ដោយភាពជាក់ស្ដែង ព្រោះ ប្រទេសអឺរ៉ុបមួយចំនួន បានបិទជើងហោះ ហើរពីប្រទេសចិន នៅពេលចិន ជួបគ្រោះអាសន្នធ្ងន់ធ្ងរភ្លាមៗនោះ។

សម្រាប់លោក ប្រធានាធិបតីដូណាល់ត្រាំវិញ  ទោះបីប្រទេសអាមេរិក មានអ្នកឆ្លង ជាងមួយពាន់នាក់ និងបានស្លាប់ជិត៣០នាក់ក្ដី ប៉ុន្តែលោកត្រាំបានដាក់ខ្លួនលោកមិនទៅ ប្រទេសអឺរ៉ុបចំនួន៣០ថ្ងៃដោយរាប់ពីថ្ងៃទី១២មីនានេះតទៅ។ សរុបទៅ នៅទូទាំងពិភពលោកគឺមកដល់ពេលនេះ អ្នកឆ្លង COVID-19 មានជិត១២ម៉ឺននាក់ ក្នុងនោះស្លាប់ប្រមាណ៤ពាន់ ៣រយនាក់ និងសះស្បើយជាង៦ម៉ឺន ៦ពាន់              នាក់។

ចំណែក ប្រទេសចិន ជាប្រភពនៃការផ្ទុះមេរោគ គឺចំនួន អ្នកឆ្លងនិងអ្នកស្លាប់បានថយចុះ ជាខ្លាំង និងអ្នកជាស្សះស្បើយវិញកាន់តែមានចំនួនច្រើនឡើង។ ករណីនេះ ចិន ចាប់ផ្ដើមធូរស្រាល ហើយក៏ចាប់ផ្ដើម ជួយប្រទេសមួយនៅអឺរ៉ុប ដែល ធ្ងន់ធ្ងរជាងគេ គឺប្រទេសអ៊ីតាលី។

បើតាម AFP ប្រទេសអ៊ីតាលីមានករណីឆ្លង COVID-19-គឺ ១២៤៦២ករណី ក្នុងនោះមាន ៨២៧នាក់បានស្លាប់។ អ៊ីតាលី ជាប្រទេសអឺរ៉ុបដំបូងគេ នៃសមាជិកសហភាពអឺរ៉ុប ដែលបានទទួលយកគំរោង ផ្លូវមួយ ខ្សែក្រវ៉ាត់មួយពីចិន។ គិតត្រឹមថ្ងៃទី១១មីនា  អ៊ីតាលីគឺជាប្រទេសទីពីរ បន្ទាប់ពីចិន ដែលបានរកឃើញករណី COVID-19 ច្រើនជាងគេបំផុតនៅក្នុងពិភពលោក។  

ដើម្បីទប់ស្កាត់ការរីកសាយភាយវិរុសដ៏កំណាចនេះ  គឺរដ្ឋាភិបាលអ៊ីតាលីបានរឹតត្បិតការធ្វើដំណើរនៅក្នុងប្រទេស ដោយបិទប្រទេសទាំងមូល។

ដោយចាត់ទុក អ៊ីតាលី ជាមិត្តរបស់ខ្លួន ចិន បានបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្រ និងជំងឺឆ្លងមួយចំនួនទៅជួយ ដោយរួមទាំង សម្ភារពេទ្យទៀតផង។ បើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN គឺអនុប្រធានកាកបាទក្រហមចិន នឹងដឹកនាំ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រ និងអ្នកជំនាញពីមជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការជំងឺឆ្លងទៅកាន់អ៊ីតាលី។

ជំនួយរបស់ចិន បានធ្វើឡើងបន្ទាប់ពីលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានសន្ទនាគា្នជាមួយ សមភាគីអ៊ីតាលី Luigi Di Maio ។ លោកយី អះអាងថា ចិនមានទឹកចិត្តជួយអ៊ីតាលី ក្នុងការជួយទប់ស្កាត់COVID-19 ប្រសិនអ៊ីតាលីត្រូវការ។ លោកបន្តថា ចិនសំឡឹងទៅអឺរ៉ុបពិតមែន តែចិន ចង់អន្តរាគមន៍ ជួយអឺរ៉ុប។

ជាការកត់សំគាល់ មួយរយៈចុងក្រោយនេះចិន បានទប់ស្កាត់ការឆ្លងនិងស្លាប់ ដោយសារមេរោគកូរ៉ូណា បានដោយ ជោគជ័យបណ្ដើរៗហើយ ។ ចិនបានរកឃើញករណីឆ្លងកូរ៉ូណាវីរុសធ្លាក់ទាបបំផុតគឺនៅថ្ងៃទី១១ ខែមីនា ករណីឆ្លងត្រឹមតែ ២៤ករណី និងអ្នកស្លាប់ ២២ករណីប៉ុណ្ណោះ។ 

ដោយមើលឃើញដូចនេះ លោក ស៊ីជីនពីង ប្រធានាធិបតីចិន បានសម្រេចជាន់ទីក្រុងវូហាន់ ដែលជាលើកដំបូងចាប់តាំងពី ទីក្រុងនេះ ផ្ទុះមេរោគកូរ៉ូណា នៅអំឡុងចូលឆ្នាំចិន ថ្ងៃទី១២មករាហើយ វាផ្ទុះឡើងខ្លាំងនៅថ្ងៃទី២២មករា។ លោកស៊ីបានទៅកាន់មន្ទីរពេទ្យ នៅក្រុងនេះ ដោយបានជួបបុគ្គលិកពេទ្យ និងសន្ទនាគ្នា ជាមួយតអ្នកជឺកូវិដ តាមវិដេអូ Call។ តែយ៉ាងណា លោកស៊ី នៅតែមានការប្រុងប្រយ័ត្ន យ៉ាងខ្លាំង ដោយពាក់ម៉ាស់ និង ពាក់អាវដល់ទៅបីជាន់ នៅពេលនិយាយទៅកាន់ បុគ្គលិកពេទ្យ នៅក្រុងវូហាន់។

ដោយឡែក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ វិញ គឺលោកបានប្រកាសក្នុងសេចក្ដីថ្លែងការណ៍តាមទូរទស្សន៍កាលពីយប់ថ្ងៃទី១១ ខែមីនាថាការដែល អឺរ៉ុប ជាពីសេស ប្រទេសអ៊ីតាលី រងគ្រោះធ្ងន់ធ្ងរនេះ គឺ មកពីមិនបានទប់ស្កាត់ អ្នកដំណើរមកពីប្រទេសចិន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស