30 C
Phnom Penh

អ្នកវិភាគថា លោក កឹម សុខា អាចជាប់ឈ្មោះជាអ្នកដឹកនាំដែលបានធ្វើពលិកម្មយកឈ្នះលើវប្បធម៌គំរាមកំហែងដៃគូប្រជែងនយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគលើកឡើងថា ក្នុងស្ថានភាពនយោបាយក្តៅបច្ចុប្បន្នបើទោះបីជាប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា អាចឆ្លងផុតឬ មិនផុតដំណាក់ការពិសោធន៍នយោបាយរបស់លោក ហ៊ុន សែន               ក៏ដោយ ប៉ុន្តែមេដឹកនាំបក្សប្រឆាំងរូបនេះ នឹងមានឈ្មោះជាអ្នកដឹកនាំនយោបាយកំពូលម្នាក់ ដែលបានធ្វើពលិកម្មយកឈ្នះលើវប្បធម៌គំរាមដៃគូប្រជែងនយោបាយ និងយកឈ្នះវប្បធម៌លាបពណ៌។

សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនអ្នកវិភាគនយោបាយ លោក              គឹម សុខ លើកឡើងថា អ្នកវិនិច្ឆ័យខុសអំពីជំហរនយោបាយរបស់លោក កឹម សុខា នឹងធ្វើឲ្យខ្លួនឯងទ័លក្រឡានយោបាយ គឺអស់ល្បែងនយោបាយធំលេងដោយកិត្តិយស។

លោកបន្តថា ក្នុងស្ថានភាពនេះ ទោះលោក កឹម សុខា ឆ្លងផុតល្បែងពិសោធន៍នយោបាយដ៏ក្ដៅរបស់លោក ហ៊ុន សែន ឬក៏ឆ្លងមិនផុតក៏ដោយ ក៏លោក កឹម សុខា អាចជាប់ឈ្មោះជាអ្នកដឹកនាំនយោបាយកំពូលម្នាក់ ដែលបានធ្វើពលិកម្មបំបាក់វប្បធម៌នយោបាយខុសធំពីរនៅកម្ពុជា។

នយោបាយខុសធំទាំងពីរនោះ គឺនយោបាយគំរាមគូប្រជែងរបស់ខ្លួនឥតឈប់ឈរដើម្បីបន្តអំណាចស្របច្បាប់ និងនយោបាយលាបពណ៌មិនរើសមុខ ដើម្បីចំណេញតែមុខមាត់បុគ្គល ពីសំណាក់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

ការលើកឡើងនេះ ក្រោយពេលលោក ហ៊ុន សែន កាលពីថ្ងៃអង្គារ៍ បានប្រកាសចាប់ខ្លួនលោក កឹម សុខា ញាត់គុកជាថ្មីទៀត ហើយថាគុកម្តងទៀតនោះ មិនមែនគុកត្រពាំងផ្លុងជាប់ព្រំដែនវៀតណាមដូចពេលមុនឡើយ។ ការប្រកាសចាប់លោក កឹម សុខា ដាក់គុកវិញនេះ លោក ហ៊ុន សែន ហាក់ដឹងជាមុនថាប្រធានគណបក្សប្រឆាំងមួយនេះ នឹងត្រូវមានទោស ខណៈតុលាការកំពុងដំណើរការជនុំជម្រះក្តី                       នៅឡើយ។

លោក គឹម សុខ យល់ឃើញថា សារគំរាមជាថ្មីរបស់លោក ហ៊ុន សែន នេះ គឺបង្ហាញថា លោក ហ៊ុន សែន ខឹងសម្បានឹងអឺរ៉ុបយ៉ាងខ្លាំង ដែលក្រុមគាត់មិនអាចសម្រួលលក្ខខណ្ឌ EBA បាន។ លោកថា ជាឧទាហរណ៍ លោក ហ៊ុន សែន អាចចង់ត្រឹមតែបើកសេរីភាពបុគ្គលលោក កឹម សុខា ប៉ុន្តែនៅតែរឹតត្បិតសេរីភាពនយោបាយរបស់គាត់ ហើយប្រាថ្នារក្សាបានEBA ឱ្យបាន១០០%។

បន្ថែមពីនេះ លោក ហ៊ុន សែន វិភាគមិនត្រូវ អំពីជំហរនយោបាយរបស់លោក កឹម សុខា។ ដោយមុនដំបូង លោក ហ៊ុន សែន គិតថា លោក កឹម សុខា មិនអាចទ្រាំការគំរាមធ្ងន់ៗបានទេ។ ប៉ុន្តែ ទីបំផុត លោក កឹម សុខា ផ្ចង់ស្មារតីយ៉ាងរឹងមាំកំណត់យកការតស៊ូដោយអហិង្សា មិនរវល់ពាក្យ«គំរាម» ហើយរក្សាគោលការណ៍ផ្សះផ្សាជាតិស្មើមុខ គ្មានចំណង។

បន្ថែមពីនេះ សារច្រឡោតរបស់លោក ហ៊ុន សែន បង្ហាញពីបរាជ័យ              ឬសញ្ញាទ័លវិធីរបស់លោក ក្នុងការខំព្យាយាមប្រើគ្រប់ថាមពល                 គំរាមបង្វិល លោក កឹម សុខា អស់ល្បិចស្នៀតហើយ។

លោក គឹម សុខ បន្តថា សារគំរាមគុកច្រវ៉ាក់ជាថ្មីលើលោក កឹម សុខា អាចជាលទ្ធភាពនៃល្បិចថ្មីរបស់លោក ហ៊ុន សែន ដាក់តម្រុយពិចារណាលើការសុំចែចូវ ដណ្ដឹងផ្លូវ របស់មនុស្សពីភាគីលោក                               សម រង្ស៊ី ឲ្យជួយបិទក្លឹនស្អុយរបស់ខ្លួនវិញ ដោយងាកទៅលេងល្បែងនយោបាយជាមួយ លោក សម រង្ស៊ី វិញ ក្រែងបានដូចបំណងជាងលេងល្បែងជាមួយ លោក កឹម សុខា។

មកទល់ពេលនេះ លោក កឹម សុខា នៅមិនទាន់ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញឡើយ ទោះបីជាសហគមន៍ជាតិ អន្តរជាតិបានអំពាវនាវឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ផ្តល់សិទ្ធិជាពលរដ្ឋ និងសិទ្ធិនយោបាយដល់លោក ដើម្បីស្តារស្ថានភាពនយោបាយក្នុងប្រទេស បញ្ចៀសពីហានិភ័យផ្នែកសេដ្ឋកិច្ចក៏ដោយ។

កាលពីថ្ងៃទី ១២ កុម្ភៈ សហភាពអឺរ៉ុបបានសម្រេចព្យួរភាពអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជា ក្រោយពួកគេរកឃើញថារដ្ឋាភិបាលលោកហ៊ុន សែន មិនបានធ្វើឱ្យប្រសើរឡើងនូវការគោរពសិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិនយោបាយនោះឡើយ។

បើគ្មានអ្វីប្រែប្រួលទេ នីតិវិធីនេះនឹងចាប់ផ្តើមអនុវត្តន៍នៅថ្ងៃទី ១២ សីហា ដោយការព្យួរពន្ធ ២០ភាគរយនេះ នឹងធ្វើឱ្យកម្ពុជាត្រូវខាតបង់ប្រាក់ត្រូវបង់ពន្ធប្រមាណ១រយលានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំលើមុខទំនិញប្រមាណ៤០ មុខ ដែលនាំចូលទៅសគមន៍អឺរ៉ុប៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស