31 C
Phnom Penh

អ្នកឃ្លាំមើលសង្គម បារម្ភចំពោះទំហំនៃការខាតបង់សេដ្ឋកិច្ចជាតិធ្ងន់ធ្ងរ ប្រសិនបើស្ថានភាពជំងឺកូរ៉ូណាអូសបន្លាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លើកឡើងថា ប្រសិនបើជំងឺកូវីដ-១៩ ឬ កូរ៉ូណា នៅបន្តអូសបន្លាយទៀត កម្ពុជានឹងត្រូវខាតបង់សេដ្ឋកិច្ចជាតិធ្ងន់ធ្ងរ។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ដោយដកស្រង់របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីឬADB ថា ស្ថានភាពជំងឺកូរ៉ូណា នឹងធ្វើឱ្យផលិតផលសរុបរបស់កម្ពុជា ឬ GDP នឹងធ្លាក់ចុះទៅតាមរយៈពេលនៃឥទ្ធិពលជំងឺនេះ។

លោកបន្តថា ប្រសិនបើជំងឺនេះ មានរយៈពេល២ខែ នឹងធ្វើឱ្យGDP កម្ពុជាបាត់បង់ការលូតលាស់ជាង១% ឬ បាត់បង់ថវិកាជិត៣រយលានដុល្លារ។ ដោយឡែកនឹងខាតបង់វិស័យដឹកជញ្ជូនជាង ១រយលានដុល្លារ និងធ្វើឱ្យបាត់បង់ការងារជិត ៥ម៉ឺនកន្លែង។

លើសពីនេះ ប្រសិនបើជំងឺនេះអូសបន្លាយរយៈពេល៣ ខែ GDPកម្ពុជា នឹងខាតបង់ជិត៤រយលានដុល្លារ ហើយវិស័យដឹកជញ្ជូននឹងខាតបង់ជាង២រយលានដុល្លារ ព្រមទាំងធ្វើឱ្យពលរដ្ឋបាត់បង់ការងារធ្វើជិត ៦ ម៉ឺនកន្លែង។

លោកថា ប្រសិនបើជំងឺនេះ អូសបន្លាយរហូតដល់៦ខែ កម្ពុជានឹងបាត់បង់ការលូតលាស់នៃ GDP ជិត១ពាន់លានដុល្លារ និងធ្វើឱ្យពលរដ្ឋបង់ការងារ ជាង២៥ម៉ឺនកន្លែងថែមទៀត។

លោកបណ្ឌិត មាស នី លើកឡើងថា មូលហេតុនៃផលប៉ះពាល់ខ្លាំងនេះ ដោយសារសេដ្ឋកិច្ចកម្ពុជាពឹងលើប្រទេសចិន ហើយនៅពេលប្រទេសចិនមានបញ្ហាកម្ពុជា នឹងមានបញ្ហាផងដែរ។

ក្នុងស្ថានភាពនេះ លោកថាសង្គមស៊ីវិលក៏មានតួនាទីឬ អាចចូលរួមជួយដល់រដ្ឋាភិបាល ដូចជាជួយអប់រំប្រជាពលរដ្ឋ ជជែកពិភាក្សាគ្នារកដំណោះស្រាយរួម ប៉ុន្តែកន្លងមករដ្ឋាភិបាលហាក់មិនបានបើកទូលាយឱ្យមានការជជែកគ្នា គឺមានតែសារគំរាមកំហែងជាបន្តបន្ទាប់ដល់ពួកគេទៅវិញ។

ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថាកម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ឬ កូរ៉ូណា ជាជនជាតិអង់គ្លេស ២រូបបន្ថែមទៀតនៅខេត្តកំពង់ចាម ដែលបានធ្វើដំណើរលើនាវា Viking Cruise Journey ។ នេះជាករណីទី៥ ហើយដែលកម្ពុជារកឃើញអ្នកផ្ទុកជំងឺកូរ៉ូណានេះ ក្នុងចំណោមមនុស្ស៥រូបនោះ គឺ មានពលរដ្ឋខ្មែរម្នាក់រស់នៅខេត្តសៀមរាប ចិនម្នាក់ និងជនជាតិអង់គ្លេស៣នាក់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកំណត់ទិសដៅជាអាទិភាពក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណា ហើយរដ្ឋាភិបាលក៏បានបម្រុងថវិកា៣០លានដុល្លារជួយដល់ក្រសួងសុខាភិបាលដើម្បីធ្វើការងារនេះ។

បន្ថែមពីនេះកាលពីថ្ងៃអង្គារ៍ លោក ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាលលោកបានត្រៀមប្រមាណ ៨០០ ទៅ ២,០០០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ទុកដោះស្រាយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិឌ-១៩ នៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនោះដែរ លោក ហ៊ុន សែន បានស្នើឲ្យពលរដ្ឋកុំមានការភ័យខ្លាចជ្រុលខ្លាំងពេករហូតដល់បាត់បង់ស្មារតីម្ចាស់ការខ្លួនឯង ដោយសារជឿទៅលើការបំពុលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួន។ លោកថា ពលរដ្ឋត្រូវមានសេចក្តីក្លាហាន និងមានការពិចារណាអោយបានល្អិតល្អន់ត្រឹមត្រូវក្នុងការដោះស្រាយបញ្ហានានារួមទាំងបញ្ហាជំងឺឆ្លងកូវីឌ-១៩ នេះផងដែរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស