មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានលើកឡើងថា ការផ្តល់ឯកសារខុសច្បាប់ដល់ជនអន្តោប្រវេសន៍រស់នៅកម្ពុជាកន្លងមក គឺសមត្ថកិច្ចខ្លួនឯងជាអ្នកផ្តល់ជូន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ កាលពីថ្ងៃព្រហស្បតិ៍ បានប្រាប់ក្រុមអ្នកសាព័ត៌មានថា មានឯកសារខុសច្បាប់មួយចំនួន ដែលផ្តល់ជូនទៅជនអន្តោប្រវេសន៍ខុសច្បាប់ដើម្បីបានរស់នៅកម្ពុជា គឺ សមត្ថកិច្ចជាអ្នកផ្តល់ជូនពួកគេដែលបង្កើតជារឿងស្មុគ្រស្មាញ ប៉ុន្តែលោកថាកាលពីឆ្នាំមុនក្រសួងតាមរយៈមន្ត្រីជំនាញបានដកហូតឯកសារខុសច្បាប់ទាំងនោះមកវិញហើយដែរ។
ត្បិតតែលោកទទួលស្គាល់ថា បញ្ហារសើបនេះ
សមត្ថកិច្ចជាអ្នកផ្តល់ជូនជនអន្តោប្រវេសន៍ខុសច្បាប់ដែលភាគច្រើនជាអន្តោប្រវេសន៍វៀតណាមក៏ដោយ
ប៉ុន្តែលោកមិនបានបញ្ជាក់អំពីការដាក់ទោសទណ្ឌបែបណាមួយដល់មន្ត្រីដែលប្រព្រឹត្តខុសច្បាប់ទាំងនោះនៅឡើយទេ។
របាយការណ៍លទ្ធផលការងារដកហូតឯកសារមិនប្រក្រតីកាន់កាប់ដោយជនបរទេសរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៧ កក្កដា ឆ្នាំ២០១៩ បង្ហាញថា បច្ចុប្បន្នមាន ជនអន្តោប្រវេសន៍រស់នៅកម្ពុជាចំនួនជាង១៨ម៉ឺននាក់ ដោយ៩៩% ជាអន្តោប្រវេសន៍វៀតណាម។
របាយការណ៍នេះ ឱ្យដឹងថា សមត្ថកិច្ចបានដកហូតឯកសាររដ្ឋបាលមិនប្រក្រតីពីជនបរទេស ជិត៤ ម៉ឺនច្បាប់ រួមមាន សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សំបុត្រកំណើត សេចក្ដីចម្លងសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍។ ឯកសារទាំងនោះ កាន់កាប់ដោយជនបរទេសចំនួនជាង ២ម៉ឺនគ្រួសារ (២០,០៩៣) ឬស្មើនឹងមនុស្សជិត ៧ម៉ឺននាក់(៦៩,៨៨៤) ដែលភាគច្រើនជាជនជាតិវៀតណាម។
អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក គៀត ច័ន្ទថារិទ្ធិ ធ្លាប់បញ្ជាក់កាលនោះថា មន្ត្រីដែលឃុបឃិតផ្ដល់ឯកសារឱ្យជនបរទេសទាំងនេះ មិនត្រូវបានផ្តន្ទាទោសព្រហ្មទណ្ឌឡើយ ប៉ុន្តែ ត្រូវបានដាក់ពិន័យរដ្ឋបាលប៉ុណ្ណោះ។
ក្រុមអ្នកឃ្លាំមើលសង្គម តែងសម្តែងក្តីបារម្ភចំពោះការមិនព្រមអនុវត្តច្បាប់ចំពោះជនអន្តោប្រវេសន៍ដែលរស់នៅខុសច្បាប់នៅកម្ពុជា ពិសេសអន្តោប្រវេសន៍វៀតណាម ដោយថាវានឹងបង្កើតជាបញ្ហាស្មុគ្រស្មាញមិនអាចដោះស្រាយបាននៅពេលខាងមុខ។
លើសពីនេះ ពួកគេក៏តែងជំរុញឱ្យ រដ្ឋាភិបាលស៊ើបអង្កេតឱ្យឃើញ ជនឬ មន្ត្រីទាំងឡាយណាដែលផ្តល់ឯកសារខុសច្បាប់ទៅជនអន្តោប្រវេសន៍ខុសច្បាប់ ឱ្យពួកគេអាចរស់នៅស្របច្បាប់ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា យកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕