សារព័ត៌មាន The Cambodia Daily បានផ្សាយពីរភាគរួចមកហើយ អំពីវិនាសកម្មធនធានធម្មជាតិព្រៃឈើនៅស្រុកខ្មែរដោយក្រុមឈ្មួញចោរបរទេស តាមរយៈការឲ្យដៃពីខ្មោចស្រុក។ យើងបាននិយាយថា ពេលកូនខ្មែររវល់ឈ្លោះគ្នាឯង គេមើលមិនឃើញចោរលួច ប្លន់ភោគទ្រព្យជាតិស្ទើរអស់ពីស្រុកទេ។ សកម្មភាពចោរប្លន់សម្បត្តិទ្រព្យជាតិខ្មែរ បានកើតមានយ៉ាងតិច៣ទសវត្ស ឬ ៣០ឆ្នាំកន្លងមកហើយ។
ក្រុមអង្គការបរទេសឃ្លាំមើល ឬ ការពារបរិស្ថាន បានហៅរបៀបគ្រប់គ្រងនៅស្រុកខ្មែរថា kleptocracy គឺជារបៀបគ្រប់គ្រង ដោយក្រុមអ្នកដឹកនាំពុករលួយ បែងក្រឡាបន្លំ កេងប្រវ័ណ្ច លួច ប្លន់ធនធានជាតិពីមុខពីមាត់ពលរដ្ឋតូចតាច ទៅពង្រឹង ពង្រីកអំណាច ធនធានខ្លួនឯង និង គ្រួសារ បក្ខ ពួក។ គេហៅមួយបែបទៀតថា patronage គឺជារបៀបគ្រប់គ្រងតាមបែបនយោបាយប្រើអំណាចនិងឥទ្ធិពលអ្នកដឹកនាំមួយចំនួនតូច ហៅថា oligarchy អប្បជនាធិបតយេ្យ ឲ្យតំណែងនិងអផលប្រយោជន៍ដល់នរណាម្នាក់ ជាថ្នូរឲ្យអ្នកនោះជួយទ្រទ្រង់ គាំពារខ្លួនវិញ។ ប្រព័ន្ធនយោបាយរបៀបនេះធ្វើឡើងរវាងអ្នកដឹកនាំរដ្ឋគ្រប់ជាន់ថ្នាក់ និង អា ជីវករ ពាណិជ្ជករធំៗក្នុងស្រុក។
របៀបបំផ្លាញធនធានធម្មជាតិព្រៃឈើខ្មែរមួយប្រភេទទៀត គឺមានបែបផែនជាការឃុបឃិតរវាងឈ្មួញចាំទិញរបស់ចោរ និង ចោរហនេយ្យុំដែលប្លន់ភោគទ្រព្យជាតិយកទៅលក់យកលុយចែកគ្នាជាមួយមេៗតាមលំដាប់ថ្នាក់មូលដ្ឋាន ព្រមទាំងតាមក្រសួង មន្ទីរ នាយកដ្ឋាន។ តំណាងក្រុមហ៊ុនយួនម្នាក់ឈ្មោះ ឡេ គ្វួក ទ្រឹង (Le Quoc Trung) នៃក្រុមហ៊ុនអាជីវកម្មឈើឈ្មោះ សឺន ដុង (Son Dong) ប្រាប់ក្រុមស៊ើបអង្កេតនៃអង្គការ Environmental Investigation Agency (EIA) នៅឆ្នាំ២០១៧ថាក្រុមហ៊ុននេះ បានសុំគោលការណ៍ទិញឈើ ពីរដ្ឋអំណាចខេត្ត ចាឡាយ ដើម្បីដឹកឈើពីស្រុកខ្មែរ ១ម៉ឺន ៥ពាន់ម៉ែត្រគីប បន្ទាប់មកឲ្យក្រុមហ៊ុនមួយទៀតឈ្មោះ ង្វៀង ទ្រឹង (Nguyen Trung) សុំគោលការណ៍ដឹកឈើពីខ្មែរ ២ម៉ឺនម៉ែត្រគីប គួបផ្សំគ្នាឲ្យបាន ៣ម៉ឺន ៥ពាន់ម៉ែត្រគីប។ បុរសជនជាតិយួនម្នាក់ទៀតឈ្មោះ ភុង (Phong) ពីក្រុមហ៊ុន ហ៊ុង អាញ់ (Hung Anh) យាយថា៖ ថៅកែក្រុមហ៊ុនរបស់គេ បានសូកប៉ាន់អាជ្ញាធរខ្មែរ ពី១លាន ទៅ២លានដុល្លារ ទើបមានសិទ្ធិដឹកឈើចេញ។ តាមព្រំដែនជាមួយយៀកណាមក្នុងខេត្តរតនគិរី សកម្មភាពដឹកឈើចេញធ្វើឡើង កាត់តាមប៉ុស្តិ៍ការពារព្រំដែនលេខ ៧២៥ ៧២៧ ៧២៩ ៧៣១ និង ៧៣៥ ខាងយៀកណាម។ រីឯច្រកពីខាងខ្មែរវិញ មាន ៣ច្រក ចូលទៅទីរួមខេត្ត ភ្លៃគូ ខេត្ត ចាឡាយ។ ពីឆ្នាំ២០១៦ ដល់២០១៧ ឈើប្រណីតដឹកពីស្រុកខ្មែរទៅឲ្យក្រុមហ៊ុនយួន មានបរិមាណ ២សែន ៣ម៉ឺន ៦ពាន់ម៉ែត្រគីប។ ក្រុមហ៊ុនឈ្មោះខ្មែរដែលរកស៊ីផ្គត់ផ្គង់ឈើឲ្យក្រុមហ៊ុនយួន មានក្រុមហ៊ុន ពេជ្រ រិទ្ធិសីហ៍ ទទួលខុសត្រូវលើអាជ្ញាប័ណ្ណនាំចេញ ក្រុមហ៊ុន ផាត សុខជា ពាណិជ្ជអភិវឌ្ឍន៍ និង ក្រុមហ៊ុន ច្នៃឈើ អាហរ័ណ នីហរ័ណ ដែលមានឈ្មោះ យិន យ៉េត ជាអ្នកទទួលខុសត្រូវលើអាជ្ញាប័ណ្ណលក់។
ចំពោះការធ្វើសម្បទានដីសេដ្ឋកិច្ចដល់ក្រុមហ៊ុនយួននៅស្រុកខ្មែរដល់ទៅជិត២សែនហិកតារ វាមិនមែនជាថ្នូរឲ្យជួយទ្រទ្រង់ គាំពារ ពង្រឹងពង្រីកអំណាច និង ធនធានអ្នកដឹកនាំរដ្ឋខ្មែរទេ។ របៀបចាត់ចែង បែងចែកដីហៅថា សម្បទាន ឲ្យក្រុមហ៊ុនបរទេស គឺហួសពីច្បាប់អនុញ្ញាត ឲ្យគេធ្វើអាជីវកម្មលើផ្ទៃដីព្រៃស្រុកខ្មែរ រួចថាដាំកៅស៊ូជំនួសវិញ។ តាមវចនានុក្រមភាសាខ្មែររបស់សម្តេចសង្ឃ ជួន ណាត បោះពុម្ពដោយ វិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត ពាក្យ សម្បទាន ( ឬ សំប្រទាន ឬ សម្រ្បទាន) តាមអត្ថន័យថា៖ ការប្រគល់ឲ្យ, ការឲ្យដល់ដៃ; ការឲ្យដាច់ (មិនយកវិញ); ការទទួលអំណោយ ដូចជា ដីសម្បទាន, ទ្រព្យសម្បទាន, ដី ឬ ទ្រព្យ ដែលឲ្យដាច់។
ពលរដ្ឋខ្មែរមើលមិនយល់ឡើយ បើមិនព្យាយាមសិក្សាអំពីខ្លឹមសារនៃ ការធ្វើសម្បទានដីសេដ្ឋកិច្ច ព្រោះគេចាត់ទុកជាការ ជួលដី វិនិយោគទុន។ តាមឯកសារដែលប្រមូលបានពីក្រសួងនានា និង តាមការថ្លែងអះ អាងពីអ្នកនយោបាយក្នុងស្រុកខ្លះ ថា ការធ្វើសម្បទានដីសេដ្ឋកិច្ចឲ្យក្រុមហ៊ុនយួនទាំងប៉ុន្មាន ខ្មែរបានចំណូលតិចបំផុត គឺ ១ហិកតារ ១ដុល្លារ ក្នុងមួយឆ្នាំ។ ប៉ុន្តែ ក្រសួងពាក់ព័ន្ធគេចុះបញ្ជីដាក់ថា បានចំណូលរាប់ពាន់ រាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ។ ចំណែកឯកិច្ចសន្យាទៀតសោត គេសរសេរថា មានថិរវេលាពី ៥០ ទៅ ៩៩ឆ្នាំ ឬ ពីមួយជំនាន់ទៅពីរជំនាន់ បើគិតអំពីជីវិតមនុស្សជាមធ្យមរស់បាន ៥០ឆ្នាំនោះ។ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋតាមជនបទរស់នៅក្នុងតំបន់ព្រៃឡង់ក្តី តំបន់ព្រៃភ្នំដទៃក្តី ថា ក្រុមហ៊ុនយួនដែលមានសិទ្ធិធ្វើអាជីវកម្ម តាមរយៈ ការធ្វើសម្បទានដីសេដ្ឋកិច្ច ពីរាជរដ្ឋាភិបាលខ្មែរ គេបាននាំគ្រួសារយួនមករស់នៅតាមចំការកៅស៊ូ ធ្វើជាមេកើយ គ្រប់គ្រងលើកម្មករខ្មែរ។ ទីបំផុត ម្ចាស់ទឹកដី បានត្រឹមតែស៊ីឈ្នួលយួនដែលមានសិទ្ធិកាន់កាប់ដីធ្លីខ្មែរស្ទើរតែមិនបាច់ចំណាយទុន។ មានពលរដ្ឋខ្មែរខ្លះសួរថា តើរបៀបចាត់ចែងបែបនេះ ជាវិធីសងបំណុលរដ្ឋការក្រុងហាណូយដែលជួយរំលំរបបខ្មែរក្រហមឬ?
តទៅនេះ ជាឈ្មោះក្រុមហ៊ុនយួនចំនួន៣៦ដែលទទួលបានសិទ្ធិធ្វើអាជីវកម្មលើដីខ្មែរ ក្រោមរូបភាពផ្តល់ សម្បទានដីសេដ្ឋកិច្ច តាមកិច្ចសន្យាថិរវេលាជិត ១០០ឆ្នាំ ឬ ១ សតវត្ស៖
១. ក្រុមហ៊ុន ដុងភូ ក្រចេះ អភិវឌ្ឍន៍កៅស៊ូ នាយកឈ្មោះ ង្វៀង ថាញ់ហៃ កាន់កាប់ដីជាង៥ពាន់ហិកតារ គ្មានថិរវេលាកំណត់ នៅខេត្តក្រចេះ។
២. ក្រុមហ៊ុន ដុងណាយ ក្រចេះ អភិវឌ្ឍន៍កៅស៊ូ នាយកឈ្មោះ ហ៊ុញ វ៉ាន់ទូ កាន់កាប់ដីជាង២ពាន់ហិកតារ ថិរវេលា ៥០ឆ្នាំ នៅខេត្តក្រចេះ។
៣. ក្រុមហ៊ុន ហ្វ៍ងអាញ់ អណ្តូងមាស នាយកឈ្មោះ ង្វៀង វ៉ាន់ធូ កាន់កាប់ដីជាង៩ពាន់ហិកតារ គ្មានថិរ វេលាកំណត់ នៅខេត្តរតនគិរី។
៤. ក្រុមហ៊ុន ជូព្រុង ប៊ិញហ្វុក ចំការកៅស៊ូស្ទឹងត្រែង គ្មានឈ្មោះអ្នកគ្រប់គ្រង កាន់កាប់ដីជិត៩ពាន់ហិកតារនៅខេត្តមណ្ឌលគិរី។
៥. ក្រុមហ៊ុន ភួកហ័ អភិវឌ្ឍន៍ចំការកៅស៊ូ កំពង់ធំ គ្មានឈ្មោះនាយកគ្រប់គ្រង កាន់កាប់ដីជិត៥ពាន់ហិកតារ នៅខេត្តកំពង់ធំ។
៦. ក្រុមហ៊ុន បារៀ អភិវឌ្ឍន៍ចំការកៅស៊ូ កំពង់ធំ គ្មានឈ្មោះនាយកគ្រប់គ្រង គ្មានបង្ហាញទំហំដី តែជាផ្នែកនៃក្រុម សាជីវកម្មកៅស៊ូយៀកណាម (VRG) នៅខេត្តកំពង់ធំ។
៧. ក្រុមហ៊ុន ជូព្រុង ខេ គ្មានឈ្មោះអ្នកគ្រប់គ្រង គ្មានបង្ហាញទំហំដី នៅខេត្ត រតនគិរី។
៨. ក្រុមហ៊ុន វៀតឡាវ ខេ គ្មានឈ្មោះអ្នកគ្រប់គ្រង គ្មានបង្ហាញទំហំដី នៅខេត្តក្រចេះ។
៩. ក្រុមហ៊ុន ភីអិនធី (PNT) វិនិយោគ កសិឧស្សហកម្ម កៅស៊ូ នាយកឈ្មោះ ផាន់ ហ៊ូណាម កាន់កាប់ដីជិត៨ពាន់ហិកតារ នៅខេត្តព្រះវិហារ ថិរវេលា ៧០ឆ្នាំ។
១០. ក្រុមហ៊ុន CRCK អភិវឌ្ឍន៍កៅស៊ូ គ្មានឈ្មោះអ្នកគ្រប់គ្រង កាន់កាប់ដីជិត៧ពាន់ ៣រយហិកតារ នៅខេត្តកំពង់ធំ ថិរវេលា ៥០ឆ្នាំ។
១១. ក្រុមហ៊ុន CRCK Chu Se កំពង់ធំ អភិវឌ្ឍន៍កៅស៊ូ គ្មានឈ្មោះអ្នកគ្រប់គ្រង កាន់កាប់ដីជិត២ពាន់ហិកតារ ចន្លោះខេត្តកំពង់ធំ និង សៀមរាប ថិរវេលា ៥០ឆ្នាំ។
១២. ក្រុមហ៊ុន Trach Niem Huu Han Dau Tu-Phat Trien Dai Nam កម្ពុជា នាយកឈ្មោះ ឡៅ ឌឹកឌុយ កាន់កាប់ដីជិត ៤ពាន់ ៥រយហិកតារ គ្មានបញ្ជាក់ថិរវេលា នៅខេត្តក្រចេះ។
១៣. ក្រុមហ៊ុន VKETI –Vietnam Kampuchea Economy, Trade & Industry គ្មានឈ្មោះអ្នកគ្រប់គ្រង កាន់កាប់ជាង ៥ពាន់ហិកតារ នៅស្នួល ខេត្តក្រចេះ ថិរវេលា ៥០ឆ្នាំ។
១៤. ក្រុមហ៊ុន សុវណ្ណ រាជសីហ៍ នាយកឈ្មោះ ង្វៀង ឌឹកមិញ កាន់កាប់ដីជិត៧ពាន់ហិកតារ នៅខេត្តក្រចេះ ថិរវេលា ៥០ឆ្នាំ។
១៥. ក្រុមហ៊ុន ហ្វ័ងអាញ់ អូរយ៉ាដាវ នាយកឈ្មោះ ម៉ាយ ឌិញហុង កាន់កាប់ដី៩ពាន់ហិកតារ នៅខេត្តរតនគិរី ថិរវេលា ៥០ឆ្នាំ។
១៦. ក្រុមហ៊ុន ស៊ី អ ឌី (CRD) ដាំកៅស៊ូ នាយកឈ្មោះ ង្វៀង វ៉ាន់មិញ កាន់កាប់ដីជិត៨ពាន់ហិកតារ នៅខេត្តរតនគិរី ថិរវេលា ៥០ឆ្នាំ។
១៧. ក្រុមហ៊ុន ប៉ាស៊ីហ្វិក ឡូធើស យ៉នស្តុក (Pacific-Lotus Joint Stocks) នាយកឈ្មោះ ង្វៀង ថាញ់សឺនកាន់កាប់ដីជាង៩ពាន់ហិកតារ ដាំកៅស៊ូ នៅខេត្តមណ្ឌលគិរី ថិរវេលា ៥០ឆ្នាំ។
១៨. ក្រុមហ៊ុន សុវណ្ណ វុទ្ធី គ្មានឈ្មោះអ្នកគ្រប់គ្រង កាន់កាប់ដី៥ពាន់ហិកតារ ដាំកៅស៊ូ នៅខេត្តក្រចេះ ថិរវេលា ៥០ឆ្នាំ។
១៩. ក្រុមហ៊ុន តៃនិញ ក្រចេះ ស៊ូហ្គើរ (Tay Ninh-Kratie Sugar) គ្មានឈ្មោះអ្នកគ្រប់គ្រង កាន់កាប់ដីជិត ៩ពាន់ហិកតារ នៅខេត្តក្រចេះ គ្មានកំណត់ថិរវេលា។
២០. ក្រុមហ៊ុន ប៊ិញហ្វ៊ឿក ក្រចេះ រ៉បប៊ើរ១ (Binh Phuc-Kratie Rubber 1) នាយកឈ្មោះ ផាន់ ស៊ីប៊ិញ កាន់កាប់ដីជិត៩ពាន់ហិកតារ នៅខេត្តមណ្ឌលគិរី ថិរវេលា ៥០ឆ្នាំ។
២១. ក្រុមហ៊ុន កៅស៊ូ Elev BM Joint Stocks នាយកឈ្មោះ ឡេ វ៉ាន់ធ័ន កាន់កាប់ដីជាង៨ពាន់ហិកតារ ដាំកៅស៊ូ នៅខេត្តរតនគិរី គ្មានកំណត់ថិរវេលា។
២២. ក្រុមហ៊ុន ៣០/៤ Gialani នាយកឈ្មោះ ង្វៀង ស៊ីញ កាន់កាប់ដីជាង ៩ពាន់ហិកតារ កែច្នៃ ចិញ្ចឹមសត្វនៅខេត្តរតនគិរី ថិរវេលា ៧០ឆ្នាំ។
២៣. ក្រុមហ៊ុន តាន់បៀន កំពង់ធំ អភិវឌ្ឍន៍កៅស៊ូ នាយកឈ្មោះ ដួង គ្វួកវៀត កាន់កាប់ដីជាង៨ពាន់ ហិកតារ ដាំកៅស៊ូ នៅខេត្តកំពង់ឌំ ថិរវេលា ៥០ឆ្នាំ។
២៤. ក្រុមហ៊ុន ដូទី សៃហ្គង ប៊ិញហ្វ៊ឿក (SBK) នាយកឈ្មោះ ដាង ថាញ់តាំ កាន់កាប់ដីជាង៦ពាន់ហិកតារដាំកៅស៊ូ ដំឡូងមី ស្វាចន្ទី នៅខេត្តក្រចេះ ថិរវេលា ៧០ឆ្នាំ។
២៥. ក្រុមហ៊ុន ស៊ី អ ស៊ី ខេ ជូប៉ាហ៍ អភិវឌ្ឍន៍កៅស៊ូ នាយកឈ្មោះ ង្វៀង ឌុយលិញ កាន់កាប់ដីជាង៦ពាន់ហិកតារ ដាំកៅស៊ូ នៅខេត្តកំពង់ធំ ថិរវេលា ៥០ឆ្នាំ។
២៦. ក្រុមហ៊ុន ស៊ី & វី ហ្រ្គុប នាយកឈ្មោះ លី ម៉ួយ កាន់កាប់ដី ៧ពាន់ហិកតារ ដាំកៅស៊ូ នៅខេត្តក្រចេះ ថិរវេលា ៥០ឆ្នាំ។
២៧. ក្រុមហ៊ុន ហេង ប្រាឌ័រ (Heng Brothers) នាយកឈ្មោះ ង្វៀង ទ័នលិញ កាន់កាប់ដីជាង ២ពាន់ហិកតារដាំកៅស៊ូ នៅខេត្តរតនគិរី ថិរវេលា ៧០ឆ្នាំ។
២៨. ក្រុមហ៊ុន ហ្វ័ងអាញ់ ម៉ាងយ៉ាង ខេ នាយកឈ្មោះ ឡេ ឌិញប៊ូ កាន់កាប់ដីជិត៧ពាន់ហិកតារ ដាំកៅស៊ូនៅខេត្តរតនគិរី ថិរវេលា ៥០ឆ្នាំ។
២៩. ក្រុមហ៊ុន ក្រុង បុក រតនគិរី អភិវឌ្ឍន៍ កៅស៊ូ នាយកឈ្មោះ ង្វៀង វ៉ាន់ថាញ់ កាន់កាប់ដីជិត៧ពាន់ហិកតារ ដាំកៅស៊ូ នៅខេត្តរតនគិរី ថិរវេលា ៥០ឆ្នាំ។
៣០. ក្រុមហ៊ុន មេហ្គារ ស្តារ អ៊ិនវេសមេន & ហ្វរេសស្រ្ទី ឌីវេឡុបមេន (Mega Star Investment & Forestry Development) នាយកឈ្មោះ ង្វៀង ទ្រុងគៀន កាន់កាប់ដី ៨ពាន់ហិកតារ ដាំកៅស៊ូ នៅខេត្តក្រចេះ ថិរវេលា ៧០ឆ្នាំ។
៣១. ក្រុមហ៊ុន ដាក់ឡាក់ មណ្ឌលគិរី អភិវឌ្ឍន៍ កៅស៊ូគ្មានឈ្មោះអ្នកគ្រប់គ្រង កាន់កាប់ដីជាង ៤ពាន់ហិកតារ ដាំកៅស៊ូ នៅខេត្តមណ្ឌលគិរី ថិរវេលា ៥០ឆ្នាំ។
៣២. ក្រុមហ៊ុន ភូរៀង ក្រចេះ អភិវឌ្ឍន៍ កៅស៊ូ នាយកឈ្មោះ ង្វៀង ហុង ភូ កាន់កាប់ដីជាង ៦ពាន់ហិក តារ ដាំកៅស៊ូ នៅខេត្ត ក្រចេះ ថិរវេលា ៥០ឆ្នាំ។
៣៣. ក្រុមហ៊ុន មេហ្គាស្តារ ប្រូឌ្យូល & អ៊ីមផត អ៊ិចផត (Mega Star Produce & Import, Export) នាយកឈ្មោះឡៃ ភូជៀន កាន់កាប់ដី ៨ពាន់ហិកតារ ដាំកៅស៊ូ នៅខេត្តក្រចេះ ថិរវេលា ៧០ឆ្នាំ។
៣៤. ក្រុមហ៊ុន ហ៊ងអាញ លំផាត់ នាយកឈ្មោះ ង្វៀង វ៉ាន់ធូ កាន់កាប់ដីជាង ៩ពាន់ហិកតារ ដាំកៅស៊ូនៅខេត្តរតនគិរី គ្មានថិរវេលាកំណត់។
៣៥. ក្រុមហ៊ុន តៃ និញ សៀមរាប អភិវឌ្ឍន៍កៅស៊ូ គ្មានអ្នកគ្រប់គ្រង កាន់កាប់ដីជិត ៨ពាន់ហិកតារ ដាំកៅស៊ូ នៅខេត្តឧត្តរមានជ័យ គ្មានថិរវេលាកំណត់។
៣៦. ក្រុមហ៊ុន អ៊ីសធើន រ៉ាប់ប៊ើរ ខេមបូឌា (Eastern Rubber Cambodia) នាយកឈ្មោះ ហ្វ័ង ធីគួង កាន់កាប់ដី ១ម៉ឺនហិកតារ ដាំកៅស៊ូ នៅខេត្តក្រចេះ គ្មានថិរវេលាកំណត់។
ការឯកសារប្រមូលបាន ផ្ទៃដីសរុបដែលក្រុមហ៊ុនយួនទទួលបានសិទ្ធិកាន់កាប់ ធ្វើអាជីវកម្ម ក្រោមរបៀបចែកចាយដីសម្បទានសេដ្ឋកិច្ច បើពុំមានការក្លែងបន្លំ មានជិត ២សែន ៣ម៉ឺនហិកតារ (២២៦,៧២២ ha)កគឺស្មើនឹងជិត ២ពាន់ ៣រយ គីឡូម៉ែត្រការ៉េ (2,267.22skm) ឬជិតស្មើនឹងផ្ទៃដីនៃខេត្តស្វាយរៀងទាំងមូល។ ទោះជាយ៉ាងនេះក្តី លោក ស ខេង ជាឧបនាយករដ្ឋមន្រ្តី និង រដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ ថ្លែងនៅពាក់កណ្តាលសប្តាហ៍នេះ ដោយអំពាវនាវ កុំឲ្យប្រ ជាពលរដ្ឋខ្មែររស់នៅតាមតំបន់ព្រំដែន ជួលដីឲ្យទៅជនជាតិប្រទេសជិតខាង ជាពិសេសពលរដ្ឋយៀកណាម ដើម្បីកុំឲ្យមានជម្លោះទៅថ្ងៃអនាគត។ សំណួរថា តើប្រជារាស្រ្តខ្មែររស់នៅតាមតំបន់ជាយដែនត្រង់ចំណុចណា ដែលមានដីធ្លីទូលំទូលាយរហូតដល់អាចជួលឲ្យជនជាតិយួន ឬ ជនជាតិថៃនោះ? តាមពិតដីភាគច្រើនជាដីរដ្ឋាភិបាលជួល ឬឲ្យដាច់ទៅក្រុមហ៊ុនយួន ហៅថា ដីសម្បទាន៕