ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឱ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិតរាប់ចាប់ពីបឋមសិក្សា មធ្យមសិក្សាទុតិយភូមិ និងគ្រឹះស្ថានឧត្តមសិក្សា គ្រប់ប្រភេទទាំងសាធារណៈ និងឯកជន ទៅទូទាំងប្រទេស ចាប់អនុវត្តវិស្សមកាលតូច មុនពេលកំណត់។
សេចក្តីណែនាំរបស់ក្រសួងអប់រំ នៅថ្ងៃច័ន្ទនេះ បញ្ជាក់ថា ការសម្រេចនេះនឹងចាប់អនុវត្តន៍ពីថ្ងៃទី១៦ ខែមីនា តទៅ រហូតដល់មានការជូនដំណឹងជាថ្មី បន្ទាប់ពីរកឃើញជាបន្តបន្ទាប់នៃជំងឺcovid-19 លើជនជាតិខ្មែរ និងជនបរទេសដែលធ្វើដំណើរចូលកម្ពុជាជាបន្តបន្ទាប់។
លើសពីនេះ ការសម្រេចនេះជាវិធានការបង្ការ និងទប់ស្កាត់វិបត្តិជំងឺរលាកផ្លូវដង្ហើមនេះ ។
ក្នុងសេចក្តីណែនាំដដែលនោះក៏បានបញ្ជាក់ឱ្យគ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជនទាំងអស់ប្រមូលព័ត៌មាននូវរាល់ការធ្វើដំណើររបស់គរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំដែលទៅកាន់ប្រទេសដែលមានផ្ទុះជំងឺ covid-19 មុនថ្ងៃទី១៦ ខែមីនា។
ក្រសួងបន្តថា ប្រសិនបើរកឃើញថា សិស្ស និស្សិតដែលមានប្រវត្តិទៅប្រទេសនេះ មានរោគសញ្ញាដូចជំងឺ covid-19 ត្រូវទំនាក់ទំនងទៅកាន់ក្រសួងសុខាភិបាល ដើម្បីពិគ្រោះ និងផ្ដល់យោបល់ និងរាយការណ៍មកក្រសួងអប់រំផ្ទាល់។
ជាងនេះទៀត ក្រសួងអប់រំ សូមលើកទឹកចិត្តដល់មាតាបិតា អ្នកអាណាព្យាបាលសិស្ស ត្រូវជំរុញឱ្យកូនចៅធ្វើស្វ័យសិក្សានៅតាមផ្ទះ និងត្រូវមើលថែកូនចៅ និងចៀសវាងទៅកន្លែងមួយចំនួន ដែលប្រឈមនឹងការឆ្លងជំងឺកូរ៉ូណាខ្ពស់ដូចជា កន្លែងហែលទឹកសាធារណៈ កន្លែងហាត់ប្រាណ សួនកុមារនិងកន្លែងផ្សេងទៀត។
ការសម្រេចឱ្យសាលារៀនទូទាំងប្រទេសឈប់សម្រាកនេះ គឺបន្ទាប់ពីកម្ពុជារកឃើញករណីផ្ទុកជំងឺ covid-19 លើជនជាតិខ្មែរ និងបរទេសចំនួន១២ ករណីឬ១២នាក់ ដោយមានជនជាតិខ្មែរ និងខ្មែរឥស្លាមចំនួន៤នាក់ និងជនបរទេសចំនួន៨នាក់ គិតត្រឹមយប់ថ្ងៃម្សិលមិញ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានអះអាងថា ក្នុងចំណោមទាំង១២ ករណី មាន១១ករណីនាំចូលពីប្រទេសក្រៅ និង១ករណីប៉ះផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន ដោយពួកគាត់ខ្លះមានសញ្ញាតិចតួចនិងបុគ្គលផ្សេងទៀតគ្រាន់តែផ្ទុកមេរោគ COVID19 គ្មានរោគសញ្ញាគួរឱ្យកត់សំគាល់ និងមានសុខភាល្អនៅឡើយ ។
យ៉ាងនេះក្តីក្រសួង បញ្ជាក់ថា កម្ពុជានៅមិនទាន់រកឃើញភស្តុតាងបញ្ជាក់ថាមានការចំលងជំងឺកូរ៉ូណា នៅក្នុងសហគមន៍នៅឡើយទេ៕