តុលាការខេត្តក្រចេះនៅថ្ងៃរសៀលថ្ងៃច័ន្ទនេះបានសម្រេចដោះលែងសកម្មជនព្រៃឈើលោក អ៊ុច ឡេង និងបុរសបីនាក់ទៀតឲ្យមានសេរីភាពឡើងវិញក្រោយពីបានឃាត់ខ្លួនអស់រយៈពេលបីថ្ងៃកន្លងមកនេះ។
យ៉ាងនេះក្តី តុលាការតម្រូវឱ្យពួកគេទាំង៤រូប ធ្វើលិខិតដាក់លក្ខខណ្ឌតុលាការមួយចំនួន។ ដោយឡែក លោក អ៊ួច ឡេង ក៏បានធ្វើលិខិតតាមសំណើរតុលាការ ដែលទាមទារឱ្យ លោកផ្អាកសកម្មភាពការងាររបស់ខ្លួនបណ្តោះអាសន្ន និងឱ្យទៅបំពេញបែបបទជូនដំណឹងទៅក្រសួងមហាផ្ទៃ ដើម្បីសុំដំណើរការអង្គការរបស់លោកស្របតាមច្បាប់ ទោះបីជាលោកបញ្ជាក់ថាអង្គការរបស់លោកបង្កើតឡើង និងដំណើរការដោយស្របច្បាប់ក្តី។
កាលពីព្រឹកថ្ងៃទី១៣ ខែមីនា សមត្ថកិច្ចខេត្តក្រចេះបានបញ្ជូនខ្លួនលោក អ៊ូច ឡេង ម្ចាស់ជ័យលាភីពានរង្វាន់លំដាប់អន្តរជាតិ Goldman Environmental Prize រួមនិងបុរសបីរូបទៀតមានឈ្មោះ សុខឃី ស្រីថី និង មេន ម៉ាត ទៅកាន់អធិការដ្ឋាន ស្រុកសំបូ ក្រោយពីពួកគេត្រូវបានក្រុមសន្តិសុខក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច Think Biotech ធ្វើការឃាត់ខ្លួននៅពេលលោកចុះឃ្លាំមើលអំពីលទ្ធភាពរបស់ក្រុមហ៊ុននេះ ដែលអាចជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញឈើប្រណិតរបស់ខ្មែរក្នុងតំបន់ព្រៃឡង់ ហើយមានការប៉ះទង្គិចជាមួយកងសន្តិសុខរបស់ក្រុមហ៊ុន ស៊ីងបាយ អូថេក (Think Biotech) ២នាក់ ដែលមានទីតាំងនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ។
មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណ បានប្រាប់សាព័ត៌មាន The Cambodia Daily តាមទូរស័ព្ទថា លោកសាទរចំពោះចំណាត់ការរបស់តុលាការខេត្តក្រចេះដែលបានដោះលែងសកម្មជនការពារព្រៃឈើទាំងបួននាក់នេះឲ្យមានសេរីភាពឡើងវិញ។
លោកបន្តនេះជាករណីកម្ររដែលលោកមិនសូវដែលឃើញកើតមាននៅក្នុងប្រព័ន្ធយុត្តិធម៌របស់ខ្មែរនោះឡើយ ហើយថាប្រសិនបើករណីនេះកើតមាននៅតាមតុលាការខេត្តផ្សេងវិញ ម្លេះអ្នកទាំងបួននោះអាចប្រឈមទៅនឹងការចោទប្រកាន់របស់តុលាការជាមិនខាន ទោះបីជាតុលាការគ្មានភស្តុតាង និងគ្មានហេតុផលនៃការចោទប្រកាន់ក៏ ដោយ។
សហគមន៍ព្រៃឡង់ធ្លាប់អះអាងថា ក្រុមហ៊ុន ស៊ីងបាយ អូថេក (Think Biotech) បានកាប់ឈើតំបន់ក្រៅដីសម្បទានរបស់ខ្លួនក្នុងតំបន់ព្រៃឡង់ ពិសេសបំផ្លាញដើមច្បោះជ័ររបស់ពលរដ្ឋរាប់រយដើម ដឹកចូលមកក្នុងទឹកដីក្រុមហ៊ុន ដោយមានក្រុមហ៊ុនកែច្នៃឈើមួយឈ្មោះ អង្គរផ្លាយហ្វូត ជាអ្នកទទួលសិទ្ធិកែច្នៃឈើបន្ត។
កាលពីម្សិលមិញ អង្គការសង្គមស៊ីវិលចំនួន៦ បានធ្វើសេចក្តីថ្លែងការណ៍រួមមួយ ទាក់ទងនឹងសំណុំរឿងចាប់ខ្លួន សកម្មជនការពារព្រៃឈើទាំង៤រូបនេះ ដោយពួកគេបានអំពាវនាវទៅសមត្ថកិច្ចខេត្តក្រចេះ រក្សាសុវត្ថិភាព និងដោះលែងអ្នកទាំង៤នាក់ ដោយគ្មានលក្ខខណ្ឌ។ លើសពីនេះ ពួកគេបានស្នើឱ្យធ្វើការស៊ើបអង្កេត ចំពោះភាពមិនប្រក្រតីនៃការឃាត់ខ្លួនសកម្មជនការពារបរិស្ថានទាំង៤នាក់នោះទៀតផង។
សកម្មជនបរិស្ថានផ្សេងទៀត ដែលតាមដានដំណើការសាកសួរនេះ ក្រៅពីបង្ហាញភាពមិនពេញចិត្តចំពោះការចាប់ខ្លួនសកម្មជនបរិស្ថានទាំង៤នាក់ ពួកគេក៏បានលើកឡើងថាជារឿងអយុត្តិធម៌បំផុត ព្រោះអ្នកបំផ្លាញព្រៃឈើខ្មែរមិនត្រូវបានចាប់ខ្លួន ប៉ុន្តែអាជ្ញាធរបែរជាមកចាប់ខ្លួនអ្នកការពារព្រៃឈើទៅវិញ៕